ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ជ្រូក​ស្ទាក់ស្ទើរ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចុប្បន្ន​តម្លៃ​ជ្រូក​លើ​ទីផ្សារ​បាន​ហក់​ឡើង​វិញ​ក៏​ដោយ ក៏​កសិករ និង​ម្ចាស់​កសិដ្ឋាន​ធំ​ៗ​មួយ​ចំនួន នៅ​ស្ទាក់ស្ទើរ​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ពង្រីក​ការ​ចិញ្ចឹម​ឲ្យ​ច្រើន​ដូច​មុន​ឡើយ ដោយសារ​តែ​បទ​ពិសោធន៍​ជូរ​ចត់​នាំ​ឲ្យ​រាងចាល់​កាលពី​ពីរ​ឆ្នាំ​មុន​នេះ ហើយ​ម្យ៉ាងទៀត ក៏​មិន​ទាន់​ទុកចិត្ត​ពី​ការ​ហូរ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​ដែរ ថ្វីបើ​បច្ចុប្បន្ន​នេះ​ការ​នាំ​ចូល​ត្រូវ​បាន​កាត់​បន្ថយ​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចុប្បន្ន​តម្លៃ​ជ្រូក​លើ​ទីផ្សារ​បាន​ហក់​ឡើង​វិញ​ក៏​ដោយ ក៏​កសិករ និង​ម្ចាស់​កសិដ្ឋាន​ធំ​ៗ​មួយ​ចំនួន នៅ​ស្ទាក់ស្ទើរ​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ពង្រីក​ការ​ចិញ្ចឹម​ឲ្យ​ច្រើន​ដូច​មុន​ឡើយ ដោយសារ​តែ​បទ​ពិសោធន៍​ជូរ​ចត់​នាំ​ឲ្យ​រាងចាល់​កាលពី​ពីរ​ឆ្នាំ​មុន​នេះ ហើយ​ម្យ៉ាងទៀត ក៏​មិន​ទាន់​ទុកចិត្ត​ពី​ការ​ហូរ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​ដែរ ថ្វីបើ​បច្ចុប្បន្ន​នេះ​ការ​នាំ​ចូល​ត្រូវ​បាន​កាត់​បន្ថយ​ក៏​ដោយ ។

លោក នាង ច​ន្ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំ​មួយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៨ មក​រា ម្សិលមិញ​ថា បើ​ទោះបី​តម្លៃ​ជ្រូក​ពេល​នេះ​បាន​ឡើង​ដល់​កម្រិត​មួយ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ក៏​ដោយ ក៏​លោក​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ពង្រីក​ការ​ចិញ្ចឹម​ឲ្យ​បាន​ច្រើន​ដូច​កាលពី​ពីរ​ឆ្នាំ​មុន​នោះ​ដែរ ព្រោះ​ការ​ពង្រីក​ត្រូវការ​ទុន​ច្រើន​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​លោក​បាន​បាក់ស្បាត​ម្ដង​រួច​មក​ហើយ នៅ​ពេល​តម្លៃ​ជ្រូក​បាន​ដាំ​ក្បាល​ចុះ​ជាប់​គ្នា​២​ឆ្នាំ ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​បង្ខំចិត្ត​លក់​ជ្រូក​ក្នុង​តម្លៃ​មួយ​ទាប មិន​អាច​សូ​ម្បី​តែ​រក​ថ្លៃដើម​វិញ​បាន ព្រោះ​បើ​នៅ​តែ​ទុក ជ្រូក​នឹង​ស៊ី​ចំណី​កាន់តែ​ច្រើន ហើយ​វា​មិន​ឡើង​គីឡូ​ទៀត ។

លោក​បន្ត​ថា ពេល​នេះ​ឈ្មួញ​មិន​បាន​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​មែន ដោយសារ​តែ​ជ្រូក​នៅ​វៀតណាម​ឡើងថ្លៃ ដូច្នេះ​ឈ្មួញ​ក៏​បាន​បង្វែរ​មក​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ ហើយ​វៀតណាម​ក៏​បាន​នាំ​ចូល​ពី​ថៃ​ដែរ និង​បាន​ដឹក​ពី​ថៃ​មក​កាន់​កម្ពុជា​រួច​បន្ត​ទៅ​កាន់​ប្រទេស​វៀតណាម​ទៀត​ផង ។ លោក​ថា ៖« កត្តា​ទាំងនេះ​ហើយ ដែល​ខ្ញុំ​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ខ្ចី​លុយ​ពី​ធនាគារ​មក​ពង្រីក​ការ​ចិញ្ចឹម​បន្ថែម ព្រោះ​ការ​ពង្រីក​ឲ្យ​ដូច​មុន​ត្រូវការ​ទុន​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ទើបបាន ព្រោះ​កាលនោះ ខ្ញុំ​បាន​ខាតបង់​ច្រើន​ណាស់ ហើយ​ចង់​រាល​ចាល​ថែម​ទៀត​ផង តែ​ដោយសារ​តែ​អាជីវកម្ម​នេះ វា​បាន​ជួយ​ខ្ញុំ​និង​គ្រួសារ​យូរ​មក​ហើយ​នោះ ទើប​ខ្ញុំ​មិន​បោះបង់​វា​ចោល ហើយ​ចេះ​តែ​ទ្រាំ​ចិញ្ចឹម​ទាំង​ខាត​កាលពី​ពីរ​ឆ្នាំ​មុន​ណោះ » ។

លោក​បន្ថែម​ថា អ្វី​ដែល​ខ្លាច​បំផុត និង​ធ្វើ​ឲ្យ​លោក​មិន​ហ៊ាន​បោះទុន​ពង្រីក​បន្ថែម​នោះ ដោយសារ​តែ​ជំងឺ​ម្យ៉ាង​ដែល​គេ​ហៅ​ថា ប៉េ​ស​អាហ្វ្រិក កំពុង​ផ្ទុះ​នៅ​ប្រទេស​ចិន ហើយ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ ជំងឺ​នេះ​វា​កាច​សាហា​ណាស់ និង​មិន​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា​នោះ​ទេ អីចឹង​ហើយ​ខ្លាច​ក្រែងតែ​ឈ្មួញ​នាំ​ចូល ដឹក​តាម​រថយន្ដ​ចេញចូល នាំ​ឲ្យ​ឆ្លង​ដល់​ជ្រូក​ដែល​ចិញ្ចឹម​ក្នុងស្រុក ។ មួយវិញទៀត បើ​សម្លឹង​មើល​អាជ្ញាប័ណ្ណ​នាំ​ចូល​ពី​ឈ្មួញ​ក្នុងស្រុក​វិញ គឺ​មាន​ភាព​ទូលំទូលាយ​ណាស់ ពួក​គេ​អាច​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ណា​ក៏​បាន​ដែរ​ដូច​ជា​ពី​ចិន ពី​ថៃ​និង​វៀតណាម ជាដើម ដូច្នេះ​បើសិនជា​ប្រទេស​ណា​មាន​តម្លៃ​ទាប​នោះ ឈ្មួញ​នឹង​ទៅ​នាំ​ចូល​មក​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ដែល​ជា​កត្តា​ប្រឈម​សម្រាប់​ជ្រូក​ក្នុងស្រុក ។

បើ​តាម​លោក ស៊ុន ឡាយ អ្នក​ផ្គត់ផ្គង់​កូនជ្រូក​ពូជ​នៅ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ​តម្លៃ​កូនជ្រូក​សម្រាប់​ចិញ្ចឹម​យក​សាច់​ឡើង​ខ្ពស់​វិញ​ហើយ ។ កាលពីមុន​មួយ​ក្បាល​តែ​៥​ម៉ឺន​រៀល រកតែ​អ្នកទិញ​មិន​បាន តែ​ពេល​នេះ​មួយ​ក្បាល​វា​មាន​តម្លៃ​រហូត​ដល់ ជាង​៤០​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​មាន​អ្នក​ផ្គត់ផ្គង់​តិចតួច​ប៉ុណ្ណោះ ព្រោះតែ​មិន​ទាន់ចិត្ត​លើ​ទីផ្សារ​នៅឡើយ ។ លោក​ថា ៖« បើសិនជា​តម្លៃ​ជ្រូក​ក្នុងស្រុក​ក្នុង​រង្វង់​ប្រហាក់ប្រហែល​នឹង​បច្ចុប្បន្ន​នេះ មាន​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ទៀត នោះ​ការ​ចិញ្ចឹម ការ​ផ្គត់ផ្គង់​ជ្រូក​សាច់​ទៅ​កាន់​កសិករ និង​ម្ចាស់​កសិដ្ឋាន នឹង​កើនឡើង​វិញ ព្រោះ​កសិករ និង​ម្ចាស់​កសិដ្ឋាន ខ្លាច​តែ​មាន​វិបត្តិ​តម្លៃ​ដូច​កាលពី​ពីរ​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​ជ្រូក​ត្រូវ​ចាល់​ក្នុង​ទ្រុង​ដោយ​គ្មាន​អ្នក​មក​ចាប់ » ។

លោក​បន្ត​ថា តម្លៃ​ជ្រូក​ពេល​នេះ​លក់​បាន​ក្នុង​មួយ​គីឡូ​ប្រមាណ​៩.០០០​រៀល ហើយ​បើ​វា​រក្សា​តម្លៃ​បាន​យូរ វា​ពិតជា​ល្អ​ណាស់ និង​ជំរុញ​ឲ្យ​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​សម្រាប់​បំពេញ​ទីផ្សារ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ទទួល​បាន​សាច់​ជ្រូក​ផលិត​ក្នុងស្រុក​សម្រាប់ បរិភោគ​ទៀត​ផង ។
ដោយឡែក​ខាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​វិញ បាន​អះអាង​ថា ពេល​នេះ​ជ្រូក​ស្ទើរតែ​លែង​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ហើយ ព្រោះ​ជ្រូក​វៀតណាម​កំពុង​ឡើងថ្លៃ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ក្នុងស្រុក​ងាក​ទៅ​រក​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​វិញ ។

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម បាន​លើក​ឡើង​ផង​ដែរ​ថា ៖« បើសិនជា​តម្លៃ​ជ្រូក​ក្នុងស្រុក​នៅ​តែ​រក្សា​បាន​ដូច​សព្វ​ថ្ងៃនេះ រយៈពេល​ប្រមាណ​៥​ឆ្នាំ​ទៀត យើង​នឹង​មាន​ជ្រូក​ក្នុងស្រុក​សុទ្ធ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ក៏​ប៉ុន្តែ​ខ្លាច​តែ​ប្រទេស​ជិតខាង គេ​ចិញ្ចឹម​លើស​តម្រូវការ ធ្វើ​ឲ្យ​ហៀរ​មក​ដល់​ស្រុក​យើង​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ