ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មានយុវជនម្នាក់ដែលគេស្គាល់ថាជាកូនអ្នកមានលុយប្រចាំខេត្តប៉ៃលិន បានបើករថយន្តពាក់ស្លាកលេខ ថៃ បើកបរបត់ឆ្វេងមិនប្រើភ្លើងស៊ីញ៉ូឆ្វេងលុះកៀរបុរសជិះម៉ូតូម្នាក់ ស្រាប់តែចុះពីរថយន្តបម្រុងវាយតប់ និងឱ្យជនរងគ្រោះសុំទោសថែមទៀតផង ពិតជាមានអំណាចមែន ។
បើតាមប្រភពព័ត៌មានពីអ្នកជិះម៉ូតូរងគ្រោះ ឈ្មោះ ធូ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូស្របទិសគ្នាជាមួយរថយន្តពាក់ស្លាក់លេខ ថៃ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន អ្នកបើកបររថយន្តបានបត់ឆ្វេង ដោយមិនស៊ីញ៉ូភ្លើងចរាចរណ៍ ហើយក៏កៀរម៉ូតូ បណ្តាលឲ្យដួលតែម្តង ។
អ្នកបើកបរម៉ូតូបន្តថា ដោយមានការភិតភ័យ ព្រោះគាត់ខ្ចីម៉ូតូថៅកែជិះ គាត់ក៏លើកម៉ូតូជិះបន្ត ពេលនោះស្រាប់តែអ្នកបើកបររថយន្តបើករថយន្តដេញតាមកៀរពីក្រោយគាត់បន្តទៀត បណ្តាលឲ្យដួលរងរបួសស្រាលទេ ។ បន្ទាប់ពីបុកហើយ អ្នកបើកបររថយន្តពាក់ស្លាកលេខថៃក៏ចុះមកនិយាយតែភាសាថៃ មិនដឹងជានិយាយអ្វីនោះទ ដោយគាត់មិនចេះស្តាប់ រួចក៍បើករថយន្តចេញទៅបាត់តែម្តង ។
ចំណែកប្រជាពលរដ្ឋ ដែលឃើញហេតុការលើកឡើងថា បុរសដែលបើកបររថយន្តពាក់ស្លាកលេខ ថៃនោះ ឈ្មោះ ណាក់ នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន នរណាក៍ស្គាល់ដែរ មិនថាប្រជាពលរដ្ឋ ឬមន្ត្រីរាជការក្នុងខេត្ត ហើយបុរសឈ្មោះណាក់នេះ ក៏ធ្លាប់បើករថយន្តក្រឡាប់ជាច្រើនដងមកហើយដែរ តែមិនអី (សំដីប្រជាពលរដ្ឋ) ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យើងមិនទាន់ទទួលព័ត៌មានឆ្លើយតបយ៉ាងណានោះ ពីភាគីម្ចាស់រថយន្តពាក់ស្លាកលេខថៃនៅឡើយទេ សូមរង់ចំបន្តទៀត ។ ជាមួយគ្នានេះដែរ មហាជន និងប្រជាពលរដ្ឋ រង់ចាំមើលថា តើអភិបាលខេត្តប៉ៃលិន និងស្នងការនគរបាលខេត្តប៉ៃលិន ហ៊ានចាត់វិធានការចំពោះបុរសឈ្មោះ ណាក់ ដែលបើករថយន្តពាក់ស្លាកលេខថៃនេះដែរឬទេ? ព្រោះកន្លងមក នៅពេលដែលបុគ្គលរូបនេះបើករថយន្តតាមផ្លូវម្តងៗ គឺប្រជាពលរដ្ឋព្រលឹងចុងសក់ផងដែរ ៕
ចែករំលែកព័តមាននេះ