ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងប់​ភ្លើងឆេះ​… ៩០%​ជា​ចិន​ដែល​ជាប់​គាំង​ក្នុង​អគារ​កាស៊ីណូ​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជណ្តើរយន្ត​នៃ​អគារ​កាស៊ីណូ​ហ្គោ​ដិ​ន​ក្រោ​ន ដែល​មាន​កម្ពស់​១៨​ជាន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ឆេះ​ផ្អើល​ក្រុង​ប៉ោយ​ប៉ែ​ត ជាប់​ព្រំដែន​ថៃ នៅ​ម៉ោង​៩…

ខេត្តបន្ទាយមានជ័យ ៖ ជណ្តើរយន្ត​នៃ​អគារ​កាស៊ីណូ​ហ្គោ​ដិ​ន​ក្រោ​ន ដែល​មាន​កម្ពស់​១៨​ជាន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ឆេះ​ផ្អើល​ក្រុង​ប៉ោយ​ប៉ែ​ត ជាប់​ព្រំដែន​ថៃ នៅ​ម៉ោង​៩ ​និង​៣០​នាទី​និង​ពន្លត់​ស្ងប់​ទៅ​វិញនៅ​ម៉ោង​១២អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ មក​រា ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​ផ្នែក​មួយ​នៃ​អគារ​នេះ ។

គេ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ខ្មួលខ្មាញ់​ ជះ​ចេញ​មក​ក្រៅ មាន​កម្ពស់​ផុត​ដំបូល តាំងពី​ជាន់​ទី​៤​ឡើង​ទៅ​លើ ខណៈ​អ្នក​ជាប់​គាំង​តាម​បន្ទប់​នីមួយ​ៗ បាន​ស្រែក​កងរំពង និង​ខ្លះ​ព្យាយាម​ប្រើប្រាស់​ពិល​បំភ្លឺ​តាម​ទូរស័ព្ទ​បញ្ចាំង​តាម​បង្អួច ជា​សញ្ញា​ឱ្យ​មានការ​សង្គ្រោះ​ពួក​គេ​ជា​បន្ទាន់ ព្រោះ​មិន​អាច​ចុះ​បាន ។ ប្រហែល​ជិត​២​ម៉ោង​ក្រោយមក ​ការ​ឆេះ​សន្ធោសន្ធៅ​នោះ​ស្ងប់​ទៅ​វិញ ដោយសារ​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​កាស៊ីណូ សំរុក​​ឡើង​ទៅ​ទីតាំង​កើតហេតុ ជួយ​បាញ់​ពន្លត់​ដោយ​បំពង់​ឧស្ម័ន បើ​ពុំ​ដូច្នេះ​ទេ កាស៊ីណូ​ដ៏​ធំ​មួយ​នេះ​អាច​ក្លាយជា​ផេះ​ផង់​បាត់​ទៅ​ហើយ និង​បង្ក​ឱ្យ​មាន​សោកនាដកម្ម​ស្មាន​មិន​ដល់​ផង​ដែរ ។

សមត្ថកិច្ច​ចម្រុះ​មក​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ មាន​ទាំង​នគរបាល​ព្រំដែនគោល​៩១១-៨៩១ ដឹកនាំ​ដោយ​លោក សួន បវរ អភិបាលខេត្ត​អម​ដោយ​លោក​ឧត្ត​សេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​និង​រក្សា​សណ្តាប់ធ្នាប់ ។

ប្រភព​ថា ពេល​កើតហេតុ អ្នក​ស្នាក់​នៅ​តាម​បន្ទប់​នៃ​កាស៊ីណូ​នេះ ចាប់ពី​ជាន់​ទី​៤​ឡើង​ទៅ មិន​អាច​ចុះ​មក​ក្រោម​បាន​ទេ ព្រោះ​ជណ្តើរយន្ត​ដាច់​ភ្លើង​អស់ និង​តាម​ជណ្តើរ​ជើង​ក៏​មិន​អាច​ចុះ​បាន​ដែរ ដោយសារ​ផ្សែង​អួរ​អាប់​ងងឹត​រក​ផ្លូវ​ចុះ​មិនឃើញ ។ ការ​ត្រៀម​សង្គ្រោះ​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​មណ្ឌល​សុខភាព​តាម​សង្កាត់​នីមួយ​ៗ រួម​ទាំង​រថយន្ត​អង្គភាព​នគរបាល និង​អាវុធហត្ថ ក្នុង​នោះ​មាន​ទាំង​រថយន្ត​សង្គ្រោះ​របស់​ថៃ បាន​រង​ចាំ​ត្រៀបត្រា ដើម្បី​ជួយ​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ ។

ក្រោយ​អគ្គិភ័យ​ស្ងប់​ទៅ​វិញ អ្នក​ជាប់​គាំង​ក្នុង​អគារ​នេះ​ដែល​៩០% ជា​ជនជាតិ​ចិន​បាន​សំរុក​ចុះ​មក​ក្រោម ភាគច្រើន​សុទ្ធតែ​ដោះ​អាវ ​លើកលែងតែ​ស្ត្រី ។ ចំណែក​អ្នក​របួស​ក៏​មាន​ខ្លះ​ដែរ ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ឃើញ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ភ័យ​លោត​ពី​ជាន់​ទី​៤ របួស​បាក់ជើង ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​ស្លាប់ ឬ​យ៉ាងណា​នោះ​ទេ ។ ដោយសារ​តែ​ការ​កើត​មាន​អគ្គិភ័យ​នេះ ទើប​ដឹង​ថា​ វត្ត​មាន​ជនជាតិ​ចិន​ព្រោងព្រាត ពិតជា​ច្រើន​រហូត​អ្នកស្រុក​លាន់មាត់​ថា ចិន​អី​ក៏​ច្រើន​ម្ល៉េះ ? នេះ​មិនមែន​តែ​ចំណុច​កើតហេតុ​ទេ សូ​ម្បី​តាម​ដងផ្លូវ​ផ្សេង​ៗ ក្នុង​ទឹកដី​កាស៊ីណូ​ឆ្ពោះទៅ​កាស៊ីណូ​ផ្កាយ​៥ ឬ​ទៅ​ដើម​ស្រល់ ក៏​មាន​សុទ្ធតែ​ជនជាតិ​ចិន​ស្អេកស្កះ​ដែរ​ភ្ញាក់ផ្អើល​កកទឹកកកដី ។

ករណី​ឆេះ​អគារ​កាស៊ីណូ​ហ្គោ​ដិ​ន​ក្រោ​ន​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​បាន​ទេ ឯការ​ជួប​ជាមួយ​ក្រុម​សន្តិសុខ​នៅ​ទីនោះ ក៏​បាន​បដិសេធ​ថា មិន​ហ៊ាន​បំភ្លឺ​ដែរ គឺ​គេ​មិន​ហ៊ាន​និយាយ ។ ទោះជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មក​រា លោក សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា យោង​តាម​ការ​សាកសួរ ករណី​ឆេះ​អគារ​កាស៊ីណូ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត ហើយ​ឆេះ​តែ​ចំណុច​ជណ្តើរយន្ត ដែល​នៅ​ជាប់​ជញ្ជាំង​ខាងក្រៅ​ជ្រុង​ខាងត្បូង ឆៀង​ខាងកើត នៃ​អគារ​តែ​ប៉ុណ្ណោះ មិនមែន​ឆាបឆេះ​ខ្លួន​ឬ​តួ​អគារ​កាស៊ីណូ​នោះ​ទេ ។ លោក​អភិបាលក្រុង​បញ្ជាក់​ថា ករណី​ឆេះ​នេះ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ទេ មាន​ត្រឹមតែ​អ្នក​របួស​៥​ទៅ​៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ដោយសារ​ចំណុច​កើតហេតុ​ដាច់​ភ្លើង មេឃងងឹត ម្យ៉ាង​ទីតាំង​ជណ្តើរយន្ត​នៅ​ជ្រុង​ខាងក្រោយ​អគារ បាន​ធ្វើ​ឲ្យ​អ្នកស្រុក​យល់​ច្រឡំ​ថា ជា​កា​ឆេះ​អគារ​កាស៊ីណូ​ក៏​នាំ​គ្នា​ថត​បង្ហោះ​ព្រោងព្រាត​តាម​បណ្តាញ​សង្គម ។

ព័ត៌មាន​បន្ថែម​ចុង​ក្រោយ
ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​ជណ្តើរយន្ត​នេះ​ រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ សុទ្ធតែ​ជា​ជនជាតិ​ចិន
១-​ឈ្មោះ លៀវ ប៉ោ​ឆាយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​លោត​ពីលើ​អគារ​ជាន់​ទី​៣ គ្រិចជើង ។
២-​ឈ្មោះ ស៊ុន ឆឺ​ចិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ លោត​ពីលើ​អគារ​៥​ជាន់​បណ្តាល​ឱ្យ​គ្រិចជើង ។
៣-​ឈ្មោះ ជី​ង មីង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​អាកា​រៈ​ថប់ដង្ហើម ។
៤-​ឈ្មោះ ឈី​វ សឺ​សៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លោត​ពីលើ​អគារ​ជាន់​ទី​៤ បណ្តាល​ឱ្យ​បាក់​កជើង ។
៥-​ឈ្មោះ ស៊ី​ង ស៊ី​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លោត​ពីលើ​អគារ​ជាន់​ទី​៥ បណ្តាល​ឱ្យ​គ្រិច​កជើង ។

ជន​រង​គ្រោះ​ដែល​រង​របួស​បណ្តាល​ឱ្យ​បាក់​កជើង​ម្នាក់​និង​រង​របួស​គ្រិចជើង​៣​នាក់​គឺ​លោត​ពីលើ​អគារ​ជាន់​ទី​៣ និង​ជាន់​ទី​៤​និង​ទី​៥​ដោយសារ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ហើយ​នាំ​គ្នា​លោត​ពីលើ​អគារ​មក​ដី​តែ​ម្តង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​មាននៅ​គ្លីនិក​ឯកជន និង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោ​ដិ​ន​ក្រោ​ន ដែល​ពេល​នេះ​បាន​ដូរ​មក​ឈ្មោះ​ហ្គេ​នទី​ង​ផោ​វ័​រ​(Ganting​power) បាន​បញ្ជាក់​ថា មូលហេតុ​កើត​មាន​ភ្លើង​ឆេះ​ជណ្តើរយន្ត​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆេះ​ពី​ជាន់​ក្រោម​រហូត​ដល់​ជាន់​ទី​១៨​ហើយ​បណ្តាល​ខូចខាត​នៅ​ចំណុច​ជណ្តើរយន្ត ។ លោក​ប្រាប់​ថា ក្រោយ​ពេល​ជួសជុល​ឡើង​វិញ​អាច​ដំណើរ​ដូច​ដើម​វិញ​ក្នុង​ពេល​ឆាប់​ៗ ។

នៅ​ពេល​ដែល​ភ្លើង​ឆេះ​ជណ្តើរយន្ត​កាស៊ីណូ​នេះ​គេ​ឃើញ​មាន​វត្តមាន អភិបាលខេត្ត​លោក សួន បវរ និង​អភិបាលរង​ខេត្ត ព្រមទាំង​កងកម្លាំង មាន​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត​-​ស្រុក​ប្រមាណ​ជិត​២០០​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​-​ក្រុង​និង​ក្រុមហ៊ុន​ប្រមាណ​១០​គ្រឿង បាន​ជួយ​អន្តរាគមន៍​ពន្លត់​ដោយ​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​រថយន្ត​សង្គ្រោះ​ភាគី​ថៃ បាន​ចូល​មក​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ