ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្រាន់តែ​សូត្រ​សិក្ខាបទ​តែ​មិន​យល់​ន័យ​ក៏​ឥត​បានការ

5 ឆ្នាំ មុន

នៅ​ក្នុង​គ​ហិប្ប​ដិ​ប​ត្តិ​មាន​ពន្យល់​ពាក្យ​ថា សីល គឺជា​ច្បាប់​ផ្នែក​ព្រះពុទ្ធ​សាសនា​សម្រាប់​អប់រំ​កាយ វាចា ចិត្ត​ឱ្យ​ស្អាត ហាត់ពត់លត់ដំ កិរិយាមារយាទ​ឱ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​របៀបរៀបរយ មាន​សីលធម៌ មានគុណ​ធម៌…

នៅ​ក្នុង​គ​ហិប្ប​ដិ​ប​ត្តិ​មាន​ពន្យល់​ពាក្យ​ថា សីល គឺជា​ច្បាប់​ផ្នែក​ព្រះពុទ្ធ​សាសនា​សម្រាប់​អប់រំ​កាយ វាចា ចិត្ត​ឱ្យ​ស្អាត ហាត់ពត់លត់ដំ កិរិយាមារយាទ​ឱ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​របៀបរៀបរយ មាន​សីលធម៌ មានគុណ​ធម៌ មាន​សុជីវធម៌​ល្អ​ប្រសើរ និង​វៀរចាក​នូវ​អំពើអាក្រក់​ទាំងឡាយ ។

ពាក្យ​ថា​សីល​នេះ​ពុំ​មែន​ជា​ឧបករណ៍ ឬ​ជា​អំណោយ​សម្រាប់​ចែក សម្រាប់​ឲ្យ​គ្នា​បាន​ឡើយ ព្រោះ​ជា​តួ​កុសល​ចេតនា​។ ចំណែក​សមាទាន គឺជា​ការ​ខិតខំ​ប្រតិបត្តិ រក្សា​ចិត្ត ឲ្យ​បាន​ល្អ​ប្រពៃ ព្យាយាម​ប្រយុទ្ធ​ច្បាំង​យកជ័យ​លើ​ខ្មាំងសត្រូវ​គឺ​កិលេស ដែល​ពួន​សម្ងំ បន្លំ​ខ្លួន ធ្វើ​ឲ្យ​យើង​វង្វេង ស្រវឹង ញៀន​ញ៉ាម​នឹង​កាមគុណ​ទាំង​៥​មិន​ចេះ​នឿយណាយ ។

ការ​សមាទានសីល​គឺជា​ការ​រក្សាសីល សាង​សីល ពុំ​មែន​ជា​វត្ថុ​សម្រាប់​សុំ​ពី​គ្នា ឬ​ជា​ការ​ចែករំលែក​ឱ្យ​គ្នា តាម​មនោសញ្ចេតនា​បាន​ឡើយ ។ អ្នក​ឲ្យ​ទោះជា​មាន​សទ្ធា​ចង់​ឲ្យ ក៏​គ្មាន​វិធី​ណា​អាច​ឲ្យ​គ្នា​បាន​ឡើយ​។ ព្រះ​សម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​ប្រទាន​នូវ​ឱវាទ​ប្រៀនប្រដៅ​ប្រាប់​ពី​កិច្ច​ប្រតិបត្តិ ដើម្បី​ឲ្យ​កើតជា​សីល ឲ្យ​បាន​នូវ​សីល ឯ​អ្នក​ទទួល បើ​មិន​ប្រឹង​សាង​ដោយ​ខ្លួនឯង​ទេ ក៏​មិនដឹង​ជា​ទទួល​តាម​វិធី​ណា​បាន​ដែរ​។

ការ​គ្រាន់តែ​ចាំ ឬ​សូត្រ​ថា​តាម​នូវ​សិក្ខាបទ​ទាំងឡាយ ពុំ​មែនមាន​ន័យ​គ្រប់គ្រាន់​ថា​បាន​នូវ​សីល​បរិបូណ៌​នោះ​ឡើយ ។ បើ​មិន​យល់​ន័យ​ក្នុង​សិក្ខាបទ​ទាំងឡាយ ហើយ​ចេះ​តែ​សូត្រ​ថា​តាម​គេ​ទាំង​មិនដឹង មិន​យល់​ថា អ្វី​ជា​សីល​ផង​នោះ ហើយ​ខ្វះ​ការ​ប្រតិបត្តិ​ជាក់ស្តែង ក៏​ពុំ​មាន​ន័យ​អ្វី​ទាល់តែ​សោះ​សម្រាប់​ការ​ដុសលាង សម្អាត​ជីវិត​ឲ្យ​ចេញ​ចាក​ផុត​ពី​ភាព​អវិជ្ជា ដែល​ជា​ប្រភព​នៃ​អកុសលកម្ម​ទាំងឡាយ ។

ព្រោះហេតុនោះ​ហើយ​បានជា​សីល ពុំ​មែន​ជា​វត្ថុ​សម្រាប់​ចែក​នោះ​ទេ​។ សីល គឺជា​តួ​កុសល​ចេតនា​ក្នុង​ការ​ប្រព្រឹត្ត និង​រក្សា​នូវ​សិក្ខាបទ​ទាំងឡាយ ដើម្បី​ជម្រះ​នូវ​កិលេស​តណ្ហា ដែល​ប្រឡាក់​ដិតដាម​ក្នុង​សន្តាន​ចិត្ត​ឱ្យ​ស្អាត​ផូរផង់ ។