ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​មង្គលបុរី​កំពុង​អង្វរ​ក្រុមហ៊ុន​ជួយ​ទិញ​ស្រូវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ដែល​កំពុង​ប្រមូល​ផល​ស្រូវប្រាំង​លើក​ទី​ពីរ​នៅ​ស្រុក​មង្គលបុរី កំពុង​កើតទុក្ខ ខណៈ​ស្រូវ​របស់​ពួក​គាត់​កើតរោគ​ក្រា​ស៊ី ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មាន​ពណ៌​មិនល្អ ហើយ​ត្រូវ​ឈ្មួញ​ទម្លាក់​ថ្លៃ​ទៀត ។ ពេល​នេះ​កំពុង​សំណូមពរ​ឈ្មួញ និង​ក្រុមហ៊ុន​ជួយ​ទិញ​ក្នុង​តម្លៃ​សមរម្យ​ផង…

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ដែល​កំពុង​ប្រមូល​ផល​ស្រូវប្រាំង​លើក​ទី​ពីរ​នៅ​ស្រុក​មង្គលបុរី កំពុង​កើតទុក្ខ ខណៈ​ស្រូវ​របស់​ពួក​គាត់​កើតរោគ​ក្រា​ស៊ី ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មាន​ពណ៌​មិនល្អ ហើយ​ត្រូវ​ឈ្មួញ​ទម្លាក់​ថ្លៃ​ទៀត ។ ពេល​នេះ​កំពុង​សំណូមពរ​ឈ្មួញ និង​ក្រុមហ៊ុន​ជួយ​ទិញ​ក្នុង​តម្លៃ​សមរម្យ​ផង ។

ទោះបីជា​បែប​នេះ​ក្ដី តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ស្រូវ​អះអាង​ថា ការ​ទម្លាក់​ថ្លៃ​នេះ ដោយសារ​តែ​ស្រូវ​មិន​សុទ្ធ មាន​លាយ​ច្រើន ឬ​ហៅ​ថា​ស្រូវ​ចាប់ឆាយ ហើយ​បើ​ទិញ​ទៅ ក៏​ក្រុមហ៊ុន​មិនដឹង​លក់​នៅឯណា​ដែរ ។

កសិករ​ដែល​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប នៅ​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី បាន​រៀបរាប់​កាល​ថ្ងៃ​ទី​៥ ខែមករា កន្លង​មក​ថា ក្រោយ​ពេល​ប្រមូល​ផល​ហើយ​យក​មក​លក់​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ស្រូវ​សែន​ក្រអូប បែរជា​ក្រុមហ៊ុន​ឲ្យ​ថ្លៃ​ក្នុង​១​តោន​តែ​៧.១០០​បាត ឬ​ស្មើ​ប្រមាណ​ជាង​៧០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​និយាយ​ថា ជា​ប្រភេទ​ស្រូវ​ចាប់ឆាយ ហើយ​បើ​ស្រូវ​សែន​ក្រអូប​ល្អ គឺ​តម្លៃ​៧.៥០០​បាត​ប៉ុណ្ណោះ ក្នុង​១​តោន ។

ទន្ទឹម​នឹង​នេះ កសិករ​ជា​ច្រើន​បាន​ដឹក​គំរូ​ស្រូវ​មក​ឲ្យ​ក្រុមហ៊ុន​មើល ហើយ​តំណាង​ក្រុមហ៊ុន​និយាយ​ថា ៖« គាត់​មិន​ហ៊ាន​ទិញ​ទេ ព្រោះស្រូវ​លាយ​ច្រើន បើ​ទិញ​ក្រុមហ៊ុន​នឹង​ខាតបង់ »​។ ដោយ​លឺ​សម្ដី​បែប​នេះ ពួក​គាត់​ក៏​នាំ​គ្នា​ដឹកស្រូវ​ត្រឡប់​ទៅ​ផ្ទះ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ព្រោះស្រូវ​ផលិត​បាន​ហើយ គ្មាន​អ្នកទិញ ។
ពួក​គាត់​បញ្ជាក់​ថា ៖« ឆ្នាំ​នេះ​អ្នក​ឃុំ​រហាត់ទឹក ធ្វើស្រែ​ពិតជា​ជួប​ការ​លំបាក​ណាស់ ។ ពេល​ធ្វើ​ស្រូវ​លើក​ទី​១ ត្រូវ​ទឹក​ជន​លិច​អស់ ដោយ​សង្ឃឹម​លើក​ទី​២ ។ នៅ​ពេល​ធ្វើ​លើក​ទី​២ ស្រូវ​កើត​ជំងឺ​ក្រា​ស៊ី ហើយ​នៅ​ពេល​ទទួលផល​បាន​តិចតួច​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ បែរជា​គេ​ថា​មិន​ទិញ ព្រោះស្រូវ​លាយ​ច្រើន តើ​ឲ្យ​ប្រជា​កសិករ​ទៅ​លក់​ឲ្យ​អ្នក​ណា »​។

ពួក​គាត់​ក៏​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន សូម​ជួយ​ទិញ​ក្នុង​តម្លៃ​ណាមួយ​ឲ្យ​បាន​សមរម្យ​ផង កុំ​ឡើង​ចុះ​តាមតែ​មាត់ ងាប់​កសិករ​អស់ហើយ ។ ឆ្លើយ​តប​នឹង​បញ្ហា​លើក​ឡើង​នេះ តំណាង​ក្រុមហ៊ុន​ទិញ បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​លើក​ទី​២​នេះ ក្រុមហ៊ុន​ទទួល​ទិញ​ពី​កសិករ​តម្លៃ​៨.០០០​បាត ឬ​ស្មើនឹង​ប្រមាណ​៨០​ម៉ឺន​រៀល​ក្នុង​១​តោន ប៉ុន្ដែ​ស្រូវ​ដែល​កសិករ​ប្រមូល​ផល​លើក​ទី​២​នេះ មាន​លាយ​ច្រើន​ពេក ឬ​ហៅ​ថា​ជា​ប្រភេទ​ស្រូវ​ចាប់ឆាយ បើ​លាយ​តិចតួច គឺ​ទទួល​ទិញ​យក​ក្នុង​តម្លៃ​៧.១០០​បាត​ក្នុង​១​តោន តែបើ​លាយ​ច្រើន​ពេក ក្រុមហ៊ុន​មិន​ហ៊ាន​ទិញ​ទេ ព្រោះ​ក្រុមហ៊ុន​ក៏​មិនដឹង​យក​ទៅ​លក់​នៅឯណា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ