ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រប​ពេល​រដូវ​ប្រមូល​ផល​ដំឡូង​មី​មក​ដល់ គ្មាន​កម្មករ​ធ្វើការ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ដំឡូង​មី គេ​តែង​ឃើញ​ថា កម្មករ​ប្រុស​ស្រី​ក្មេង​ចាស់​ចូល​មក​បោះ​តង់​ស្នាក់​នៅ​ដើម្បី​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​ឱ្យ​ថៅកែ រួច​ហាល​ឲ្យ​ស្ងួត ទើប​លក់​ឱ្យ​ឈ្មួញ​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ។ ប៉ុន្ដែ​ជា​ការ​កត់សម្គាល់​នៅ​ចុងឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ដំឡូង​មី គេ​តែង​ឃើញ​ថា កម្មករ​ប្រុស​ស្រី​ក្មេង​ចាស់​ចូល​មក​បោះ​តង់​ស្នាក់​នៅ​ដើម្បី​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​ឱ្យ​ថៅកែ រួច​ហាល​ឲ្យ​ស្ងួត ទើប​លក់​ឱ្យ​ឈ្មួញ​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ។

ប៉ុន្ដែ​ជា​ការ​កត់សម្គាល់​នៅ​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ​វិញ កម្មករ​ដែល​ធ្លាប់តែ​មក​ពី​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប កំពង់ឆ្នាំង និង​ខេត្ត​ផ្សេង​ៗ​ទៀត អត់​ចូល​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដូច​មុន​នោះ​ទេ ។ បើ​តាម​ការ​អះអាង​របស់​កសិករ​បាន​ឲ្យ​ដឹង​ថា ដោយសារ​ឆ្នាំ​នេះ​អាកាសធាតុ​ត្រជាក់​ពេក ព្រមទាំង​មាន​សន្សើមចុះ​ខ្លាំង ធ្វើ​ឲ្យ​កម្មករ​ចាស់​ៗ និង​ក្មេង​ៗ​ទ្រាំ​មិន​បាន ។ ណាមួយ បើ​ទោះជា​តម្លៃ​ដំឡូង​មី​លើ​ទីផ្សារ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ក្ដី តែ​ថ្លៃ​ឈ្នួល​កាប់​ចិញ្ច្រាំ​នៅ​ដដែល ធ្វើ​ឲ្យ​ពួក​គេ​ងាក​ទៅ​រក​ការងារ​ផ្សេង​វិញ ព្រោះ​ទីផ្សារ​កម្លាំង​ពលកម្ម​ឥឡូវ​កំពុង​មាន​តម្រូវការ​ខ្ពស់ ពិសេស​កម្មករ​សំណង់ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កម្មករ​ដែល​មក​បោះ​តង់​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​លើក​ឡើង​ថា គាត់​តែងតែ​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឲ្យ​ថៅកែ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ​។ ជា​ការ​កត់សម្គាល់​ឆ្នាំ​នេះ ហាក់​ពុំ​សូវ​មាន​កម្មករ​ចូល​មក​ធ្វើការ​សោះ ។
លោក ជួន ប៉ុន កម្មករ​រូប​នេះ​បន្ដ​ថា លោក​បាន​ចូល​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​នាំ​ទាំង​ប្រពន្ធ​មក​ជាមួយ​ដែរ ។ លោក​បន្ដ​ថា ឆ្នាំ​នេះ ទោះបីជា​តម្លៃ​ដំឡូង​មី​លើ​ទីផ្សារ​ខ្ពស់​ជាង​ឆ្នាំ​មុន​ក្ដី តែ​តម្លៃ​ឈ្នួល​កាប់​ចិញ្ច្រាំ​នៅ​ដដែល គឺ​១​កញ្ឆេ តម្លៃ​១​ពាន់​រៀល ហើយ​ក្នុង​១​ថ្ងៃ លោក​និង​ភរិយា​អាច​កាប់​ចិញ្ច្រាំ​បាន​ពី​៤០​ទៅ​៥០​កញ្ឆេ​ដែរ ។

លោក ជួន ប៉ុន បញ្ជាក់​ថា ៖« ការ​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឆ្នាំ​នេះ តម្លៃ​មិន​ខុស​ពី​ឆ្នាំ​មុន​ទេ ដោយ​ថៅកែ​ឱ្យ​ត្រឹមតែ​១​កញ្ឆេ​តម្លៃ​១០០០​រៀល​ប៉ុណ្ណោះ ទោះបីជា​តម្លៃ​ទីផ្សារ​ដំឡូង​មី​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ក្ដី ដោយសារ​តែ​បែប​នេះ​ហើយ​បានជា​ពុំ​សូវ​មាន​កម្មករ​ចូល​មក​ធ្វើការ ហើយ​ណាមួយ​ពេល​នេះ​ជា​ខែ​ចុះ​ត្រជាក់​ខ្លាំង​ទៀត »​។ លោក​បន្ដ​ថា ៖« ការ​ធ្លាក់​ចុះ​នេះ ក៏​ដោយសារ​តែ​កម្លាំង​ការងារ​ក្នុង​វិស័យ​សំណង់​កំពុង​មាន​តម្រូវការ​ខ្ពស់ ហើយ​បើ​គិត​ពី​ប្រាក់​ឈ្នួល​វិញ ក៏​ខ្ពស់​ជាង​ការងារ​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ដែរ​។ ដូច្នេះ​ហើយ​បានជា​គេ​មិនសូវ​មក​រក​ការងារ​នៅ​ទី​នេះ »​។

ស្ត្រី​ដែល​កំពុង​កាប់​ចិញ្ច្រាំ​ដំឡូង​មី ឈ្មោះ ញ៉ែ​ម រ៉ាត់ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បោះ​តង់​ស្នាក់​នៅ​ដើម្បី​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ឆ្នាំ​នេះ មានការ​លំបាក​បន្តិច ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ពេក ហើយ​ក៏​មាន​ទឹកសន្សើម​ច្រើន សូ​ម្បី​តែ​ក្មេង​តូច​ៗ​ក៏​ពិបាក​ទ្រាំ​ដែរ ។ អ្នកស្រី​បន្ដ​ថា បច្ចុប្បន្ន​នេះ ដំឡូង​មី​ស្រស់​១​គីឡូក្រាម ម្ចាស់​ស្តង់​អាច​លក់​បាន​ជាង​២​បាត​ឬ​ជាង​២០០​រៀល រីឯ​ចំណិត​ដំឡូង​មី​ស្ងួត ថៅកែ​អាច​លក់​បាន​៥,៨ ទៅ​៥,៩​បាត ឬ​ជាង​៦០០​រៀល​ក្នុង​១​គី​ឡូង​ក្រាម ដែល​តម្លៃ​នេះ មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​ច្រើន តែ​ទោះបីជា​តម្លៃ​កើនឡើង​ក្ដី ក៏​ថ្លៃ​ឈ្នួល​កាប់​ចិញ្ច្រាំ​មិន​ឡើងថ្លៃ​ដែរ ដែល​នេះ​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​កម្មករ​ឯទៀត ងាក​ទៅ​រក​ការងារ​ផ្សេង​ធ្វើ ។

យ៉ាងនេះ​ក្ដី​អ្នកស្រី​ថា ៖« ពួក​យើង​នៅ​តែ​បន្ដ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បាន​ប្រាក់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​មិន​ចង់​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ឆ្ងាយ​ពី​ផ្ទះសម្បែង លំបាក​ចេញចូល ជា​ពិសេស ពេល​មាន​ជំងឺ​ម្តង​ៗ ក៏​លំបាក​រក​ពេទ្យ​មើល​ព្យាបាល​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ