ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រុង​ជើងការ​ទប់ស្កាត់​ជំងឺ​ជ្រូក​ដែល​កំពុង​ផ្ទុះ​នៅ​ប្រទេស​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​នៅ​ឯ​ប្រទេស​ចិន​កំពុង​ផ្ទុះ​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា ប៉េ​ស អាហ្វ្រិក លើ​សត្វ​ជ្រូក ដែល​ត្រូវ​បាន​អាជ្ញាធរ​ដុត​កម្ទេច​ចោល​រាប់​ម៉ឺន​ក្បាល​នោះ នៅ​បណ្ដា​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​ថៃ និង​វៀតណាម​ជាដើម​ក៏​កំពុង​មាន​ផែនការ​រឹត​បន្តឹង​ខ្លាំង​ផង​ដែរ​ពី​ការ​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ ខណៈ​នៅ​ឯ​ប្រទេស​ចិន​កំពុង​ផ្ទុះ​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា ប៉េ​ស អាហ្វ្រិក លើ​សត្វ​ជ្រូក ដែល​ត្រូវ​បាន​អាជ្ញាធរ​ដុត​កម្ទេច​ចោល​រាប់​ម៉ឺន​ក្បាល​នោះ នៅ​បណ្ដា​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​ថៃ និង​វៀតណាម​ជាដើម​ក៏​កំពុង​មាន​ផែនការ​រឹត​បន្តឹង​ខ្លាំង​ផង​ដែរ​ពី​ការ​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​ចិន ។

ចំណែក​កម្ពុជា​វិញ បើ​តាម​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែមករា​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក ដើម្បី​ទប់ស្កាត់​ការ​រីក​ដាល នៃ​ជំងឺ​លើ​សត្វ​ជ្រូក​នៅ​កម្ពុជា​ផង​ដែរ ។ ទោះបីជា​យ៉ាងណា ពុំ​ទាន់​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ ។

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​កាលពី​ថ្ងៃ​ទី​៧ មក​រា ថា សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នឹង​សហការ​ជាមួយ​ក្រសួងកសិកម្ម និង សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ជាតិ​មួយ ដើម្បី​ទប់ស្កាត់ ពី​ការ​ឆ្លង​ជំងឺ​នេះ​មក​កាន់​ជ្រូក​កម្ពុជា ខណៈ​ប្រទេស​ជិតខាង ដូច​ជា​ថៃ និង​វៀតណាម កំពុង​តែ​មាន​វិធានការ​លើ​ការ​ទប់ស្កាត់​បញ្ហា​នេះ​ដែរ ដូច​ជា​ការ​រឹត​បន្តឹង​ដល់​ការ​នាំ​ចូល​ពី​ប្រទេស​ចិន និង​ការ​នាំ​ចូល តែ​ផលិតផល​សម្រេច​ពី​សាច់​ជ្រូក​ជាដើម ។

លោក​បន្ត​ថា សិក្ខាសាលា និង​កិច្ចប្រជុំ​ដែល​នឹង​រៀបចំ​នៅ​ពេល​ខាង​មុខ​នេះ សមាគម នឹង​អញ្ជើញ​អ្នក​ចិញ្ចឹម​ជ្រូក ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ នៅ​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​នេះ មក​ជជែក​និង​រក​វិធីសាស្ត្រ ដើម្បី​ទប់ស្កាត់​ពី​ការ​ឆ្លង​ជំងឺ​ប៉េ​ស អាហ្វ្រិក​នេះ​មក​លើ​ជ្រូក​កម្ពុជា និង​ត្រូវ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ទាំងអស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ស្រប​ពេល​ទីផ្សារ​ជ្រូក​នៅ​កម្ពុជា កំពុង​មាន​ស្ថាន​ភាពល្អ​ប្រសើរ ។ លោក​មាន​ប្រសាសន៍​ថា ៖« បច្ចុប្បន្ន​នេះ​ស្ថានភាព​ទីផ្សារ​ជ្រូក យើង​ឃើញ​ថា​មាន​កំណើន​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​កសិករ​ក៏​ដូច​ជា​ក្រុមហ៊ុន​ធំ​ៗ​ក៏​បាន​និង​កំពុង​ពង្រីក​ការ​ចិញ្ចឹម​ឡើង​វិញ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​ហើយ​ក៏​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​បាន​មួយ​ចំណែក​ផង​ដែរ » ។

លោក​បន្ថែម​ថា ទីផ្សារ​ជ្រូក​ធ្លាក់​មួយ​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ វា​ក៏​បាន​ងើបឡើង​វិញ​បន្តិច​ម្ដង​ៗ ហើយ​រហូត​មក​ដល់​ពេល​នេះ ឃើញ​ថា ទីផ្សារ​ជ្រូក​ក្នុងស្រុក​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ល្អ​ប្រសើរ ហើយ​អ្នក​ចិញ្ចឹម​ជ្រូក​ក៏​កំពុង​សប្បាយចិត្ត​ក្នុង​ការ​ទទួលផល និង​ទទួលយក​តម្លៃនៅលើទីផ្សារ​បច្ចុប្បន្ន ។ ប៉ុន្តែ ដោយសារ​តែ​ការ​ពង្រីក​ការ​ចិញ្ចឹម​ច្រើន​នៅ​ក្នុងស្រុក បាន​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​ជ្រូក​ពូជ​សម្រាប់​ចិញ្ចឹម​ទៅ​វិញ ព្រោះ​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​កូនជ្រូក​ពូជ​នៅ​លើ​ទីផ្សារ មាន​តែ​ក្រុមហ៊ុន M’s Pig របស់​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី មួយ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​នេះ​ក៏​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដែរ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ពង្រីក​ការ​ផ្គត់ផ្គង់​កូនជ្រូក​ពូជ​បន្ថែម​ទៀត​សម្រាប់​កសិករ និង​ម្ចាស់​កសិដ្ឋាន​នានា​នៅ​ក្នុងស្រុក​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​សាច់​ផ្គត់ផ្គង់​លើ​ទីផ្សារ ។

លោក​បញ្ជាក់​ថា បើសិនជា​ស្ថានភាព​ទីផ្សារ​ជ្រូក​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ​បែប​នេះ​បន្ត​ទៀត មិនយូរ​ទេ​កម្ពុជា​នឹង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​កាន់តែ​ច្រើន ព្រោះ​កសិករ​និង​ម្ចាស់​កសិដ្ឋាន នឹង​ពង្រីក​ការ​ចិញ្ចឹម​របស់​ខ្លួន កាន់តែ​ច្រើន ដើម្បី​ផ្គង់​ផ្គង់​លើ​ទីផ្សារ ក៏​ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​យូរ​បន្ថែម​ទៀត ។ លោក​បន្ថែម​ថា ៖« សព្វ​ថ្ងៃនេះ យើង​នាំ​ចូល​ជ្រូក​តែ​ពី​ប្រទេស​ថៃ​ទេ មក​កាន់​ទីផ្សារ​ក្នុងស្រុក​យើង ហើយ​ការ​នាំ​ចូល​ពី​វៀតណាម​លែង​មាន​ទៀត​ហើយ ព្រោះ​វៀតណាម​គេ​មាន​គោលការណ៍​មួយ គឺ​ចិញ្ចឹម​មិន​ឲ្យ​លើស​ពី​តម្រូវការ អីចឹង​ហើយ​ទើប​មិន​មាន​ជ្រូក​សម្រាប់​នាំ​ចូល​កាន់​ទីផ្សារ​យើង​ដូច​មុន​ទៀត​នោះ​ទេ ។ ដូច្នេះ ខណៈ​យើង​នៅ​តែ​មាន​ទំនាក់ទំនង​ទីផ្សារ​អន្តរជាតិ​ក្នុង​វិស័យ​នេះ យើង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត ដើម្បី​បង្ការ​ពី​ការ​ឆ្លង​ជំងឺ​ដែល​កំពុង​រាលដាល​នៅ​ប្រទេស​ចិន នោះ »​។

យោង​តាម​បណ្ដាញ​សង្គម​របស់​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​មួយ អំពី​សកម្មភាព​ដុត​កម្ទេច និង​កប់​ជ្រូក​ដែល​រក​ឃើញ​មាន​ជំងឺ​ប៉េ​ស​អាហ្វ្រិក នៅ​ក្នុង​ប្រទេស​ចិន​ប្រមាណ​៤​ម៉ឺន​ក្បាល ហើយ​លោក​ឧកញ៉ា​ក៏​បាន​សរសេរ​បញ្ជាក់​ឲ្យ​កសិករ ដែល​ចិញ្ចឹម​ជ្រូក ម្ចាស់​កសិដ្ឋាន​ខ្នាត​តូច ខ្នាត​មធ្យម និង​ខ្នាត​ធំ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ពី​ការ​ឆ្លង​ជំងឺ​នេះ​មក​កាន់​ជ្រូក​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ