ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត ម្ចាស់​គឺ​ឈ្មោះ​ឌី​ដែល​ល្បី​មានរឿង​អាស្រូវ​ខាង​ដណ្ដើម​សព​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​និង​តា​អាចារ្យនៅ​វត្ត​តាំង​កសាង​ខាងត្បូង​ស្ទើរ​ដាច់​ផ្ងារ បន្ទាប់​ពី​ប្រទះ​ឃើញ​រថយន្ត​ដឹក​សព​១​គ្រឿង​ មាន​ទាំងសព​បុរស​ម្នាក់​ផង ស្ថិត​នៅ​ក្បែរ​ឈាបនដ្ឋាន​ក្នុងវត្ត​នោះ ។ ដោយសារ​តែ​រថយន្ត​ដឹក​សព​ខាងលើ​ ពុំ​មាន​បិទ​ស្លាក​ឡូ​ហ្គោ ហើយ​មិនដឹង​ថា​…

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​និង​តា​អាចារ្យនៅ​វត្ត​តាំង​កសាង​ខាងត្បូង​ស្ទើរ​ដាច់​ផ្ងារ បន្ទាប់​ពី​ប្រទះ​ឃើញ​រថយន្ត​ដឹក​សព​១​គ្រឿង​ មាន​ទាំងសព​បុរស​ម្នាក់​ផង ស្ថិត​នៅ​ក្បែរ​ឈាបនដ្ឋាន​ក្នុងវត្ត​នោះ ។ ដោយសារ​តែ​រថយន្ត​ដឹក​សព​ខាងលើ​ ពុំ​មាន​បិទ​ស្លាក​ឡូ​ហ្គោ ហើយ​មិនដឹង​ថា​ ដឹក​សព​ចូល​មក​ទុក​ចោល​តាំងពី​ពេល​ណា ព្រោះ​គ្មាន​ការ​ជូនដំណឹង​នោះ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និងសង្ស័យ​ថា ជា​រថយន្ត​ដឹក​សព​យក​មក​ប្លុង​ចោល ។

បន្ទាប់​ពី​តា​អាចារ្យ​រាយការណ៍​ដល់​នគរបាល​ឲ្យ​ទៅ​ពិនិត្យ​មើល ទើប​ក្រុម​នគរបាល​ការិយាល័យ​បច្ចេក​ទេស​​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ទៅ​ធ្វើកោសល្យវិច័យ​ដឹង​ថា រថយន្ត​ដឹក​សព​នេះ​ គឺជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី ដែល​កន្លង​មក ​តែង​មានរឿង​ចម្រូងចម្រាស​ដណ្ដើម​សព ​ជាមួយ​ក្រុម​រថយន្ត​ដឹក​សព​ផ្សេង​ទៀត ។ លុះ​ពេល​នេះ ក៏​មាន​បញ្ហា​ផ្អើល​ពេញ​វត្ត​ពី​រឿង​រថយន្ត​ដឹក​សព​នេះ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា នៅ​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិត​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ដឹក​សព​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ពណ៌​ស ពាក់ផ្លា​ក​លេខ ព្រះ​សីហ​នុ ២A-២៦៥១៦ ។ ក្រោយពេល​មានការ​ភ្ញាក់ផ្អើល ទើប​លេចមុខ​អ្នក​បើកបររថ​យន្ត​និង​ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី ទៅ​កាន់​កន្លែង​កើតហេតុ និង​ប្រាប់​ពី​មូលហេតុ​ដែល​ទុក​រថយន្ត​និង​សព​ចោល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​វត្ត ។ លោកតា​អាចារ្យ​ម្នាក់​និយាយ​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល លោកតា​បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ខាងលើ ​ចត​ចោល​នៅ​ជិត​ឈាប​នដ្ឋា​ន​ដោយ​មិន​មាន​ម្ចាស់​នៅ​ក្បែរ​ឡើយ ។

ដោយមានការ​សង្ស័យ លោកតា​ក៏​បាន​ដើរទៅ​អើត​មើល ស្រាប់តែ​ប្រទះ​ឃើញ​មាន​សព​បុរស​ម្នាក់​នៅ​ក្នុង​រថយន្ត​នោះ ។ បន្ទាប់​ពី​ឃើញ​បែប​នេះ​ តើ​នរណា​ដែល​ថា ​មិន​មានការ​ភ្ញាក់ផ្អើល ហើយ​លោកតា​ក៏​បាន​ប្រញាប់​ទូល​ព្រះសង្ឃ​ភ្លាម​ៗ ក្រោយមក​ទើប​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ មិន​ហ៊ាន​ទុក​អូស​បន្លាយពេល​ឡើយ ។

ដោយឡែក​​ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​ដំណឹង​ពី​លោកតា​អាចារ្យ​រួច​មក​ពិតជា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​មែន ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ និង​ឃើញ​ទិដ្ឋភាព​ដូច​អ្វី​ដែល​លោកតា​អាចារ្យ​រាយការណ៍​មែន ។ បន្ទាប់​មក នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​រាយការណ៍​បន្ត​ទៅ​តាម​ឋា​នា​នុក្រម​ជា​បន្តបន្ទាប់ រហូត​ដល់​ខាង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានីភ្នំពេញ​ទៅ​ពិនិត្យ​ទៀត​ផង ។

ប៉ុន្តែ ខណៈនោះ​អ្វី​ៗ​ក៏​បាន​អស់​ច​ម្ង​ល់ ដោយនៅ​ពេល​នគរបាល​រៀបចំ​ធ្វើ​កោ​សល្យ​វិច័យ​សព​ទៅ​ហើយ ស្រាប់តែ​លេចមុខ​អ្នកបើកបរ​រថយន្ត និង​លោក ងួ​ន ប្រាក់​ធី ហៅ​ឌី ដែល​កន្លង​មក​តែង​មានរឿង​អាស្រូវ​ខាង​ដណ្ដើម​សព ជាមួយ​ក្រុម​រថយន្ត​ដឹក​សព​ផ្សេង​ទៀត មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ទៅ​ដល់ និង​អះអាង​ថា រថយន្ត​ខាងលើ​គឺជា​កម្មសិទ្ធិ​របស់​ខ្លួន ។ ជាមួយ​នេះ ក៏​បាន​បង្ហាញ​លិខិត​កំណត់ហេតុ​ប្រគល់​សព​១​ច្បាប់ ដែល​ចេញ​ដោយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឱ្យ​នគរបាល​បច្ចេកទេស​មើល​ទៀត​ផង​។

ម្ចាស់​រថយន្ត​ខាងលើ​បាន​អះអាង​ប្រាប់​នគរបាល​ថា សព​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​នេះ​ឈ្មោះ រស់ ចាន់​វាសនា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​ប៉ា​ង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១AG-៤៤៣៣ មាន​គ្នា​២​នាក់ ហើយ​ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ខ្លួន​បានទៅដឹក​សព​ដោយ​មានការ​ចេញ​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​នគរ​បាល​ខណ្ឌ​ច្បារ​អំពៅ ។ ខណៈនោះ​មាន​គោលបំណង​ដឹក​សព​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ក្នុង​ខណ្ឌ​សែន​សុខ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទេ ប៉ុន្តែ​ពេល​ទៅ​ដល់ ដោយសារ​ទ្វារ​វត្ត​ទឹកថ្លា​ជាប់​សោ​ចូល​មិន​រួច ទើប​ដឹក​សព​បន្តដំណើរ​មក​កាន់​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង​វិញ ។ លុះ​ពេល​ដឹក​ទៅ​ដល់​វត្ត​ហើយ​នៅ​តែ​មិន​អាច​ដាក់​សព​ចុះ​បាន​ព្រោះ​មិន​បាន​ជួប​តា​អាចារ្យ ទើប​អ្នកបើកបរ​ទុក​រថយន្ត​និង​សព​នៅ​ក្នុង​វត្ត រួច​ហើយ​ទៅ​រក​កន្លែងដេក ស្រាប់តែ​ជ្រុល​ម៉ោង​រហូត​ដល់​មានការ​ភ្ញាក់ផ្អើល ។

ក្រោយ​ពី​ទទួល​បានការ​ពិនិត្យ​លើ​លិខិត​ស្នាម​ និង​ការ​បំភ្លឺ​ពី​អ្នកបើកបរ​រថយន្ត​រួចរាល់ ទើប​ធ្វើ​ឲ្យ​នគរបាល​មានការ​ហួសចិត្ត​គ្រប់​ៗ​គ្នា ហើយ​ក៏​អនុញ្ញាត​ឲ្យ​ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី ចាត់ចែង​សព​នោះ ។ បុរស​នោះ​បាន​ដឹក​សព​ចេញពី​វត្ត​តាំង​កសាង​ខាងត្បូង ត្រឡប់​ទៅ​កាន់​វត្ត​ទឹកថ្លា​វិញ​ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួល​យក​ធ្វើបុណ្យ​នៅ​ទីនោះ ។

គេ​មិនដឹង​ថា ថ្លៃ​ដឹក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​វត្ត​យក​ថ្លៃ​ប៉ុន្មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ