ឧកញ៉ា​ថៃ​ដៃ​មឹក​…​របូត​បាត់​ស្រមោល​ហើយ


ខេត្តកំពង់ចាម ៖ កាលពី​រសៀល​ថ្ងៃ​ទី៧ ​មក​រា ២០១៩ អ្នក​ច្បាប់​ម្នាក់​ បាន​លើក​ឡើង​ថា​ សម្រាប់​បទ​ល្មើស​ព្រហ្មទណ្ឌ​នេះ ​ទោះបី​ភាគី​សងខាង​បាន​សម្របសម្រួល​ត្រូវ​គ្នា​យ៉ាងណា​ក្តី ក៏​បណ្តឹងអាជ្ញា​នៅ​តែ​ជាប់​ដដែល​ មិន​អាច​រំលត់​បាន​ឡើយ ​។

គួរបញ្ជាក់ថា ឧកញ៉ា វ៉​ន ប៊ុ​ន​ថៃ ដែល​គេ​ដឹង​ឮ​គ្រប់​គ្នា​ថា ​ជា​អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​ម្នាក់ ​នៅ​ស្រុក​អូរ​រាំង​ឪ ហើយ​បាន​ល្បីឈ្មោះ​ខ្ទរខ្ទារ​មួយ​ប្រាវ ដោយសារ​ផ្ទុះ​រឿង​អុកឡុក​ខារ៉ាអូខេ​វីឡា ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​យប់​ថ្ងៃ​ទី​៥ មក​រា ។ ការ​អុកឡុក​នោះ​ ដោយសារ​លោក​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​បម្រើ​ក្នុង​បន្ទប់​លេខ​៦៦៦៦ ក្រោយ​ពី​ការ​លូកលាន់ នារី​ខារ៉ាអូខេ​ម្នាក់​ ត្រូវ​នាង​ភ័យ​ខ្លាច​រត់​គេច​ខ្លួន​ស្រែក​ខ្ទរខ្ទារ​បង្ក​ការ​ភ័យ​ខ្លាច ។

ឧកញ៉ា​រូប​នេះ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ និង​នគរបាល​បាន​ចុះ​មក​អន្តរាគមន៍​នាំ​ខ្លួន​មក​កាន់ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ទាំង​យប់ ​ដើម្បី​សួរនាំ ។ រឿងអាស្រូវ​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កំពង់ចាម ព្រោះ​​នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​ឧកញ៉ា​ម្នាក់​ ត្រូវ​បាន​នាំ​ខ្លួន​បែប​នេះ ហើយ​ក៏​មិន​ធ្លាប់​កើត​មាន នៅ​តាម​ហាង​ខារ៉ាអូខេ​ណាមួយ​នា​ពេល​កន្លង​មក​ដែរ រហូត​ដល់​គេ​ឱ្យឈ្មោះ​គាត់​ថា ឧកញ៉ា​ដៃ​មឹក ។

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ខាងលើ​នេះ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៦ មក​រា អ្នករាយការណ៍​ព័ត៌មាន បាន​ព្យាយាម​ទាក់ទង​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ជា​ច្រើន​លើក មិន​បាន​ទទួល​ជោគជ័យ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ព្រោះតែ​ចង់​ដឹង​ពី​នីតិវិធីរឿងក្តី​លោក​ឧកញ៉ា​ថៃ បាន​ទទួល​ចម្លើយ​ត្រឹមតែ​ថា​ រវល់​ជាប់​ប្រជុំ និង​មិន​ចង់​និយាយ​នោះ​ទេ ។ ឥរិយាបថ​សមត្ថកិច្ច​ពេល​នេះ ​ខុស​ប្លែក​ពី​ការ​ចាប់​បាន​ជនល្មើស​កន្លង​មក ពេល​នេះ សូ​ម្បី​តែ​ចូល​ទៅ​យក​ព័ត៌មាន​ក៏​មិន​ឲ្យ​ចូល​ដែរ ដែល​ខុស​ប្លែក​ពី​ចាប់​អ្នក​ក្រីក្រ ។

សមត្ថកិច្ច​ហាក់បីដូចជា​ព្យាយាម​បិទ​បាំង​មិន​ចង់​ឲ្យ​មាន​ព័ត៌មាន​លេច​ចេញ​មក​ខាងក្រៅ ឡើយ ។ ទោះបី​ព័ត៌មាន​ច្បាស់​ការណ៍​មិន​អាចយ​កបាន ក៏​មហាជន​បាន​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ព្រោងព្រាត ចែកចាយ​ត​ៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ពី​ការ​នាំ​ខ្លួន​ឧកញ៉ា​រូប​នេះ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​បាន​គេ​ថា​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

ផ្ទុយ​ទៅ​វិញ ​ប្រភព​ព័ត៌មាន​ថា នៅ​យប់​ថ្ងៃ​ទី​៦ មក​រា ឧកញ៉ា​ថៃ ដែល​ល្បី​ខាង​ដៃ​មឹក ត្រូវ​បាន​ប៉ូលិស​ដែល​ចាប់​គាត់​នោះ​ បាន​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ហើយ បន្ទាប់​ពី​មានការ​សង​ជា​សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ស្ត្រី​រង​គ្រោះ​នៅ​ខារ៉ាអូខេ​វីឡា តែ​មិនដឹង​ជា​ចំនួន​ប៉ុន្មាន​នោះ​ទេ ព្រោះ​ត្រូវ​បាន​គេ​លាក់​បិទ​ជិត​យ៉ាង​ល្អ​ដូច​ត្រូវ​ខ្លាញ់​រអិល ។ សូ​ម្បី​តែ​លោកសត្យា បងប្រុស​របស់​អ្នក​រង​គ្រោះ​ ក៏​មិន​បាន​ឆ្លើយ​ប្រាប់ ដោយ​លើក​ហេតុ​ផល​ថា រវល់​ៗ ហើយ​បិទ​ទូរស័ព្ទ​ដែល​ខុស​ពី​ពេល​កើតរឿង​បាន​រក​អ្នកកាសែត​ឱ្យ​ជួយ​ផ្សាយ ។

តាម​ប្រភព​ថា មុន​នឹង​សមត្ថកិច្ច​ឲ្យ​លោក​ឧកញ៉ា​ខាងលើ​ចេញ​ទៅ​វិញ ក៏​បានឱ្យ​ផ្តិត​មេដៃ​សរសេរ​លាយ​លក្ខណ៍អក្សរ ដោយ​បាន​សុំ​ទោស​ជា​សាធារណៈ នូវ​រឿងហេតុ​ដែល​បាន​កើតឡើង​នោះ ។ មិន​ថា​តែ​សមត្ថកិច្ច​ទេ សូ​ម្បី​ថៅកែ​ហាង​ខារ៉ាអូខេ​វីឡា ក៏​បាន​បិទ​ទូរស័ព្ទ ដែរ ដោយ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ហាក់បីដូចជា​ជួយ​លាក់​រឿងអាស្រូវ​នេះ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មក​រា មាន​គេ​អះអាង​ច្បាស់​ថា ​ឧកញ៉ា​ថៃ នឹង​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត តែ​មិន​ដូច្នោះ​ទេ សូ​ម្បី​តែ​ស្រមោល​ឧកញ៉ា​ក៏​មិន​បានឃើញ ទ្វាររបង​សាលាដំបូង​ខេត្ត​បាន​បិទ ព្រោះ​ចំ​ថ្ងៃ​បុណ្យ​៧ មក​រាជា​ថ្ងៃ​ឈប់​សម្រាក ។

សូម​រំលឹក​ថា ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង​ខារ៉ាអូខេ​កណ្តាល​យប់​ថ្ងៃ​ទី​៥ មក​រា ។ ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​អ្នក​សារព័ត៌មាន​ច្រើន​នាក់ បាន​មក​តាម​ប្រមាញ់​ដើម្បី​ថត​យក​រូបភាព​របស់​លោក​ឧកញ៉ា​ខាងលើ​ផង​ដែរ ។ លោក​ឧកញ៉ា បាន​បង្ក​ហិង្សា​លើ​នាង​ខារ៉ាអូខេ ដោយសារ​ការ​លូក​លាន់​ខ្វេះ​នេះ​ខ្វេះ​នោះ​រហូត​ធ្វើ​ឱ្យ​នាង​ទ្រាំទ្រ​ដៃ​ម៉ឹក​មិន​បាន​ក៏​រត់​ចេញ ទើប​ធ្វើ​ឱ្យ​ឧកញ៉ា​ឈ្មួញ​ឈើ​ខឹងសម្បា​បង្ក​ហិង្សា​លើ​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ទើប​មានការ​ឆោឡោ​ឡើង ។

នារី​រង​គ្រោះ​ឈ្មោះ ចាន់ ហួយ បាន​បំភ្លឺ​ក្រោយ​កើតហេតុ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​៥ មក​រា ២០១៩ ឧកញ៉ា​ថៃ ពេល​ដែល​បាន​ចូល​មក​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ បន្ទាប់​មក​បាន​ចាប់​លូក​លន់​ស្ទាប​កកាយ​នាង​ខារ៉ាអូខេ តែ​នាង​មិន​មិន​ព្រម​ក៏​ចាប់​ទាញ​បណ្តាច់​អាវ ហើយ​នាង​នោះ​បាន​រត់​ចុះ​ទៅ​ជាន់​ក្រោម​បាត់​ទៅ ។ ចំណែក​រូប​នាង​វិញ​ត្រូវ​បាន​គាត់​ចាប់​ខោក​ក្បាល និង​បោច​សក់​អូស​បញ្ច្រាស​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​និង​ភិតភ័យ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ