ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​បណ្តើរ ស្រែក​ឱ្យ​គេ​ជួយ​បណ្តើរ រហូត​ដួល​សន្លប់​រង​របួស​សុសសាច់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​ខែ ពេល​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០១៩ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​ខែ ពេល​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០១៩ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នោះ​ជិះម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ដួល​សន្លប់ កាលពី​ស​ប្ដា​ហ៍​មុន​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ធុ​ច វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ ជនសង្ស័យ​ម្នាក់​នេះ​មាន​ប្រវត្តិ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​ខែ​ពី​បទ​«​ប្រព្រឹត្ត​អំពើ​ចោរកម្ម​» តែ​មិន​បាន​រាងចាល ឬ​កែខ្លួន​នោះ​ទេ លុះ​ចេញពី​ពន្ធនាគារ​មក​វិញ ជនសង្ស័យ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​ទៀត​។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​ចាប់ខ្លួន​ជា​ថ្មី ដោយសារ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​៥ មក​រា នៅ​ចំណុច​ក្បាលស្ពាន​ស្លា​កែ​ត ស្ថិត​ក្នុងភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ជន​រង​គ្រោះ​ឈ្មោះ​សា រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យក​កាបូប​ស្ត្រី​រង​គ្រោះ​មិន​បាន​ដួល​ម៉ូតូ​ទេ តែ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​បណ្តាល​ឱ្យ​ដួល​រហូត​ដល់​សន្លប់ និង​រង​របួស​ស្ទើរ​សុសសាច់ ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ចេញ ពី​ផ្ទះ​ក្នុង​គោលបំណង​ទៅ​រក​ទិញ​ថ្នាំពេទ្យ តែ​ពេល​ជិះ​ទៅ​ដល់​ផ្ទះ​លក់​ថ្នាំពេទ្យ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​។

​ពេល​នោះ​គាត់​ក៏​បាន​ឡើង​ម៉ូតូ​ជិះ​ត្រឡប់​មក​វិញ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់ យក​កាបូប​ពី​ដៃ​គាត់​ភ្លាម​ៗ​តែ​ម្ដង​។ ពេល​នោះ​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​បណ្ដើរ និង​ស្រែក​ឲ្យ​គេ​ជួយ​បណ្ដើរ តែ​ពេល​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​បាន​បន្តិច​ក៏​ដួល​ម៉ូតូ បណ្តាល​ឱ្យ​គាត់​សន្លប់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា ទើប​គាត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​។ ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​កាបូបដៃ​ដែល​ជនសង្ស័យ​សង្ស័យ​ឆក់​យក​ទៅ​នោះ មាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង លុយ​ខ្មែរ​ចំនួន​៧​ម៉ឺន​រៀល និង​លុយ​ដុល្លា​ចំនួន​២​ដុល្លារ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជា​ថ្មី​នេះ ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​មែន ។ ជនសង្ស័យ​បាន​និយាយ​ថា ខ្លួន​គ្មាន​បក្ខពួក​នោះ​ទេ គឺ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ហើយ​ជន​នេះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាបូប​ដែល​ខ្លួន​ឆក់​យក​ទៅ​នោះ​មាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង លុយ​ដុល្លា​តែ​ជាង​៥០​ដុល្លារ​ និង​លុយ​ខ្មែរ​មួយ​ចំនួន​ប៉ុណ្ណោះ​។ ជនសង្ស័យ​បាន​និយាយ​ទៀត​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​ខែ ដោយសារ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ តែ​ចំពោះ​បទល្មើស​«​ឆក់​»​នេះ​គឺ​ខ្លួន​ទើប​ប្រព្រឹត្ត​លើក​ទី​១ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ទៀត​តែ​ម្ដង​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ថ្លែង​ថា ចំពោះ​ករណី​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​សន្លប់​បាត់ស្មារតី ពេល​ព្យាយាម​ជិះ​ដេញ​តាម​ជនសង្ស័យ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​បាន​មក​វិញទៀត​ផង​។ ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ