ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2018 ទិន្នផល​ម្រេច​កំពត និង​តម្រូវការ​ទីផ្សារ​ធ្លាក់​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផលិតកម្ម​ម្រេច​កំពត​(GI) កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​៦៩​តោន និង​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​ចែកចាយ​ប្រមាណ​៥០​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ផលិត​បាន​១០២​តោន និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ​បាន​៧០​តោន ពោល​គឺ​ធ្លាក់​ចុះ​ប្រមាណ​៣២%​និង​២៨%​រៀង​គ្នា…

រាជធានី​ភ្នំពេញ ៖ ការ​ផលិតកម្ម​ម្រេច​កំពត​(GI) កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​៦៩​តោន និង​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​ចែកចាយ​ប្រមាណ​៥០​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ផលិត​បាន​១០២​តោន និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ​បាន​៧០​តោន ពោល​គឺ​ធ្លាក់​ចុះ​ប្រមាណ​៣២%​និង​២៨%​រៀង​គ្នា ។ នេះ​បើ​តាម​លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​មក ។

លោក​បាន​លើក​ឡើង​ថា ចាប់តាំងពី​ម្រេច​កំពត​បាន​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​(GI) និង​ទទួលស្គាល់​ពី​សហភាព​អឺរ៉ុប​មក ធ្វើ​ឲ្យ​ផលិតផល​នេះ​មាន​ទីផ្សារ ហើយ​កសិករ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ជា​បន្តបន្ទាប់ ដែល​គិត​មក​ដល់​ឆ្នាំ​២០១៨ សមាគម​មាន​ផ្ទៃដី​ផលិត​ម្រេច​សរុប​ប្រមាណ​២៤០​ហិ​កតា ។
លោក​បន្ថែម​ថា ៖« បន្ទាប់​ពី​យើង​បង្កើត​សមាគម​ម្រេច​កំពត​មក តម្លៃ​ម្រេច​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង ពី​មុន​ម្រេចខ្មៅ​តម្លៃ​៥​ដុល្លារ បាន​ឡើង​ដល់​១៥​ដុល្លារ​, ម្រេច​ក្រហម​២០​ដុល្លារ​ឡើង​ដល់​២៥​ដុល្លារ​,​ម្រេចស​១៨​ដុល្លារ ឡើង​ដល់​២៨​ដុល្លារ ក្នុង​១​គីឡូក្រាម កាល​ឆ្នាំ​២០១៨ ហើយ​តម្លៃ​នេះ​មិន​ទាន់​ប្រែប្រួល​ឡើង​ចុះ​នៅឡើយ​ទេ បើ​ទោះ​តម្រូវការ​ពី​ដៃគូ​បញ្ជា​ទិញ​ក៏​ធ្លាក់​ចុះ​ក៏​ដោយ »​។

លោក​ប្រធាន​សមា​គ​បញ្ជាក់​ថា ៖« ការ​ធ្លាក់​ចុះ​ទិន្នផល​នេះ ដោយសារ​តែ​យើង​អត់​ប្រើ​ថ្នាំ គឺ​ធ្វើ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ អីចឹង វា​ក៏​ប្រែប្រួល​ទៅ​តាម​ធម្មជាតិ​ដែរ ហើយ​ដំណាំ​ម្រេច​វា​ផ្លែ​មួយ​ឆ្នាំ​អត់​មួយ​ឆ្នាំ ។ តួយ៉ាង​ឆ្នាំ​២០១៧ យើង​ទទួល​បាន​ទិន្នផល​ច្រើន តែ​ចូល​ដល់​ឆ្នាំ​២០១៨ វា​ធ្លាក់​មក​វិញ ។ ដោយឡែក​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​វិញ ដោយសារ​តែ​ទីផ្សារ​ឥឡូវ​មាន​លក្ខណៈ​ចង្អៀត ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជា​ដៃគូ​មាន​តម្រូវការ​ថយ​ចុះ ព្រោះ​ក្រុមហ៊ុន​ខ្លះ​លក់​ម្រេច​ចាស់​មិន​ទាន់​អស់ពី​ស្តុក​ផង »​។

យ៉ាងណា​ក៏​ដោយ លោក​រំពឹង​ថា ទីផ្សារ​នឹង​ល្អ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៩​នេះ ដោយសារ​តែ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទាក់ទង​សមាគម​ដើម្បី​នាំ​ចេញ ខណៈ​បច្ចុប្បន្ន ម្រេច​កំពត​មាន​ទីផ្សារ​នៅ​បណ្តា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប និង​នៅ​មេ​រិ​ក​, អា​ល្លឺ​ម៉​ង់​, អូស្ត្រាលី​, កូរ៉េ​,​ហុងកុង​, តៃវ៉ាន់​និង ជប៉ុន​ជាដើម ។
បើ​តាម​ឈ្មួញ​នាំ​ផលិតផល​នេះ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​បាន​ឲ្យ​ដឹង​កន្លង​មក​ថា ម្រេច​កំពត​លក់រាយ​នៅ​ទីផ្សារ​នេះ មាន​តម្លៃ​ចាប់ពី​១៥០​ដល់​២០០​ដុល្លារ​ក្នុង​១​គីឡូក្រាម ។

លោក​ឧកញ៉ា ហៃ លី​អ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​Confirel មាន​ប្រសាសន៍​ថា ម្រេច​កំពត​ដែល​ឈ្មួញ​អឺរ៉ុប​បាន​ទទួល​ទិញ​ពី​កម្ពុជា ទៅ​ចែកចាយ​លើ​ទីផ្សារ​អឺរ៉ុប លក់រាយ​មាន​តម្លៃ​ចាប់ពី​១៥០​ដល់​២០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​គីឡូក្រាម ហើយ​ផលិតផល​នេះ​នៅ​មាន​វិសាលភាព​ទូលំទូលាយ និង​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពង្រីក​ទីផ្សារ ក៏​ប៉ុន្តែ​បើសិនជា​មិន​មាន​វិធានការ​ពង្រីក​ឲ្យ​បាន​ទូលាយ​ទេ​នោះ វា​នឹង​ដួល ។
លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា ៖« ក្នុង​កាលៈទេសៈ​នេះ ត្រូវការ​ពង្រីក​ទីផ្សារ​ម្រេច​កំពត​បន្ថែម​ទៀត យើង​ត្រូវ​អប់រំ​ពលរដ្ឋ​ដែល​ជា​អ្នក​ផលិត​ម្រេច​ផ្ទាល់ ស្គាល់​ពីសារ​សំខាន់​នៃ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​( GI ) បើ​ពុំនោះ​ទេ យើង​មិន​អាច​រក្សា​ទីផ្សារ​ម្រេច​កំពត​បាន​ស្ថិតស្ថេរ​នោះ​ទេ ហើយ​ទីផ្សារ​នេះ នឹង​បាត់បង់​បន្តិច​ម្ដង​ៗ ដោយសារ​ការ​ក្លែងបន្លំ​ម៉ាក និង​មិន​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​អ្នកទិញ » ។

លោក អុ​ន ប៊ុត អ្នក​ផលិត​ម្រេច​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​លោក​ត្រូវ​រក​ឈ្មួញ​មក​ទិញ​ម្រេច​ដោយ​ខ្លួនឯង ព្រោះ​សហគមន៍​ដែល​ធ្លាប់តែ​ទិញ​ម្រេច​ស្ទើរតែ​ទាំងស្រុង​ពី​លោក និង​ពី​កសិករ​ផ្សេង​ទៀត​នោះ មិន​បាន​បញ្ជា​ទិញ​ច្រើន​នោះ​ទេ គឺ​ទិញ​ក្នុង​មួយ​ចំនួន ហើយដោយ​សារ​តែ​កសិករ​ដាំ​ម្រេច​ក៏​ច្រើន អីចឹង​ហើយ​ត្រូវ​ចែក​គ្នា​ម្នាក់​បន្តិច​ៗ ដើម្បី​លក់​ទៅ​ឈ្មួញ​តាម​សមាគម ។ កសិករ​រូប​នេះ​បន្ដ​ថា ៖« ការ​លក់​ម្រេច​តាម​រយៈ​សមាគម​ទទួល​បាន​តម្លៃ​ស្តង់ដា ពោល​គឺ​ម្រេចខ្មៅ​១៥​ដុល្លារ​, ម្រេច​ក្រហម ២៥​ដុល្លារ និង​ម្រេចស​២៨​ដុល្លារ ក្នុង​១​គីឡូក្រាម តែបើ​លក់​ទៅ​ឈ្មួញ​ខាងក្រៅ​វិញ តម្លៃ​ត្រូវ​ទាប​ជាង​នេះ តែ​យ៉ាងណា​ក៏​ត្រូវ​តែ​លក់​ដែរ​ដើម្បី​ដោះស្រាយ​ហិរញ្ញវត្ថុ ។

លោក​ថា ៖ មិន​ត្រឹមតែ​កសិករ​ពង្រីក​ការ​ដាំ​ដុះ​ច្រើន​នោះ​ទេ ក៏​មាន​ក្រុមហ៊ុន​ធំ​ៗ​ដែល​ធ្លាប់​ទិញ​ម្រេច​ពី​កសិករ ក៏​បាន​ងាក​មក​វិនិយោគ​ដំណាំ​នេះ​ដោយ​ខ្លួនឯង​ដែរ អីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​កសិករ​តាម​រយៈ​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​នេះ » ។

យោង​តាម​សៀវភៅ​បន្ទុក​ម្រេច​កំពត​បាន​កត់ត្រា​ថា តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន លុះត្រាតែ​ស្ថិត​នៅ​ក្នុងស្រុក ឬ​ក្រុង​មួយ​ចំនួន​នៃ​ខេត្តកំពត និង​ខេត្ត​កែប​។ តំបន់​ទាំងនោះ​រួម​មាន ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត នៃ​ខេត្តកំពត ព្រមទាំង​នៅ​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុងកែប ខេត្ត​កែប ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ