ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ថាមពល​អគ្គិសនី​របស់​កម្ពុជា​ថយ​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ដោយ​ខ្លួនឯង​បាន​កើន​ឡើងជា​បន្ដបន្ទាប់ ដែល​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដល់​កម្រិត​ទាប​ផង​ដែរ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​បាន​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិត​ប្រមាណ​តែ​១៤%​ប៉ុណ្ណោះ​នៃ​តម្រូវការ​សរុប ខណៈ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បាន​នាំ​ចូល​មា​នំ​រហូត​ដល់​ជាង​២០%​ឯណោះ​។ ទន្ទឹម​នឹង​នេះ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ដោយ​ខ្លួនឯង​បាន​កើន​ឡើងជា​បន្ដបន្ទាប់ ដែល​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដល់​កម្រិត​ទាប​ផង​ដែរ ។

ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​បាន​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិត​ប្រមាណ​តែ​១៤%​ប៉ុណ្ណោះ​នៃ​តម្រូវការ​សរុប ខណៈ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បាន​នាំ​ចូល​មា​នំ​រហូត​ដល់​ជាង​២០%​ឯណោះ​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ថែម​ទាំង​ទម្លាក់​ថ្លៃ​ភ្លើង​ជា​បន្តបន្ទាប់​ផង​ដែរ​ដើម្បី​សម្រួល​ដល់​ប្រជាជន ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ។

តាម​ការ​បញ្ជាក់​របស់​លោក យឹ​ម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ចាប់តាំងពី​កម្ពុជា​ផលិត​បាន​ថាមពល​អគ្គិសនី​ដោយ​ខ្លួនឯង ដូច​ជា​ថាមពល​ពី​ស្ថានីយ​វា​រី​អគ្គិសនី ថាមពល​ពន្លឺព្រះអាទិត្យ​ជា​បន្តបន្ទាប់​មក ការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​បណ្ដា​ប្រទេស​ជិតខាង ដូច​ជា​មក​ពី​ប្រទេស​ឡាវ វៀតណាម និង​ថៃ បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់ តួយ៉ាង​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​នៅ​សល់​ត្រឹមតែ​ប្រមាណ​១៤%​ប៉ុណ្ណោះ​នៃ​តម្រូវការ​សរុប ។

លោក​បន្ត​ថា ក្រៅពី​កាត់​បន្ថយ​ការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ហើយ​នោះ កម្ពុជា​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ថយ​ចុះ​ជា​បន្តបន្ទាប់​ផង​ដែរ​ដើម្បី​សម្រួល​ដល់​ម្ចាស់​សហគ្រាស អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ថាមពល​អគ្គិសនី​ត​ពី​បណ្ដាញ​ជាតិ ។ លោក​មាន​ប្រសាសន៍​ថា ៖« ប្រភព​ថាមពល​អគ្គិសនី គឺជា​ផលិតផល​ដែល​សំខាន់​សម្រាប់​សេដ្ឋកិច្ច បើកាលណា​វា​មាន​តម្លៃ​កាន់តែ​ទាប នឹង​ធ្វើ​ឲ្យ​ផលិតផល​ផ្សេង​ទៀត​កាន់តែ​ទាប ហើយ​វា​កាន់តែ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ »​។ លោក​ថា ៖« ការ​បញ្ចុះតម្លៃ​អគ្គិសនី​ជា​បន្តបន្ទាប់ គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ »​។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ការ​នាំ​ចូល​ប្រភព​ថាមពល​អគ្គិសនី មក​ពី​ប្រទេស​សំខាន់​ៗ​ចំនួន​៣​រួម​មាន ប្រទេស​វៀតណាម មានការ​នាំ​ចូល​ច្រើន​ជាងគេ ដែល​មាន​ទំហំ​រហូត​ដល់​២៧៧​មេ​ហ្កា​វ៉ា​ត់ ខណៈ​នាំ​ចូល​ពី​ប្រទេស​ថៃ មាន​ទំហំ​១៣៥​មេ​ហ្កា​វ៉ា​ត់ និង​ពី​ប្រទេស​ឡាវ​នាំ​ចូល​ប្រមាណ​៣០​មេ​ហ្កា​វ៉ា​ត់ ។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៩​នេះ កម្ពុជា​មាន​ផែនការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិត ក៏​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅ​ដែរ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ប្រភព​ថាមពល​ក្នុងស្រុក​សម្រាប់​ឆ្នាំ​២០១៨​កន្លង​ទៅ​កម្ពុជា​ផលិត​បាន​ប្រមាណ​២.២០៧​មេ​ហ្កា​វ៉ា​ត់ ឬ​ស្មើនឹង​៨៦,៤៥%​នៃ​តម្រូវការ​សរុប​។ សម្រាប់​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ផលិត​បាន​ថាមពល​អគ្គិសនី​សរុប​ប្រមាណ​២.៤២៨​មេ​ហ្កា​វ៉ា​ត់ ឬ​ស្មើនឹង​៧៨,៨៥%​នៃ​តម្រូវការ​សរុប ហើយ​ឆ្នាំ ២០១៩​នេះ​ដែរ កម្ពុជា ត្រូវការ​ថាមពល​អគ្គិសនី​សរុប​ប្រមាណ​២.៨៧០​មេ​ហ្កា​វ៉ា​ត់ ដែល​មាន​កំណើន​ប្រមាណ​១៦,១២%​។

នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​ការ​បញ្ចុះតម្លៃ​អគ្គិសនី​,​ការ​រៀបចំ​តំបន់ឧស្សាហកម្ម​, ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ប្រែក្លាយ​ពី​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​អតិពលកម្ម ទៅ​ជា​កម្លាំង​ពលកម្ម​ជំនាញ​ដែល​អាច​បង្កើត និង​ទាញ​យក​តម្លៃបន្ថែម​កាន់តែ​ច្រើន ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កន្លង​មក​ថា តម្រូវការ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ពិតជា​ត្រូវការ​កាន់តែ​ច្រើន​ទៅ​ៗ​ហើយ ដោយសារ​កម្ពុជា​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ព្រោះ​វិស័យ​អ្វី​ក៏​ត្រូវការ​អគ្គិសនី​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន​រលូន ។
ទោះបី​យ៉ាងណា លោក​ថ្លែង​ថា ៖« ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នៅ​មាន​តម្លៃ​ថ្លៃ​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង ប៉ុន្តែ​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព​លើ​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី​ផង​ដែរ »​។

គួរ​បញ្ជាក់​ថា តម្លៃ​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៩​នេះ សម្រាប់​ការ​ប្រើប្រាស់​ចេញពី​បណ្ដាញ​ជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​ថ្មី ក្នុង​នោះ ការ​ប្រើប្រាស់​អស់​ចាប់ពី ១​គីឡូវ៉ាត់ម៉ោង​ដល់ ១០​គីឡូវ៉ាត់ម៉ោង មាន​តម្លៃ​៣៨០​រៀល​/kwh, ប្រើប្រាស់​អស់​ចាប់ពី​១១​ដល់​៥០kwh មាន​តម្លៃ ៤៨០​រៀល​, ប្រើប្រាស់​អស់​ចាប់ពី​៥១​ដល់​២០០kwh តម្លៃ​៦១០​រៀល និង​ប្រើប្រាស់​លើស​ពី​២០០kwh នឹង​មាន​តម្លៃ ៧៤០​រៀល​/kwh ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ