ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពលព្យុះនៅថៃ… ក្លាយជារលកធំ​វាយ​ប្រហារ​​ឆ្នេរប៉ាក់​ខ្លង

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពីព្រឹក​ថ្ងៃ​ទី​៥ មក​រា កម្ពស់​ទឹកសមុទ្រ​បាន​ហក់​ឡើង​ខ្ពស់​រលក​ធំ​ៗ​ហួស​ពី​ការ​ស្មាន ដោយ​លាយឡំ​ទៅ​ដោយ​ខ្យល់​បក់​បោក​ខ្លាំង បង្ក​ឱ្យ​មាន​រលក​ធំ​ៗ វាយប្រហារ​មក​លើ​លំនៅ​ឋាន និង​តូប​លក់ដូរ​ជា​ច្រើន​កន្លែង ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​មួយ​ចំនួន​ធំ​នៅ​ឆ្នេរប៉ាក់​ខ្ល​ង…

ខេត្តកោះកុង ៖ កាលពីព្រឹក​ថ្ងៃ​ទី​៥ មក​រា កម្ពស់​ទឹកសមុទ្រ​បាន​ហក់​ឡើង​ខ្ពស់​រលក​ធំ​ៗ​ហួស​ពី​ការ​ស្មាន ដោយ​លាយឡំ​ទៅ​ដោយ​ខ្យល់​បក់​បោក​ខ្លាំង បង្ក​ឱ្យ​មាន​រលក​ធំ​ៗ វាយប្រហារ​មក​លើ​លំនៅ​ឋាន និង​តូប​លក់ដូរ​ជា​ច្រើន​កន្លែង ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​មួយ​ចំនួន​ធំ​នៅ​ឆ្នេរប៉ាក់​ខ្ល​ង ក្នុងស្រុក​មណ្ឌល​សីមា ។

បាតុភូត​រលក​សមុទ្រ​ធំ​ៗ​នេះ បាន​កើតឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា ព្យុះ PABUK បាន​វាយ​ប្រហារ​តំបន់​កោះ​នានា​ ក្នុង​ឈូង​សមុទ្រ​ថៃ ​កាលពី​ថ្ងៃ​ទី​៣ មក​រា ធ្វើ​ឱ្យ​អាជ្ញាធរ​ថៃ ​បាន​ជម្លៀស​មនុស្ស​ជិត​៣​ម៉ឺន​នាក់ ​ទៅ​កាន់​ជម្រក​នានា ​ដោយសារ​តែ​បារម្ភ​ពី​ឥទ្ធិពល​ព្យុះ​នេះ ។

បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​អាជីវករ ​ដែល​ជា​អ្នក​លក់ដូរ​នៅ​តំបន់​ខាងលើបាន​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ ​ដែល​ពួក​គាត់​បានឃើញ​មានការ​ហក់​ឡើង គឺ​ហូរហៀរ​លិច​មក​ដល់​ក្យូ​ស​លក់ដូរ​នៃ​កម្ពស់​ទឹកសមុទ្រ​ខ្ពស់​បែប​នេះ ហើយ​ពួក​គាត់​កំពុង​តែ​មានការ​ព្រួយបារម្ភ​ថា ​បើសិនជា​ទឹកសមុទ្រ និង​រលក​អាច​កើត​មាន​ខ្លាំង​ជាង​នេះ ​វា​ពិតជា​អាច​បង្ក​ឱ្យ​រងគ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ខ្លាំង​ជាក់​ជា​មិន​ខាន​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​នេះ​ពួក​គាត់​កំពុង​ដឹក​ជញ្ជូន​សម្ភា​រះ​មួយ​ចំនួន ​យក​ទៅ​កាន់​ទីទួល​មាន​
សុ​វត្ថិ​ភាព ​ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវហេតុ​ុ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ ។ លោក ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា​បាន​ថ្លែង​ថា ចំពោះ​មុខ​លោក​ត្រូវ​បញ្ឈប់រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ទឹក​ស្រក​ដូច​ដើម​ទើប​អាច​បើក​អោយធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ​បាន ។

លោក​បានឱ្យ​ដឹង​ថា ចំពោះ​បញ្ហា​ទឹក​ឡើង​នេះ គឺ​វា​បាន​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ តែ​ដោយឡែក​ឆ្នាំ​នេះ គឺ​ថា​ ស្ថានភាព​ទឹក​ឡើង​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ហើយ​នេះ​ក៏​ប្រហែលជា​អាច​បណ្តាល​មក​ពី​ចំហាយ​ព្យុះ​ដែល​ឆ្លងកាត់​ប្រទេស​ថៃ​នោះ តែ​ទោះជា​យ៉ាងណា​ក្តី​មក​ទល់​និង​ពេល​នេះ​ឃើញ​ថា ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់​បង់​​អាយុជីវិត ​ដោយសារ​ហេតុ​ការ​នេះ​ទេ ដោយ​គ្រាន់តែ​មាន​ពលរដ្ឋ​ខ្លះ​បាន​រង​ផល​ប៉ះពាល់​ដល់​លំនៅ​ឋាន​ពួក​គាត់​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ខាងលើ​គឺ​នៅ​ពុំ​ទាន់​មាន​នោះ​ឡើយ ដោយសារ​សភាពការណ៍ និង​ផល​ប៉ះពាល់​វា​មាន​សភាព​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​រស់នៅ​តំបន់​ជាប់មាត់​សមុទ្រ​ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​ឧប្បត្តិហេតុ​ដែល​អាច​និង​កើត​មាន​ដោយ​ចៃដន្យ ។

គូរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ពី​ឥទ្ធិពល​របស់​ព្យុះ​ប៉ា​ប៊ុ​ក (PABUK) ដោយ​ព្យុះ​នេះ បាន​និវត្តន៍​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង (TI PABUK) រួច​បន្តដំណើរ​ទៅ​កាន់ ភាគ​ខាងត្បូង​ប្រទេស​ថៃ ដែល​លក្ខណៈ​នេះ​អាច​ធ្វើ​អោយ​ខេត្ត​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ។

ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​ធនធានទឹក និងឧតុនិយមបាន​អំពាវនាវ អោយ​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​កោះ​នានា ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ​ភូត​ព្យុះ ដែល​អាច​បង្ករ​អោយ​កើត​មាន​ភ្លៀង​លាយឡំ ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​ទឹកសមុទ្រ​
ខ្ពស់ ។

អត្ថបទសរសេរ ដោយ