ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរនារី​ជា​ស្ថាបនិក​គ្រិស្តសាសនា​ដំបូង​ក្នុង​ខេត្ត​ប៉ៃលិន​បាន​ទទួលមរណភាព​ហើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​វីរនារី​ស្ថាបនិក​សាសនា​គ្រិស្ត​ដំបូង​ចូល​ទៅ​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​គ្រិស្តបរិស័ទ​ទូ​ទាំង​ខេត្ត​រៀបចំ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ​ឧត្តម​សា​ម៉ា​រី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​វីរនារី​ស្ថាបនិក​សាសនា​គ្រិស្ត​ដំបូង​ចូល​ទៅ​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​គ្រិស្តបរិស័ទ​ទូ​ទាំង​ខេត្ត​រៀបចំ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ​ឧត្តម​សា​ម៉ា​រី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​ទទួលមរណភាព​ដោយសារ​ជម្ងឺ​រោគាពាធ នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​វេលា​ម៉ោង​២​និង​០៨​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ ហើយ​សព​ក៏​បាន​ដឹក​តាម​រថយន្ត​ពេទ្យ​ចូល​មក​ដល់​ខេត្ត​ប៉ៃលិន​វិញ កាលពី​រសៀល​ថ្ងៃ​ដដែល ។

សូម​បញ្ជាក់​ថា ស្ត្រី​ម្នាក់​ឈ្មោះ ចាន់ សុវណ្ណ អាយុ​៥៦​ឆ្នាំ ជា​កូន​ទី​៧ ហើយ​ជា​ស្ថាបនិក​គ្រិស្តសាសនា​ដំបូង​ចូល​ទៅ​ក្នុង​ខេត្ត​ប៉ៃលិន កាលពី​ឆ្នាំ​១៩៩៩ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​សមាហរណកម្ម​ដោយ​លោកស្រី​មានស្រុក​កំណើត​រស់នៅ​ក្នុងភូមិ​អូរ​បា​គ្រង ឃុំ​បាកាន ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

លោកស្រី​មាន​ឪពុក​ឈ្មោះ មាន ចាន់ ម្តាយ​ឈ្មោះ សយ ស៊ី​សា​ង៉ា មាន​បងប្អូន​ចំនួន​៩​នាក់ ហើយ​លោកស្រី​បាន​ទទួល​ជឿ​ព្រះ​យេស៊ូ​វ (​កាន់សាសនា​គ្រិស្ត​) កាលពី​ឆ្នាំ​១៩៩៨ ។

ប្រភព​ព័ត៌មាន​ពី​លោក​ព្រហ្ម សា​វុន ជា​គ្រូ​គង្វាល​ប្រចាំ​ព្រះ​វិហារ​មួយ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា លោកស្រី ចាន់ សុវណ្ណ ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​ល្អ នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​ជា​អ្នក​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកបម្រើ​ព្រះ​ជា​ម្ចាស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត ដោយ​មិន​រើសអើង​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា កាលពី​ជាង​២០​ឆ្នាំ​មុន​ដែល​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ផ្សព្វ​ផ្សាយដំណឹង​ពី​ព្រះ​យេស៊ូ​វ គឺ​មាន​ក្រុម​យុវជន​ជា​ច្រើន​នាក់​បាន​រស់នៅ​ដោយសារ​ស្ត្រី​ខាងលើ​ជា​អ្នក​ផ្គត់ផ្គង់​ទាំង​ម្ហូបអាហារ សម្លៀក​បំពាក់ និង​របស់របរ​ផ្សេង​ៗ​ទៀត​ស្ទើរ​គ្រប់យ៉ាង ។

បើ​គិត​ទៅ​លោក​ចាត់​ទុក​អ្នកស្រី ចាន់ សុវណ្ណ ជា​ម្តាយ​ទី​ពីរ​ដែល​បាន​បីបាច់​ថែរក្សា និង​ជំរុញ រហូត​ដល់​ក្លាយទៅជា​គ្រូ​គង្វាល​ដឹកនាំ​ព្រះ​វិហារ​គ្រិស្ត​ដល់​សព្វ​ថ្ងៃនេះ ។ លោក​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ចប់​សង្គ្រាម គឺ​សមាហរណកម្ម​ប្រហែលជា ឆ្នាំ​១៩៩៧-១៩៩៨ នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ចាប់ផ្តើម​កកើត​មាន​ព្រះ​វិហារ​ដំបូង​ដោយសារ​ស្នាដៃ​របស់​លោកស្រី ហើយ​ដាក់​ឈ្មោះ​ព្រះ​វិហារ​នោះ​ថា​ឧត្តម​សា​ម៉ា​រី រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

បន្ទាប់​មក​ទៀត​ទើប​មាន​ព្រះ​វិហារ​ថ្មី​ៗ​ចាប់ផ្តើម​សាងសង់​ដោយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​ជាង​២០​ព្រះ​វិហារ​នៅ​ទូ​ទាំង​ខេត្ត ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​គ្រិស្តបរិស័ទ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​រាប់រយ​នាក់​មិន​ភ្លេច​គុណូបការរ​បស់​លោកស្រី​ឡើយ​ដោយ​នាំ​គ្នា​សស្រាក់សស្រាំ​ចូលរួម​ធ្វើបុណ្យ និង​ដង្ហែ​ក្បួន​សព​លោកស្រី​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ​ខាងលើ ដោយ​ចារិក​ឈ្មោះ ទុកជា​វីរនារី ក្នុង​ការ​បង្កើត​ព្រះ​វិហារ​ដំបូង​គេ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​សព្វ​ថ្ងៃនេះ​មាន​សមាជិក​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ