ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​ថ្មី តម្លៃ​ប្រេងឥន្ធនៈ​បន្ដ​រអិល​ធ្លាក់​ចុះ​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​បាន​បន្ដ​ធ្លាក់​ចុះ​ថែម​ទៀត​នៅ​ដើមឆ្នាំ​២០១៩​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​១៥​ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​មក​នៅ​ត្រឹម​៣.២០០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​បាន​បន្ដ​ធ្លាក់​ចុះ​ថែម​ទៀត​នៅ​ដើមឆ្នាំ​២០១៩​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​១៥​ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​មក​នៅ​ត្រឹម​៣.២០០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ។

ការ​ធ្លាក់​ចុះ​នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​បន្ត​ធ្លាក់​ចុះ និង​កត្តា​មួយ​ចំនួន​ទៀត​។ ទន្ទឹម​នឹង​នេះ លោក​ក៏​ចូលរួម​អបអរ​ផង​ដែរ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ធ្លាក់​ចុះ​នេះ ។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៩ ម្សិលមិញ​ថា តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​បន្ត​ធ្លាក់​ពី​ជាង​៤.០០០​រៀល​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៨ មក​នៅ​ត្រឹម​៣.២០០​រៀល​ក្នុង​១​លី​ត្រ​នៅ​ដើម​ខែមករា ឆ្នាំ​២០១៩​នេះ ។

លោក​បន្ដ​ថា ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​តម្លៃ​ប្រេង​ទីផ្សារ​ពិភពលោក​បន្ដ​ធ្លាក់​ចុះ និង​ការ​បែងចែក​ប្រេង​ទៅ​តាម​តំបន់ ។ ឧទាហរណ៍​ថា បើ​គេ​បែងចែក​ប្រេង​ទៅ​ទីផ្សារ​អឺរ៉ុប​ច្រើន នោះ​ប្រេង​នៅ​អាស៊ី​នឹង​នៅ​តែ​ថ្លៃ ។ យ៉ាងណា​ក៏​ដោយ លោក​រីករាយ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​រួម​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេងឥន្ធនៈ​នា​ពេល​នេះ ។

លោក​លើក​ឡើង​ថា ៖« យើង​ដឹង​ហើយ ប្រេងឥន្ធនៈ​វា​ពាក់ព័ន្ធ​នឹង​វិស័យ​ទាំងអស់ វា​មិនមែន​ប្រើប្រាស់​សម្រាប់​តែ​រថយន្ត ម៉ូតូ ឬ​គ្រឿងចក្រ​នោះ​ទេ ដូច្នេះ​កាលណា​ប្រេង​ចុះថ្លៃ វា​នឹង​ធ្វើ​ឱ្យ​ផលិតកម្ម ឬ​ការ​ចំណាយ​លើ​សេវា​ផ្សេង​ៗ ធ្លាក់​ចុះ​ដែរ ហើយ​នេះ​វា​បាន​ផ្តល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ​ផ្អែក​សេដ្ឋកិច្ច»​។ លោក​ថា ៖« ខ្ញុំ​មានការ​រីករាយ​ដោយ​មើល​ប្រជាពលរដ្ឋ​ទទួល​បាន​ប្រយោជន៍​ទូទៅ »​។

ប្រធាន​សមាគម​រួបរួម​គ្នា​អភិវឌ្ឍន៍​កម្ពុជា​លោក ឯ សុភា​ស់ បាន​បង្ហាញ​នូវ​ក្ដី​សប្បាយ​រីករាយ និង​សាទរ​ផង​ដែរ​ចំពោះ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុង​ចុះថោក​នេះ ព្រោះ​ការ​ធ្លាក់​ថ្លៃ​នេះ វា​ចូលរួម​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា​ក្រុម​លោក ។

លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ៖« វា​ជា​ឱកាស​សម្រាប់​ពលរដ្ឋ ពិសេស​អ្នក​ប្រកប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា​ពួក​យើង​នេះ និង​បាន​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​មួយ​ចំនួន ដោយ​ប្តូរ​មក​វិញ​នូវ​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល ហើយ​បើ​យើង​អាច​រក្សា​បាន​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​៣.២០០​រៀល​ក្នុង​១​លី​ត្រ​នេះ​មាន​រយៈពេល​យូរអង្វែង យើង​កាន់តែ​ទទួល​បាន​ប្រយោជន៍​ថែម​ទៀត »​។

លោក​បញ្ជាក់​ថា ៖« ក្នុង​១​ថ្ងៃ អ្នក​ប្រកប​របរ​រត់​កង់​បី​ដែល​ជា​សមាជិក​របស់​សមាគម​ចំនួន​២​ម៉ឺន​នាក់ ត្រូវការ​ប្រេងសាំង​ប្រមាណ​៤​ម៉ឺន​លី​ត្រ ដោយ​ក្នុង​១​គ្រឿង​ជា​មធ្យម​ត្រូវការ​ប្រេងសាំង​២​លី​ត្រ​សម្រាប់​រក​ទទួលទាន​ប្រចាំ ថ្ងៃ »​។

បើ​តាម​បញ្ជាក់​ពី​លោក ស៊ា​ង ថៃ តម្លៃ​ប្រេងឥន្ធនៈ​នៅ​គ្រា​បន្ទាប់ អាច​នឹង​បន្ត​ធ្លាក់​ចុះ ឬ​នៅ​ទ្រឹង​ត្រឹម​៣.២០០​រៀល​ក្នុង​១​លី​ត្រ ។ ទោះបី​យ៉ាងណា លោក​ថា ៖« យើង​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ទាល់តែ​៥​ឬ​៦​ថ្ងៃក្រោយ ទើប​អាច​មើលឃើញ​ពី​ចរន្ត​នៃ​ការ​ប្រែប្រួល »​។

ដោយឡែក តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​វិញ គិត​ត្រឹម​ម៉ោង​៥​និង​៤០​នាទី ថ្ងៃ​ទី​២ មក​រា ម្សិលមិញ ប្រេង​ឆៅ​របស់​អង់គ្លេស​(Brent)​ធ្លាក់​មក​នៅ​ត្រឹម​៥៣,១៦​ដុល្លារ​ក្នុង​១​ធុង និង​ប្រេង​សហរដ្ឋអាមេរិក (WTI) ធ្លាក់​មក​នៅ​ត្រឹម​៤៤,៨៧​ដុល្លារ​ក្នុង​១​ធុង ។

យោង​តាម​នាយក​ផ្នែក​ប្រេង និង​ឧស្ម័ន​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ JP Morgan បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ពុធ ថា ប្រសិនបើ​OPEC​មិន​កាត់​បន្ថយ​ប្រេង​ប្រមាណ​១,២​លាន​ធុង​ក្នុង​១​ថ្ងៃ​ទេ​នោះ តម្លៃ​ប្រេង​អាច​នឹង​ធ្លាក់​ចុះ​ទៀត​ឆ្នាំ​២០១៩​នេះ ។

លោក Scott Darling នាយក​ផ្នែក​ប្រេង និង​ឧស្ម័ន​រូប​នេះ​បាន​បន្ដ​ថា ៖« កត្តា​ដែល​បន្ត​រក្សា​តម្លៃ​ប្រេង​ឲ្យ​នៅ​ទាប​ក្នុង​ឆ្នាំ​២០១៩ រួម​មានការ​អន់​ថយ​នៃ​តម្រូវការ​ប្រេង​ឆៅ និង​ភាព​មិន​ប្រាកដប្រជា​លើ​ការ​ប្តេជ្ញា​របស់​សមាជិក OPEC ក្នុង​ការ​កាត់​បន្ថយ​ប្រេង​ប្រមាណ​១,២​លាន​ធុង​ក្នុង​១​ថ្ងៃ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ