រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០១៨នេះកម្ពុជាបាននាំចូលត្បូងពេជ្រមិនទាន់កែច្នៃមានទឹកប្រាក់សរុបជាង៦៤លានដុល្លារ បើធៀបនឹងឆ្នាំ២០១៧ មានជាង២០លានដុល្លារ ពោលគឺមានការកើនឡើងជាង២០០% ។ នេះបើតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម ។
តាមរបាយការណ៍បានបញ្ជាក់ថា ខណៈដែលកម្ពុជានាំចូលត្បូងពេជ្រមិនទាន់កែច្នៃមានកំណើនខ្ពស់នោះ នៅក្នុងឆាំ២០១៨នេះកម្ពុជាក៏បាននាំចេញត្បូងពេជ្រមិនទាន់កែច្នៃមានទឹកប្រាក់ជាង៣៩លានដុល្លារផងដែរ ខណៈឆ្នាំ២០១៧ ការនាំចេញមានទំហំទឹកប្រាក់ប្រមាណតែជាង៨លានដុល្លារប៉ុណ្ណោះ ។
លោក ស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការនាំត្បូងចូលត្បូងថ្ម ឬត្បូងពេជ្រយកមកកែច្នៃក្នុងស្រុកនេះ មិនមែនសម្រាប់បម្រើឲ្យសេចក្ដីត្រូវការក្នុងស្រុកទាំងស្រុងនោះទេ ភាគច្រើនគឺសម្រាប់នាំចេញ ដោយគេអនុវត្តនៅក្នុងកម្មវិធីមួយឈ្មោះថា « Kimberley Process » ហើយអាចនាំចេញបាន លុះត្រាតែប្រទេសនោះជាសមាជិកកម្មវិធីនេះ ។ ទោះបីយ៉ាងណា លោកបន្តថា ៖« ការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ យកមកកែច្នៃក្នុងស្រុកនេះ វាបានចូលរួមផ្តល់ប្រយោជន៍ទៅដល់កម្មករ ហើយត្បូងដែលយើងកែច្នៃរួច មិនមែនសម្រាប់ផ្គង់ផ្គង់តម្រូវការក្នុងស្រុកទាំងស្រុងនោះទេ ភាគច្រើននាំចេញត្រឡប់ទៅវិញ តាមរយៈសុំការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា »។
លោកបន្តថា កម្ពុជានាំចូលត្បូងពេជ្រមិនទាន់កែច្នៃពីប្រទេសបែលហ្ស៊ិក មកកែច្នៃ ហើយកម្ទេចត្បូងដែលសេសសល់ចំណែកតូចៗ គឺនាំចេញទៅប្រទេសដែលជាសមាជិកដូចគ្នាក្នុងនោះមានដូចជា ប្រទេសបែលហ្ស៊ិក និងវៀតណាមជាដើម ។តាមរយៈការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម បច្នុប្បន្នគឺមានតែក្រុមហ៊ុន១ប៉ុណ្ណោះដែលអនុវត្តគម្រោង Kimberley Process ហើយកំពុងប្រតិបត្តិការកែច្នៃត្បូងមិនទាន់កែឆ្នៃសម្រាប់នាំចេញ ។
ការធ្វើពាណិជ្ជកម្មត្បូងមានតម្លៃ ត្រូវធ្វើឡើងដោយប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិអន្តរជាតិដូចជា Kimberley Process ដើម្បីជៀសវាងការជួញដូរត្បូងមកពីតំបន់មានទំនាស់ ។ នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្ម ។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ឆ្នាំ២០១៦កម្ពុជានាំចូលត្បូងពេជ្រមិនទាន់កែច្នៃមានទឹកប្រាក់ជាង១៨លានដុល្លារ បើធៀបនឹងឆ្នាំ២០១៧ មានជាង២០លានដុល្លារ ។ ក្នុងរយៈពេលឆ្នាំដូចគ្នានេះដែរ កម្ពុជានាំចេញទៅវិញ មានទឹកប្រាក់ប្រមាណជាង៨,២លានដុល្លារ បើធៀបនឹងឆ្នាំ២០១៧ មានប្រមាណជាង៥,៧លានដុល្លារ កើនឡើងជាង២,៧លានដុល្លារ ៕
ចែករំលែកព័តមាននេះ