ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​…​ចិន​-​ខ្មែរ​រដូករណែល​ពេញ​ថ្នល់​ ក្រោយ​ឡាន​ដឹក​ខ្សាច់​បុក​រះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ប្រុស-​ស្រី​ប្រមាណ​ជាង​១០​នាក់បាន​រង​របួសធ្ងន់ ស្រាល​ និង​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ដឹក​ខ្សាច់ចំណុះ​៣​តោនបុក​រះ​ពេល​បើក​ចុះ​ចំណោត កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២ មក​រា នៅ​ចំណុច​ផ្លូវចំណោត​កាត់​វត្ត​លើ​ស្ថិតក្នុង​សង្កាត់​លេខ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ប្រុស-​ស្រី​ប្រមាណ​ជាង​១០​នាក់បាន​រង​របួសធ្ងន់ ស្រាល​ និង​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ដឹក​ខ្សាច់ចំណុះ​៣​តោនបុក​រះ​ពេល​បើក​ចុះ​ចំណោត កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២ មក​រា នៅ​ចំណុច​ផ្លូវចំណោត​កាត់​វត្ត​លើ​ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ អុ​ី សុខា ស្នងការ​រង​ទទួល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំណោត​ផ្លូវ​កាត់​វត្ត​លើ​ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង បាន​បុក​រះ​ទៅ​លើ​រថយន្ត​ម៉ូតូ​និង​រថយន្ត​ច្នៃ​មួយ​គ្រឿង បណ្តាល​ឱ្យ​មនុស្ស​ជាង​១០​នាក់ បាន​រង​របួសធ្ងន់ ស្រាល និង​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ។ នេះ​បើ​យោង​តាម​តួលេខ​បឋម​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​ភ្លាម​នោះ​ ត្រូវ​បាន​រថយន្ត​ឯកជន និង​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ចំនួន​៣​គ្រឿង​ បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ អុ​ី សុខា ស្នងការ​រង​បាន​បន្ត​ថា ចំពោះ​អត្តសញ្ញាណ​អ្នក​ស្លាប់ និងអ្នក​រង​របួស គិត​មក​ដល់​ត្រឹម​ម៉ោង​១ ​និង​១០​នាទី​ថ្ងៃ​ដដែល គេ​នៅ​ពុំ​ទាន់​ស្គាល់​អស់​នៅឡើយ​ទេ ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ចេញ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ផ្សេង​គ្នា​ចំនួន​៣ ។

ដោយឡែក​ ចំពោះ​មូលហេតុដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់ចំណុះ​៣​តោន ពណ៌​គ្រាប់អំពិល ពាក់​ស្លាក​លេខ KPS 0576 បើកបរ​ដោយ​បុរស​ម្នាក់ បើក​ចុះ​ចំណោត​ផ្លូវ​បេតុង​ដែល​ហាមឃាត់ ក៏​បាន​បុក​រះ​រថយន្ត​ច្នៃ​មួយ​គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-8434 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដែល​ផ្ទុក​មនុស្ស​ជា​ច្រើន​នាក់ រួច​បន្ត​ទៅ​បុក​កម្មករ​សំណង់​ជនជាតិ​ចិន​ដែល​នៅ​ក្បែរ​នោះ និង​បន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 1D 1703 ជិះ​គ្នា​ចំនួន​២​នាក់ (​បញ្ច្រាសទិស​) បណ្តាល​ឱ្យ​បាត់បង់​ជិ​វិត​អ្នក​បើក​ម៉ូតូ​ម្នាក់​នៅ​នឹង​កន្លែង ។

លោក​ឧត្តមសេនីយ៍ អុ​ី សុខា ស្នងការ​រង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំណុច​ផ្លូវ​បេតុង​នេះ ​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត ដាក់​រនាំង​ហាមឃាត់​រថយន្ត​មាន​កម្ពស់​លើស​ពី​២,៥០​ម៉ែត្រចុះបើ​កប​រលើ​ផ្លូវ​នេះ ។ ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់​នេះ បាន​កាច់ចង្កូត​បើក​វាង​រនាំង​ហាម ឃាត់​ហើយ​ចុះ​តាម​ផ្លូវ​នេះ ដែល​ជា​ផ្លូវ​ចំណោត​ខ្លាំង ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​តែ​ម្តង ។

លោក​ថ្លែង​ថា ដើម្បី​បញ្ចៀស​នូវ​ហេតុការណ៍​អាក្រក់​បែប​នេះ​ទៀត ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ សូម​អំពាវ នាវ​ហើយ​អំពាវនាវ​ទៀត​ ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ទំនិញ​ទាំងអស់ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​មេត្តា​រួម​គ្នា​គោរព​ច្បាប់ មិន​ថា​នៅ​ចំណុច​កើតហេតុ​នេះ​ទេ គឺ​ឱ្យ​តែ​នៅ​លើ​ដងផ្លូវ ត្រូវ​ចេះ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា ប្រកាន់​ច្បាប់​ជា​គោល ទើប​គេច​ផុត​ពី​គ្រោះថ្នាក់​ជាយថាហេតុ ។ តាម​ប្រភព​ព័ត៌មាន​ថា អ្នក​បើករថយន្ត​ដឹក​ខ្សាច់​ក្រោយ​កើតហេតុ​បុក​រះ ​ក៏​បាន​ដាក់​សាប៊ូ​គូទ​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ