ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​រដ្ឋសភា​បាន​សម្រេច​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​សម្រេច​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម ប្រឹក្សា​ខណ្ឌ ដែល​ខ្លឹម​សារបាន​កាត់​បន្ថយ​ការ​ឃោសនាបោះឆ្នោត ការ​ហែ​ក្បួន ការ​កំណត់​ភ្នាក់ងារ​គណបក្ស​នយោបាយ​…​។ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ​ដែរ​បាន​ស្នើ​ដោយ​ក្រុម​អ្នកតំណាង​រាស្ត្រ​ប្រមាណ​ជាង​៩០…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​សម្រេច​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម ប្រឹក្សា​ខណ្ឌ ដែល​ខ្លឹម​សារបាន​កាត់​បន្ថយ​ការ​ឃោសនាបោះឆ្នោត ការ​ហែ​ក្បួន ការ​កំណត់​ភ្នាក់ងារ​គណបក្ស​នយោបាយ​…​។

ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ​ដែរ​បាន​ស្នើ​ដោយ​ក្រុម​អ្នកតំណាង​រាស្ត្រ​ប្រមាណ​ជាង​៩០ រូប នេះ​ធ្វើ​ឡើង​នៅ​ចុងបញ្ចប់​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ និង​ដើមឆ្នាំ​ថ្មី ឆ្នាំ​២០១៩ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

លោក ជាម យៀ​ប តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី​លើក​ឡើង​ថា ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ត្រូវ​មាន​៦​ជំពូក ៩២​មាត្រា ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០០៨ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​មួយ​លើក នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសន​ក្រុមប្រឹក្សា ដែល​នៅ​ទំនេរ​ក្នុង​អាណត្តិ​ក្រុមប្រឹក្សា ។

លោក​បាន​បន្ត​ថា ខ្លឹមសារ​នៃ​ជំពូក និង​បទ​បញ្ញត្ត​នៃ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​បាន យោង​ទៅ​រក​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​១៩៩៧ ដែល​ក្រោយមក​ត្រូវ​បាន​រៀបចំ​ជា​ច្បាប់​ថ្មី​ចំនួន​២ គឺ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ឆ្នាំ​២០១៥ ស្រប​តាម​ស្មារតី​ជំពូក​ទី​១៥ ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជាម យៀ​ប ក៏​បាន​លើក​ហេតុផល​នៃ​សំណើរ​វិសោធនកម្ម​ច្បាប់​នេះ​យ៉ាង​ដូច្នេះ​ថា ដោយសារ​តែ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជា​ការ​បោះ​ឆ្នោត អ​សកល​ដូច​គ្នា ហេតុ នេះ​គោលការណ៍​បែបបទ និង​នីតិវិធី​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់បោះឆ្នោត​ទាំង​ពីរ គួរតែ​មាន​លក្ខណៈ​ស្របគ្នា ។

លោក​ជាម យៀ​ប បាន​បញ្ជាក់ «​យើងខ្ញុំ​ជា​តំណាងរាស្ត្រ​ហត្ថលេខី​សុំ​លើក​សំណើរ​ជូន​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ដែល​បាន​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា រួម​មានការ​លុប​ចោល​នូវ​២​ជំពូក កែសម្រួល​លេខ​ជំពូក កែសម្រួល​មាត្រា​យោង និង​បន្ថែម​នូវ​ខ្លឹមសារ​ថ្មី​ក្នុង​មាត្រា​មួយ​ចំនួន​» ។

ជំពូក​ទី​៤​ត្រូវ​បាន​កែប្រែ​មក​ជា​ជំពូក​ទី​៣​ថ្មី និង​ជំពូក​ទី​៦​ត្រូវ​បាន​កែប្រែ​មក​ជា​ជំពូក​ទី​៤​ថ្មី ។ លោក​ជាម យៀ​ប ក៏​បាន​ឲ្យ​ដឹង​ថា មាត្រា​១១ មាត្រា​៨៥ មាត្រា​៨៦ មាត្រា​៨៧ និង​មា ត្រា​៨៨ ត្រូវ​បាន​លុប​ចោល ដោយសារ​បទ​បញ្ញត្ត​នៃ​មាត្រា​ទាំងនេះ ត្រូវ​បាន​ចែង​នៅ​ក្នុង​ច្បាប់ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​យោង​ទៅ​លើ​ច្បាប់ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ជាម យៀ​ប​ក៏​បាន​ឲ្យ​ដឹង​ថា មាត្រា​១០ មាត្រា​១២ មាត្រា​១៣ មាត្រា​១៣(​ស្ទួន​) មាត្រា​១៧​មាត្រា មាត្រា​១៩ មាត្រា​៣០ មាត្រា​៤៤ មាត្រា​៤៦ មាត្រា​៥៥ មាត្រា​៥៧ មាត្រា​៥៨ និង​មាត្រា​ទាំងឡាយ​ចាប់ពី​ជំពូក​ទី​៤ ដល់​ជំពូក​ទី​៦ ត្រូវ​បាន​កែប្រែ​ដែល ក្នុង​នោះ​មានការ​កែសម្រួល និង​បន្ថែម​ខ្លឹមសារ​ថ្មី​រួម​មាន​មាត្រា​១៧​ថ្មី កំណត់​បន្ថែម​ទៀត​នូវ បុគ្គល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ។

មាត្រា​២៩​ថ្មី​កំណត់​អំពី​ការ​បន្ថយ​រយៈពេល​ផ្តល់​សុពលភាព​បញ្ជី​បោះ​ឆ្នោត​ពី​៣៥​ថ្ងៃ​មក​១៥​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត ។ មាត្រា​៣០​ថ្មី​កំណត់​អំពី​ការ​បន្ថយ​រយៈពេល​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ពី​៣៥​មក​១៥​ថ្ងៃ​វិញ មាត្រា​៤៥ ថ្មី កំណត់​អំពី​ការ​បន្ថយ​រយៈពេល​នៃ​ការ​ឃោសនាបោះឆ្នោត​ពី​១៥ ថ្ងៃ​មក​៨​ថ្ងៃ​វិញ ។ មាត្រា​៤៦​ថ្មី​កំណត់​ពី​ក​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ត្រូវធ្វើ​យ៉ាងច្រើន​២ ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ។ មាត្រា​៥៥​ថ្មី កំណត់​អំពី​ភ្នាក់ងារ​គណបក្ស​នយោបាយ សិទ្ធិ តួនាទី និង​លក្ខ ខណ្ឌ​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ