ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ បូ​រ៉ា ប្រកាស​មិន​បាន​ក្បត់បក្ស​ទេ​តែ​ក្បត់​លោក សម រ​ង្ស៊ី​តែ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គង់ បូ​រ៉ា អតីត​អ្នកតំណាង​រាស្ត្រ​សម្តែង​ប្រតិកម្ម​ឆ្លើយ​តប​លោក សម រ​ង្ស៊ី ខ្លាំង​ៗ​ថា មិន​បាន​ក្បត់​គណបក្ស​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក គង់ បូ​រ៉ា អតីត​អ្នកតំណាង​រាស្ត្រ​សម្តែង​ប្រតិកម្ម​ឆ្លើយ​តប​លោក សម រ​ង្ស៊ី ខ្លាំង​ៗ​ថា មិន​បាន​ក្បត់​គណបក្ស​នោះ​ទេ គឺ​ក្បត់​លោក សម រ​ង្ស៊ី​តែ​ប៉ុណ្ណោះ ។

ការ​ឆ្លើយ​តប​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​វាយប្រហារ​លោក និង​ឱ​ពុក​ខ្លួន (​គង់ គាំ​) ថា​មនុស្ស​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចំណោម​មនុស្ស​១១៨ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ ។ យ៉ាងណា​ក្តី​លោក គង់ បូ​រ៉ា បាន​បដិសេធ​ការ​ចោទប្រកាន់​ថា ក្បត់​អតីត​បក្ស​របស់​លោក​ដោយ​អះអាង​ថា លោក​មិន​បាន​ក្បត់​ទេ តែ​ក្បត់​លោក សម រ​ង្ស៊ី តែ​ប៉ុណ្ណោះ ។

លោក​គង់ បូ​រ៉ា បាន​ចោទ​ជា​សំណួរ​ត្រឡប់​ទៅ​កាន់​លោក សម រ​ង្ស៊ី វិញ​យ៉ាង​ដូច្នេះ​ថា​«​ម៉េច​ក៏​ត្រូវ​ក្បត់ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រលាយ​ហើយ ? បើ​ក្បត់​ប្រធាន​ស្តីទី​ប្រហាក់ប្រហែល​ត្រឹមត្រូវ​ជាង ព្រោះ​ខ្ញុំ​មិន​បាន​គាំទ្រ​មែន​» ។ ប្រតិកម្ម​របស់​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ដែល​តែងតាំង​គាំទ្រ​នយោបាយ​លោក សម រ​ង្ស៊ី នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៉ី បាន​ថ្លែង​សារ​ពី​ប្រទេស​បារាំង​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ មាន​មនុស្ស​២​នាក់​ប៉ុណ្ណោះ​ដែល​ក្បត់បក្ស ។

ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក គង់ គាំ និង​កូនប្រុស​របស់​លោក គឺ​លោក គង់ បូ​រ៉ា បាន​ប្រកាស​ជា​ចំហ​រថា ពួក​លោក​នឹង​ស្នើ​សុំ​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គ្រា​ដែល​លោក សម រ​ង្ស៉ី បាន​ព្រមាន​ថា ជន​ណា​ដែល​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ គឺជា​ជន​ក្បត់​អតីត​បក្ស​សង្គ្រោះ​ជាតិ ។

លោក​សម រ​ង្ស៊ី ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សំដី​ផ្សាយ​អះអាង​ថា ពេល​នេះ​អ្នក​នៅ​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្តាប់​តូច ដែល​មិន​បាន​យល់​ពី​សភាពការណ៍ ហើយ​លេងល្បែង​សម្តេច​ហ៊ុន សែន ដោយ​មិន​បានដឹង​ខ្លួន​ក៏​ទទួល​បរាជ័យ​ដែរ ពីព្រោះ​មិន​អាច​កកូរកកាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ខាងក្នុង​បាន​ដោយសារ​តែ​រក​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​អត់​បាន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ខកចិត្ត​ម្តងទៀត ។ ត្រង់​ចំណុច​នេះ​លោក សម រ​ង្ស៊ី បាន​ទទួលស្គាល់​ថា​មាន​មនុស្ស​របស់​គណបក្សកាន់អំណាច កំពុង​ស្ថិត​នៅ​ក្នុង​ជួរ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ។

តែ​យ៉ាងណា​ក្តី​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រត់គេច​ពី​សំណាញ់​ច្បាប់​នេះ បាន​អះអាង​ថា ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ មាន​មនុស្ស​២​នាក់ ប៉ុណ្ណោះ​តែ​ក្បត់បក្ស ។ ការ​អះអាង​របស់​លោក សម រ​ង្ស៊ី មាន​បំណង​វាយប្រហារ​ទៅ​លើ​លោក គង់​គាំ និង​លោក គង់ បូ​រ៉ា ដែល​មាន​បំណង​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ លោក សម រ​ង្ស៊ី ក៏​ហៅ​ឱ​ពុក​កូន ជា​មនុស្ស​ថោក ទាប ល្ងង់​មើល​ខ្លី ដែល​ចាញ់បោក និង​ខ្លួន​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន​សែន ។

សូម​ជម្រាប​ថា លោក គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មនុស្ស​ជំនិត លោក សម រ​ង្ស៊ី កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ប្រកាស​ស្វាគមន៍ និង​ស្នើ​ឲ្យ​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ប្រកួតប្រជែង​លើក​សមរភូមិ​នយោបាយ​ជាមួយ​គ្នា គណបក្ស​ផ្សេង​គ្នា ។ លោក​ក៏​បាន​ឌឺ​ទៅ​កាន់​លោក សម រ​ង្ស៊ី ថា​កុំ​បាន​និយាយ​តែ​មាត់​ត្រូវធ្វើ​តាម​សំដី ។

លោក​ថា សមាសភាព (​អង់​តែ​ន CNRP) លិចធ្លោ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាន និង​កំពុង​រង់ចាំ​ការ​ចូល​ស្រុក​របស់​«​ប្រធាន​ស្តីទី Every where » រួច​ហើយ សូមអ្នក​ក្លាហាន​ប្រវត្តិសាស្ត្រ​កុំ​ក្រលាស់​សម្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ