ខេត្តប៉ៃលិន ៖ ជារៀងរាល់ឆ្នាំគេតែងតែដឹងថា ឱ្យតែដល់រដូវប្រមូលផលដំឡូងមី គឺមានកម្មករប្រុសស្រីក្មេងចាស់ជាច្រើននាក់ចូលមកបោះតង់ស្នាក់នៅ ដើម្បីកាប់ចិញ្ច្រាំដំឡូងមីឱ្យថៅកែ រួចហាលស្ងួត ទើបគេលក់ឱ្យឈ្មួញដឹកតាមរថយន្តយកទៅលក់បន្តនៅប្រទេសថៃ ។
ដោយឡែកចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះកម្មករដែលធ្លាប់តែមកពីក្នុងខេត្តប៉ៃលិន បាត់ដំបង សៀមរាប កំពង់ឆ្នាំ និងខេត្តផ្សេងៗមួយចំនួនទៀតអត់ចូលមកស៊ីឈ្នួលកាប់ចិញ្ច្រាំដូចមុននោះទេ ។
បើតាមការរៀបរាប់ពីកម្មករម្នាក់ឈ្មោះ ជួន ប៉ុន ភេទប្រុស អាយុ៧២ឆ្នាំ ប្រពន្ធឈ្មោះ នៅ វឿង អាយុ៥៨ឆ្នាំ មកពីខេត្តកំពង់ស្ពឺ និងកម្មករម្នាក់ទៀតឈ្មោះ ហៀក អាយុ៥០ឆ្នាំ ប្តីឈ្មោះ ញ៉ែម រ៉ាត់ អាយុ៦៣ឆ្នាំ រស់នៅចំណុចស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ដោយបោះតង់ស្នាក់នៅកន្លែងចិញ្ច្រាំដំឡូងមី ស្ថិតនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ពួកគាត់បានចូលមកស៊ីឈ្នួលកាប់ចិញ្ច្រាំដំឡូងមី អស់រយៈពេលជាច្រើនខែមកហើយ ដោយនាំប្តីប្រពន្ធកាប់ចិញ្ច្រាំតាំងពីព្រឹករហូតដល់ពេលយប់ទើបឈប់សម្រាក ។
រីឯនៅពេលថ្ងៃពួកគាត់សម្រាកតែពេលហូបបាយប៉ុណ្ណោះទោះបីជាក្តៅរងាយ៉ាងណាក៏តស៊ូមិនហ៊ានឈប់នោះឡើយ ដោយ២នាក់ប្តីប្រពន្ធអាចកាប់ចិញ្ច្រាំដំឡូងមីបាន៤០ទៅ៥០កញ្ឆេដែរ ។ ពួកគាត់បន្តទៀតថា ការកាប់ចិញ្ច្រាំដំឡូងមីនៅឆ្នាំនេះតម្លៃមិនខុសពីឆ្នាំមុននោះទេ ដោយថៅកែឱ្យត្រឹមតែ១កញ្ឆេតម្លៃ១០០០រៀលប៉ុណ្ណោះ បើទោះបីជានៅឆ្នាំថ្មីនេះតម្លៃទីផ្សារឡើងខ្ពស់ជាងឆ្នាំមុនៗក៏ថ្លៃឈ្នួលកាប់ចិញ្ច្រាំដំឡូងមី នៅតែ១កញ្ឆេត្រឹម១០០០រៀលដដែល ។
ពួកគាត់បញ្ជាក់ថា បច្ចុប្បន្ននេះដំឡូងមីស្រស់១គីឡូក្រាម ម្ចាស់ស្តង់អាចលក់បានជាង២បាត(ប្រាក់ថៃ) ជាង២០០រៀល រីឯចំណិតដំឡូងមីស្ងួតថៅកែអាចលក់បាន១គីឡូក្រាម៥.៨ ទៅ៥.៩បាត (ប្រាក់ថៃ) ជាង៦០០រៀល ដែលតម្លៃនេះមានការកើនឡើងជាងឆ្នាំមុនៗទៅទៀត ។
តែទោះបីជាតម្លៃឈ្នួលកាប់ចិញ្ច្រាំមិនមានការឡើងថ្លៃបន្ថែមទៀត ក៏ពួកគាត់មួយចំនួនខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបានប្រាក់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយមិនចង់ចេញទៅរកស៊ីធ្វើការងារនៅប្រទេសគេនោះទេ ព្រោះឆ្ងាយពីភូមិឋានលំបាកចេញចូល ជាពិសេស ពេលមានជម្ងឺម្តងៗក៏លំបាករកពេទ្យមើលព្យាបាលផងដែរ ។
ចំណែកកម្មករចាស់ៗដទៃទៀតជាច្រើននាក់បានឱ្យដឹងដែរថា ការនាំគ្នាទៅស្នាក់នៅកាប់ចិ ញ្ច្រាំមើមដំឡូងមីក្នុងខេត្តប៉ៃលិននាពេលនេះមានការលំបាកបន្តិចដោយសារអាកាសធាតុត្រជាក់ខ្លាំង ហើយក៏មានទឹកសន្សើមច្រើន សូម្បីតែក្មេងតូចៗក៏ពិបាកទ្រាំបន្តិចដែរ លុះដល់ពេលថ្ងៃក្តៅខ្លាំង ទើបពួ កគាត់យកមែកឈើចងដាក់បាំងការពារកំដៅ ងាយស្រួលក្នុងបន្តកាប់ចិញ្ច្រាំដំឡូង ៕
ចែករំលែកព័តមាននេះ