ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​(APPF)​លើក​ទី​២៧

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) លើក​ទី​២៧ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) លើក​ទី​២៧ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ។

កិច្ចប្រជុំ​ក្រោម​មូលបទ​ស្តី​ពី «​ពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» (Strengthening Parliamentary Partnership for Peace, Security and Sustainable Development) ។ ពិធី​បើក​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២៧ ជា​ផ្លូវការ នឹង​ប្រារព្ធ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​០០​នាទី ដោយ​មាន​ព្រះរាជ​សារ​ស្វាគមន៍​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ។

ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ពេល​បើក​វេទិកា​សភា​ដែល​មាន​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា បណ្តា​ប្រទេស​សមាជិក​វេទិកា សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ចំនួន​២៧​ប្រទេស​នឹង​ចូលរួម​ព្រមទាំង​វត្តមាន​នៃ​គណៈប្រតិភូ​ភ្ញៀវ​កិត្តិយស និង​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ។

វេទិកា សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស «The Asia Pacific Parliamentary Forum» បាន​បង្កើត​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ដើម្បី​ជំរុញ​យន្តការ​សភា​ក្នុង​ការ​កសាង​សុខ​សន្តិភាព ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ដោយ​ចីរភាព ។

សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​វេទិកា​សភា​នេះ កាលពី​ឆ្នាំ​១៩៩៥ ។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​២៧​ប្រទេស ។ ដើម្បី​កិច្ចប្រជុំ​ដំណើរការ​រលូន និង​ល្អ​ប្រសើរ​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​ត្រៀម​រៀបចំ និង​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​លើក​ទី​២៧​នៃ​វេទិការ​សភា អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APPF) ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ (APPF) មាន​តំណាង​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ចំនួន​២១​ចូលរួម​កិច្ចប្រជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ