ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការពារ​ជាតិនឹង​អញ្ជើញ​​អនុព័ន្ធ​​យោធា​​​១៩​ប្រទេសទៅពិនិត្យ​​កន្លែង​​រ​ង​គ្រោះ​ និងប្រាសាទព្រះវិហារ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​រៀបចំ​​គម្រោង​​ទស្សនកិច្ច​​ពិសេស​មួយ​ដោយ​អញ្ជើញ​​នាំ​យក​អនុព័ន្ធ​​យោធា​​ប្រចាំ​ស្ថានទូត​នានា​នៅ​កម្ពុជា​១៩​ប្រទេស ធ្វើទស្សន​​កិច្ច​នៅ​​សមរភូមិ​​មុខ​ព្រំដែនប្រាសាទព្រះវិហារ ទីកន្លែង​​ដែល​បាញ់​គ្នា​​រយៈ​ពេល​​​៤​ថ្ងៃ (ថ្ងៃទី​​៤ ដល់​ទី​៧ កុម្ភៈ) ដើម្បី​បង្ហាញ​​​អនុព័ន្ធ​យោធាទាំង​​នោះ​ឱ្យ​​បានឃើញ​​​ជ្រួតជ្រាប​​ពី​កន្លែង​​​​រងគ្រោះ​​ដែល​ទាហាន​សៀម​​ឈ្លានពាន ជាពិសេស​ការ​ខូច​ខាត បែកបាក់​របស់​ប្រាសាទព្រះវិហារ ក្រោមការ​បាញ់កម្ទេច​​ពីសំណាក់​​​ទាហាន​​សៀម​​ដែល​ភ្ជាប់​ជា​មួយគ្រាប់​​បែក​​ចង្កោម ដាក់ក្នុង​​កាំភ្លើង​​ធំ​ប្រភេទ​​១០៥​មិល្លីម៉ែត្រ ​រហូត​ដល់​​១៥០​មិល្លី​ម៉ែត្រ ។​

​អ្នកនាំពាក្យ​​ក្រសួងការពារជាតិ លោក​ឧត្តម​​សេនីយ៍​ឯកឈុំ ​សុជាតិ បាន​មាន​​ប្រសាសន៍​​​ឱ្យ​​ដឹង​ថា ​ដំណើរទស្សន​កិច្ច​របស់​អនុព័ន្ធ​​យោធា​​១៩​ប្រទេស​​ប្រចាំ​​នៅកម្ពុជា ដែល​រៀបចំ​​ដោយ​ក្រសួង​​​ការពារជាតិនេះ នឹង​ធ្វើ​​ឡើង​នៅថ្ងៃទី​​​៣ មីនា ​២០១១ ​ស្អែកនេះ គឺយើង​​ចង់បង្ហាញ​​ការ​ពិត​ដល់​​​អនុព័ន្ធ​យោធា​​ឱ្យ​បានជ្រាប​​​ច្បាស់​​ឃើញ​ផ្ទាល់​ភ្នែក​…​កុំ​ឱ្យ​យើង​ចេះ​តែ​ថា ដោយគ្មាន​​ទឡ្ហីករណ៍​​ ។ សូមបញ្ជាក់​​​ថា ការអញ្ជើញ​​​អនុព័ន្ធ​​​យោធា​​១៩​ប្រទេស​​ទៅកាន់ព្រំដែនព្រះវិហារ​នេះ គឺ​ធ្វើឡើង​​បន្ទាប់ពី​​រដ្ឋាភិបាល​ថៃ​បាន​​នាំ​អនុព័ន្ធ​​យោធា​​របៀប​គ្នា​នេះ​ទៅ​កាន់​តំបន់​​ព្រំដែនក្នុង​ទឹក​ដី​របស់​គេ ដើម្បី​​​ពិនិត្យ​មើល​​ការ​ខូចខាត​​ផងដែរ ​ជា​ពិសេស​ផ្ទះក្រហម​​របស់ថៃ​នេះ​តែម្តង ៕​