ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្ដេជ្ញា​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ជា​សាធារណៈ​ថា នឹង​ប្ដេជ្ញា​ការពារ​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នេះ​ឡើយ ហើយ​សន្យា​ថា នឹង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​តម្លៃ​កសិផល និង​ផលិតផល​ក្នុងស្រុក​ដទៃ​ទៀត…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ជា​សាធារណៈ​ថា នឹង​ប្ដេជ្ញា​ការពារ​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នេះ​ឡើយ ហើយ​សន្យា​ថា នឹង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​តម្លៃ​កសិផល និង​ផលិតផល​ក្នុងស្រុក​ដទៃ​ទៀត ។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ និង​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៧ ធ្នូ កន្លង​មក លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ក្នុងស្រុក​ឲ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ទីផ្សារ​កាន់តែ​ច្រើន​នោះ លោក​នឹង​ជំរុញ​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​អនុវត្ត​គោលនយោបាយ​ជួយ​កសិករ ផលិតករ នៅ​តាម​មូលដ្ឋាន និង​តាម​សហគមន៍ និង​បង្រៀន​ពួក​គេ​ពី​របៀប​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប និង​របៀប​ប្រមូល​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖« មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ ដូច​ជា ធានា​នូវ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ដែល​ផលិត​បាន ដូច្នេះ​កសិករ​ដែល​ផលិត​បាន​ហើយ នឹង​មិន​មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​ទៀត​ឡើយ ហើយ​ចំណុច​ទាំងនេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​សេដ្ឋកិច្ច​ជា​រួម »​។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ៖«​ក្រសួងពាណិជ្ជកម្ម​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម កម្មន្តសាល ឧស្សាហកម្ម​កែ​ច្នៃ​-​ដំឡើង ឧស្សាហកម្ម​ផ្នែក​អេ​ទ្បិ​ច​ត្រូ​និក ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​(IDP ២០១៥ – ២០២៥) ហើយ​ត្រូវ​រៀបចំ​កម្មវិធី​ការងារ​ដើម្បី​ជួយ​ដល់​វិស័យ​ឯកជន ដើម្បី​ត​ភ្ជាប់​ការងារ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម និង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម សំដៅ​កាត់​បន្ថយ​ថ្លៃដើម​សម្រាប់​រុញ​ការ​អភិវឌ្ឍ​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) របស់​កម្ពុជា »​។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ផង​ដែរ​ថា ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ និង​វិស័យ​ឯកជន​កម្ពុជា ឲ្យ​ខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត ផលិត​ចេញ​នូវ​ទំនិញ​ថ្មី​ៗ​សម្រាប់​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ដោយ​បាន​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ នា​ឱកាស​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ចំនួន​៧​លើក​នៅ​ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង រាជធានី​ភ្នំពេញ និង​ខេត្តកោះកុង ក្នុង​គោលបំណង បំផុសប្រជាជន​កម្ពុជា​ឲ្យ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ដែល​ព្រឹត្តិការណ៍​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ក្នុង​ទិស​ដៅ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បរទេស និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ ទៅ​ក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម​បាន​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ក្រៅប្រទេស​ចំនួន​៣០​លើក និង​បាន​រៀបចំ​សម្របសម្រួល​ឲ្យ​មាន​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ចំនួន​៩៤​លើក ។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏​បាន​បង្កើត និង​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ហុងកុង ទីក្រុង​ក្វា​ង​ចូ​វ ទីក្រុង​ស៊ី​អាន ជាដើម ដែល​មានការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​ឯកសារ​ផ្សព្វផ្សាយ ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម ជា​អចិន្ត្រៃយ៍​របស់​កម្ពុជា និង​កំពុង​ដំណើរការ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​២​ថែម​ទៀត នៅ​ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង​គុន​មីង ប្រទេស​ចិន ។

លោក​បន្ថែម​ថា ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​តែងតែ​ស្វែងរក​ទីផ្សារ​សម្រាប់​ក​សិ​ផលិតផល​របស់​ខ្មែរ នៅ​រាល់ពេល​ពេល​ថ្នាក់ដឹកនាំ ក្រសួង​ចុះ​ទស្សនកិច្ច​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​ៗ​នៅ​លើ​សាកលលោក ដូច​ជា នៅ​បណ្ដា​ប្រទេស​អឺរ៉ុប អាស៊ី ជាដើម ។ ជា​លទ្ធផល មាន​វិនិយោគិន​បណ្ដា​ប្រទេស​ទាំងនោះ ក៏​បាន​ចាប់អារម្មណ៍ និង​ចង់​វិនិយោគ​នៅ​កម្ពុជា និង​នាំ​ផលិតផល​កម្ពុជា ទៅ​កាន់​ប្រទេស​គេ​ទៀត​ផង​ដែរ ។

តាម​រយៈ​កិច្ច​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ជា​ការ​កត់សម្គាល់ កម្ពុជា​បាន​ទទួល​ជោគជ័យ​លើ​ការ​បើក​ទីផ្សារ និង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចំនួន​១៤៧ ក្នុង​ពិភពលោក​។ ជាមួយ​គ្នា​នេះ ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៨ ជាមួយ​បណ្តា​ប្រទេស​នានា សម្រេច​បាន​ទំហំ​ទឹកប្រាក់​២៤.៩៨៥​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​ត្រឹម ២៣.៧៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ