ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ កម្ពុជា​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​ពេញលេញ​ទើប​សម្បូរ​សប្បាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​ពេញលេញ​នៅ​សព្វ​ថ្ងៃនេះ​ទើប​សម្បូរ​សប្បាយ ។ ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ជាង​៣០ ឆ្នាំ​មកនេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​ពេញលេញ​នៅ​សព្វ​ថ្ងៃនេះ​ទើប​សម្បូរ​សប្បាយ ។ ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ជាង​៣០ ឆ្នាំ​មកនេះ ខណៈ​ដែល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ​-​ឈ្នះ យ៉ាង​សប្បាយ​រីករាយ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​និង​ភរិយា​ពិតជា​មាន​ភាព​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ ចូល​ឆ្នាំ​២០១៩ នា​ពេល​រាត្រី​នេះ ដែល​បាន និង​កំពុង​ធ្វើ​នៅ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ ឈ្នះ​» ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ក្រៃ​លែង​ដោយ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិស​ទី​ដែល​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​គ្រប់​ៗ​គ្នា ។


សម្តេច​បញ្ជាក់​ថា​«​ពិត​ណាស់​ភាព​សប្បាយ​រីករាយ​ទាំង​អស់នេះ​កើត​មាន​ដោយសារ​តែ​កម្ពុជា​មាន «​សុខ​សន្តិភាព​» ពេញលេញ​ដែល​នាំ​ឲ្យ​ការ​លេង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​មិន​មានការ​ព្រួយបារម្ភ​នោះ​ឡើយ ។ សន្តិភាព​បាន​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឡើង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ​នានា​ទោះបី​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ ។ យើង​ត្រូវ​តែ​រួម​គ្នា​បន្ត​ការពារ​សន្តិភាព និង​ថែរក្សា​ស្ថេ​រ​ភាព​នយោបាយ​សង្គម​ឲ្យ​បាន​ល្អ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីក​ចម្រើន​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ស្នើ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់ ការពារ​សុខ​សុវត្ថិភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​មក​ចូលរួម​ឆ្លង​ឆ្នាំ​សកល​នៅ វិមាន ឈ្នះ ឈ្នះ នា​រាត្រី​នេះ​អោយ​បាន​ល្អ ។ ជូនពរ​បងប្អូន​ជនរួមជាតិ រួម​ទាំង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​កូនក្មួយ​យុវជន​យុវតី សិស្សានុសិស្ស ព្រមទាំង​កម្មករ​កម្មការិនី​ទូ​ទាំង​ប្រទេស​ជួប​តែ​សេចក្តីសុខ​សុភមង្គល ក្នុង​ក្រុម​គ្រួសារ សុខភាព​ល្អ និង​មាន​លាភ​សំណាងល្អ​គ្រប់​ៗ​គ្នា ចាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​សកល​ថ្មី​២០១៩ នេះ​តទៅ​កុំបី​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ