ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ឮព័ត៌​មាន​​​ថា​កូនប្រុស​ពៅ​​របស់លោកកាដាហ្វី​​ស្លាប់

15 ឆ្នាំ មុន

គេហទំព័រ Daily Record នៅថ្ងៃទី​​២២ មីនា ចេញផ្សាយ​​ព័ត៌មាន​ថា កូនប្រុស​​​ម្នាក់​របស់​មេដឹកនាំផ្តាច់ការ​​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​បាន​ត្រូវស្លាប់​នៅក្នុងទីក្រុង​​ទ្រីប៉ូលី ​ដោយសារ​រង​របួស​​ធ្ងន់ធ្ងរ​​​នៅថ្ងៃ​ដំបូងនៃ​​ការ​វាយប្រហារ​​​តាមអាកាស​​ និង​ពី​សមុទ្រ​​របស់​ប្រទេស​​លោក​ខាងលិច​​មានបារាំង​​ អង់គ្លេស និងសហរដ្ឋអាមេ​រិក ។​

តាមប្រភពព័ត៌មាន​​​​មិនច្បាស់​ការណ៍​មួយ​ថា កូនប្រុស​​របស់លោក​កាដាហ្វី រូបនេះ ​រង​របួស​ធ្ងន់​​​នៅពេល​យន្តហោះ​​ដែល​លោក​ជិះ​ត្រូវ​​បាន​អ្នក​បើក​ធ្វើ​​ឱ្យ​​ធ្លាក់ដោយចេតនា ។ ​លោកកា​ដា​ហ្វី ​មានការ​ព្រួយបារម្ភ​​យ៉ាងខ្លាំង​នៅ​ពេល​ទទួល​បាន​​ព័ត៌មាន​​​ថា កូនប្រុស​​​របស់លោក​រង​ការ​វាយប្រហារ ។​

ដោយឡែក ​តាមប្រភពព័ត៌​​មានពីកាសែត​អារ៉ាប់​​​មួយថា កូន​ប្រុសរបស់​លោកកាដាហ្វី ឈ្មោះ Khamis al-Gaddafi ស្លាប់​នៅ​​មន្ទីរ​ពេទ្យ​​ក្នុងទីក្រុង​​ទ្រីប៉ូលី ដោយ​សារ​របួស​ធ្ងន់​ធ្ងរ។ លោក Khamis al-Gaddafi ជា​កូន​ទី​៧ និង​ជា​កូនពៅ​​របស់លោកកាដាហ្វី ​មាន​​តំណែង​​ជា​មេបញ្ជា​ការ​​​កង​ពល​តូច ។​

ព័ត៌មាន​​​ពី​ការ​ស្លាប់របស់​លោក Khamis  លេច​​ឮ​កាលពីថ្ងៃទី​​​២១ មីនា កន្លង​មក ​ដោយ​ក្រុម​​​ប្រឆាំង​​​លោកកាដាហ្វី និយាយ​ថា ​លោក​បាន​ស្លាប់​​ដោយសារ​​របួស​ឆេះ​ខ្លួន​​ធ្ងន់ធ្ងរ​នៅ​​ពេលអ្នក​​បើក​​យន្ត​ហោះ​​ដែល​​លោកជិះ​​ធ្វើ​ឱ្យ​​យន្ត​ហោះ​​ធ្លាក់ ។​ ដោយឡែក ​ប្រភពព័ត៌​​មានមួយដែលស្និទ្ធ​​ក្រុមគ្រួសារ​​លោក​កាដាហ្វី​ អះអាង​ថា លោក Khamis មិនទាន់ស្លាប់ទេ ​គ្រាន់តែ​​រង​របួស​ប៉ុណ្ណោះ ៕​