រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកសា្លប់នៅតាមផ្លូវយ៉ាងអាណោចអាធ័ម ដោយសង្ស័យរថយន្តបុកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ នៅម្តុំលក់សាច់ក្រក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
សពបុរសវ័យចំណាស់ខាងលើ ដោយមិនបានស្គាល់អត្តសញ្ញាណនៅឡើយ សង្ស័យជាជនអនាថា។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុដោយឃើញសពបុរសវ័យចំណាស់ខាងលើបានស្លាប់នៅកណ្តាលផ្លូវមានបែកក្បាលធ្លាយខួរ និងបាក់ដៃខាងស្ដាំជាច្រើនកំណាត់ផងដែរ។
បើតាមសំដីរបស់នាយរងផ្នែកចរាចរណ៍ខណ្ឌឱ្យដឹងថា បុរសវ័យចំណាស់ខាងលើ គឺស្លាប់ដោយសារថយន្តបុក ហើយគាត់មិនអាចសន្និដ្ឋានថា បុរសវ័យរូបនេះដើរពីម្តុំកន្លែងលក់សាច់ក្រកនៅវត្តមកដល់ចំណុចខាងលើ ហើយមិនដឹងថា រថយន្តម៉ាកអ្វីបុកនោះឡើយ គឺគ្រាន់តែដឹងថា បុរសខាងលើត្រូវរថយន្តបុកសា្លប់តែប៉ុណ្ណេះ។
ចំណែកពលរដ្ឋម្នាក់បញ្ជាក់ប្រាប់ថា បុរសខាងលើជាជនអនាថាតែងតែធ្លាប់រស់នៅជិតវត្តអង្គស្តុក សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ តែមិនទាន់ប្រាកដនោះឡើយ ។ ហើយខណៈពេលភ្ញាក់ផ្អើលភ្លាមៗ គឺមានរថយន្តសង្គ្រោះឯកជន២គ្រឿងមកដល់កន្លែងកើតហេតុផងដែរ តែឃើញសពស្លៀកពាក់មិនស្អាតបាត ហើយសង្ស័យជាជនអនាថា រថយន្តសាមុយឯកជន ទាំង២គ្រឿងខាងលើបានបើកចេញបាត់អស់ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចចរាចរណ៍ខណ្ឌបានធ្វើការវាស់វែងរួច ដោយមានរថយន្តដឹកសពមួយគ្រឿងបានមកដឹកសពបុរសវ័យចំណាស់ខាងលើយកទៅតំកល់នៅវត្តពោធិ៍ចិនតុង រង់ចាំសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ