ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (តើដាក់បទអ្វីជួយប្រាប់ខ្ញុំផង) បទពាក្យ៨ទំនើប ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​គួរ​ដាក់​បទ​អ្វី​ជួយ​ប្រាប់​ខ្ញុំ​ផង? ​ខ្ញុំ​កើត​សៅហ្មង​កើតទុក្ខ​មា្ន​ក់​ឯង
​ ​ព្រោះ​ឃើញ​អ្នកខ្លះ​គេ​ប្រឹង​តាក់តែង​ ​ដូច​ហាក់​កំប្លែង​ឬ​ឃើញ​ក្បួន​ថ្មី​។

១.​    ​គួរ​ដាក់​បទ​អ្វី​ជួយ​ប្រាប់​ខ្ញុំ​ផង?    ​ខ្ញុំ​កើត​សៅហ្មង​កើតទុក្ខ​មា្ន​ក់​ឯង
   ​    ​ព្រោះ​ឃើញ​អ្នកខ្លះ​គេ​ប្រឹង​តាក់តែង​    ​ដូច​ហាក់​កំប្លែង​ឬ​ឃើញ​ក្បួន​ថ្មី​។
២.​    ​តើ​គាត់​ច្រឡំ​ឬ​មួយ​យ៉ាងណា?      ​ទើប​នាំ​គ្នា​ថា​បទ​ពាក្យ​ប្រាំបី
    ​    ​ដោយ​ខុស​ក្បួន​ដើម​ចាប់​ចួន​អត្ថន័យ​    ​ទាំងប្រុស​ទាំងស្រី​ចាប់​ចួន​ព្យាង្គ​បួន​។
៣.​    ​ខ្ញុំ​និយាយ​នេះ​ឥត​ហ៊ាន​អួត​ទេ​    ​តែ​ខ្ញុំ​សរសេរ​អាង​លើ​ច្បាប់​ក្បួន
       ​បទ​ពាក្យ​ប្រាំបី​មិន​ចួន​ព្យាង្គ​បួន​    ​តែ​ចាប់​ចុងចួន​ព្យាង្គ​បី​ឬ​ប្រាំ​។
៤.​    ​បើ​មិន​ជឿចិត្ដ​អាច​ជួយ​ពិនិត្យ​    ​បើក​ក្បួន​ជួយ​គិត​សូម​កុំបី​សាំ
   ​    ​តើ​ចួន​ព្យាង្គ​បួន .​ព្យាង្គ​បី​ឬ​ប្រាំ?​    ​បើ​តាម​ខ្ញុំ​ចាំ​ព្យាង្គ​​ប្រាំ​ឬ​បី​។
៥.​    ​មិនមែន​ចួន​និង​ព្យាង្គ​ទី​បួន​ឡើយ​    ​ខ្ញុំបាទ​សូម​ឆ្លើយ​បទ​ពាក្យ​ប្រាំបី
   ​    ​តែ​ចួន​ព្យាង្គ​ទី​ប្រាំ​ឬ​ទី​បី​    ​ទើប​សម​ត្រូវ​ន័យ​ពាក្យ​ប្រាំបី​ហើយ​។
៦.​    ​មាន​ដែល​ប្រាំបី​ចួន​និង​ព្យាង្គ​បួន​    ​តែ​មិនមែន​ក្បួន​ពាក្យ​ប្រាំបី​ឡើយ
   ​    ​គឺ​បទ​បថ្យាវត្ដ​មាន​យូរហើយ​    ​តែ​ខ្ញុំ​សូម​ឆ្លើយ​ចួន​ឆ្លង​ខុស​គ្នា​។
៧.​    ​នេះ​ជា​រឿង​ពិត​ឋិត​ក្នុង​អារម្មណ៍​    ​ដែល​ខ្ញុំ​ក្រៀមក្រំ​ឈឺចាប់​គ្រប់​គ្រា
   ​    ​មិនដឹង​ថ្ងៃ​ណា​បាន​ឯកភាព​គ្នា​    ​សរសេរ​កា​ព្យា​ដាក់​ឈ្មោះ​ត្រូវ​បទ​។
៨.​    ​សំរាប់​រូប​ខ្ញុំ​ចិត្ដធំ​ដាក់​ឈ្មោះ​    ​ថា​ឆ្លាត​ដូច​ងោះ​សរសេរ​ហើយ​កត់
   ​    ​បទ​ពាក្យ​៨​ទំនើប​ប្រាកដ​    ​ខ្លាច​ច្រឡំ​បទ​ខុស​ភ្លាត់​ក្បួន​ដើម​។
៩.​    ​សូម​អស់​រៀមច្បង​កុំ​សៅហ្មង​អី​    ​ព្រោះ​ខ្ញុំ​ក្មេងខ្ចី​លើក​ពាក្យ​មិន​ឆ្នើម
  ​    ​លើស​លោះ​ខ្ពស់​ទាប​ដោយ​ការ​ចាប់​ផ្តើម​    ​អាង​លើ​ក្បួន​ដើម​ដែល​ខ្ញុំ​ធ្លាប់​អាន​។
១០.​  ​បើ​ពិត​ខ្ញុំ​ស្តី​និយាយ​ត្រឹមត្រូវ​    ​សូម​ជួយ​កែ​ទៅ​ឱ្យ​តាម​លំ​អាន
   ​    ​ក្បួន​ពាក្យ​៨​តាំងពី​បុរាណ​    ​ថែទាំ​ឱ្យ​បាន​កុំ​បំភ្លេច​អី​។​    ​    ​    
    ​    
នៅ​ស្ទឹង​ត្រែងៈ​អង្គារ ទី​១៦ ខែមីនា ឆ្នាំ​២០១០ (២៣​:​១៥ នាទី​យប់​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១

Email:limchamroeun@yahoo.com