ខេត្តកណ្តាល ៖ ប្រភពច្បាស់ការបានលួចបង្ហើបថា ជោគវាសនាអ្នកបើកបររថយន្តដឹកថ្ម ស្លាកលេខ ខេមរភូមិន្ទ ដែលបានបើកបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ ប្រហែលអាចរួចពីសំណាញ់ច្បាប់ ខណៈកំពុងមានអ្នករត់ការអោយនៅក្រៅឃុំ ។ ចំណែកសាច់ញាតិជនរងគ្រោះកំពុងព្រួយបារម្ភមិនទាន់បានសំណងនៅឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបព្រែកហូរ ផ្លូវ១១៥កែងផ្លូវជាតិលេខ២ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះយែម ចន ភេទស្រី អាយុ៣៩ឆ្នាំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ២-ឈ្មោះប៉ែន រ៉េត ភេទស្រី អាយុ៤៣ ភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និង ៣-ឈ្មោះ ពុំ សុជាតិ ភេទប្រុស អាយុ២៩ ឆ្នាំភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។
រីឯអ្នកបើកបររថយន្តខាងលើឈ្មោះ ហ្គូ វ៉ាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសំបួរ ឃុំជើងពស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
លោកឧត្តមសេនីយ៍ត្រី វ៉ែន សាវឹន ស្នងការរងទទួលផែនចរចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា អ្នកបើកបររថយន្តនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅរសៀលនេះ ។
បើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយរថយន្តមួយគ្រឿង ពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរភូមិន្ទ ០២-៧៦៤៩ បើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកសាន់យ៉ាន់ ពណ៍ស គ្មានស្លាកលេខ បណ្តាលអោយមនុស្ស៣នាក់ផ្លោងខ្ទាតទៅនឹងថ្នល់ រងរបួសធ្ងន់ទាំងបីនាក់ ។
ភ្លាមនោះជនរងគ្រោះទាំងបីនាក់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមកពីអ្នកបើកបររថយន្តពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ០២-៧៦៤៩ មិនគោរពភ្លើងសញ្ញា(ស្តុប)៕
ចែករំលែកព័តមាននេះ