ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ត្រូវ​​​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹក​នាំ​ដោយ​លោក​​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ លោក​​ហៀក ចាន់​លាង អភិ​បាល​រង​ខណ្ឌ និង​លោក​ហ៊ី ​ណារិន អធិ​ការ​នគរ​បាល​​ខណ្ឌ​ចុះ​ឡោម​ព័ទ្ធ​បង្ក្រាប​ជាក់​ស្តែង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ខណៈ​​ដែល​ក្រុម​​អ្នក​​ញៀន​ល្បែង​ស៊ី​សង​​តាម​រយៈ​ការ​ភ្នាល់​​មាន់​ជល់​កំពុង​នាំ​គ្នា​​​ភ្នាល់​ឈ្នះ-​ចាញ់​​ដាក់​លុយ ។

​ក្នុង​ប្រតិប​ត្តិ​ការ​ខាង​លើ​នេះ សមត្ថ​កិច្ច​​បាន​ដក​​យក​មាន់​គក​​សម្រាប់​​ផ្គូ​ផ្គង​​ឱ្យ​​​ជល់​គ្នា​​ដាក់​លុយ​បាន​ចំនួន​៩​ក្បាល និង​ឃាត់​ខ្លួន​មនុស្ស​​ចំនួន​១៥​នាក់ ​រួម​ទាំង​ដក​ហូត​បាន​ប្រាក់​​រៀល និង​លុយ​ដុល្លារ​មួយ​ចំនួន​ពី​ក្រុម​អ្នក​ភ្នាល់​​មាន់​ជល់​ខាង​លើ​ ។ ក្នុង​​សកម្ម​ភាព​នោះ​ក៏​មាន​​​លោក​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ចូល​រួម​បង្ក្រាប​​ទីតាំង​ល្បែង​ភ្នាល់​​ខាង​លើ​នេះ​ផង​ដែរ ។ ​ក្រោយ​ប្រតិប​ត្តិ​ការ​សមត្ថ​កិច្ច​​ចម្រុះ​ក្នុង​ខណ្ឌ​មាន​ជ័យ បាន​ប្រមូល​ទាំង​មនុស្ស​ និង​​មាន់​​គក ព្រម​ទាំង​​ថវិកា​​​បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​មាន​ជ័យ ។

​លោក​ហ៊ី ណា​រិន អធិ​ការ​នគរ​បាល​​ខណ្ឌ​មាន​ជ័យ ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​​ថា ការ​បង្ក្រាប​ទី​តាំង​សង្វៀន​ជល់​មាន់​​​ខាង​លើ​នេះ គឺ​សមត្ថ​កិច្ច​ត្រូវ​​កសាង​សំណុំ​រឿង​បញ្ជូន​ទាំង​មនុស្ស​​ និង​​វត្ថុ​តាង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ចាត់​ការ​​តាម​នីតិ​វិធី ​។

​ប្រភព​ព័ត៌​មាន​​មួយ​ទៀត​​បាន​ឱ្យ​ដឹង​ថា ​ទីតាំង​សង្វៀន​​ជល់​មាន់​​ខាង​លើ​នេះ ទើប​​នឹង​លួច​​លាក់​ធ្វើ​សកម្ម​ភាព​ កាល​ពី​ពេល​​ថ្មីៗ​នេះ​ប៉ុណ្ណោះ ។ ​ដោយ​ឡែក​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​​គឺ ដោយ​សារ​មន្ត្រី​មូល​ដ្ឋាន​បាន​ទទួល​ព័ត៌​មាន​​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​​អំពី​ភាព​អនា​ធិប​តេយ្យ​នៅ​ក្នុង​ទីតាំង​​សង្វៀន​ជល់​មាន់​ខាង​លើ​នេះ ។ បន្ទាប់​ពី​ទទួល​បាន​​ព័ត៌​មាន​ភ្លាម​​លោក​ហៀក ចាន់​លាង អភិ​បាល​រង​ខណ្ឌ​មាន​ជ័យ ​​ដឹក​នាំ​កម្លាំង​ស៊ី​វិល​ចុះ​ពិនិត្យ​ជាក់​ស្តែង​​ក៏​​ឃើញ​មាន​សកម្ម​ភាព​​​ល្មើស​​ពិត​ប្រាកដ​មែន ទើប​ឈាន​ទៅ​ធ្វើ​​ការ​បង្ក្រាប​​ជា​​ទ្រុង​ទ្រាយ​​ធំ​តែ​ម្តង ។

លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ ​បាន​​ឱ្យ​ដឹង​ថា ​ការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់​មាន់​ខាង​លើ​នេះ ក៏​ជា​ការ​លុប​បំបាត់​​ល្បែង​ភ្នាក់​​មួយ​ដែរ ដែល​ជា​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-សង្កាត់​​មាន​សុវត្ថិ​ភាព​ដែល​មាន​លក្ខណៈ​សម្បត្តិ​ ៥​យ៉ាង​គឺ​១-គ្មាន​​សកម្ម​ភាព​ លួច​ ឆក់ ប្លន់​គ្រប់​ប្រភេទ ២-គ្មាន​​ការ​ផលិត​ ការ​ចែក​ចាយ​ និង​​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ខុស​ច្បាប់ ៣-គ្មាន​អំពើ​អនា​ចារ ការ​ជួញ​ដូរ​ស្ត្រី កុមារ និង​អំពើ​ហិង្សា​​ក្នុ​ងគ្រួសារ ៤-គ្មាន​ក្មេង​ទំនើង ​និង​៥-​គ្មាន​ការ​លេង​ល្បែង​ស៊ី​សង​ ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​បទ​ល្មើស​គ្រប់​ប្រភេទ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​និច្ច​កាល​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ ​តែង​តែ​ដឹក​នាំ​គណៈ​បញ្ជា​ការ​​ឯក​ភាព​ក្នុង​ខណ្ឌ​​ចុះ​បង្ក្រាប​​បទ​ល្មើស​​ផ្សេងៗ​មិន​ថា យប់​អធ្រាត្រ​ ឬ​ក៏​ថ្ងៃ​អាទិត្យ ឈប់​សម្រាក​ពី​ការ​ងារ​​ឡើយ ។ ចំពោះ​​សកម្ម​ភាព​នេះ​ហើយ​ទើប​ស័ក្តិ​សម​ជា​ភ្នែក​ច្រមុះ​របស់​​រាជ​រដ្ឋា​ភិបាល​​​ក្រោម​ការ​ដឹក​នាំ របស់​សម្តេច​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី ៕