រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រញ្ជួយព្រះធរណីកម្រិត៨,៩រិចស្ទ័រដ៏ខ្លាំងមួយកាលពីថ្ងៃទី១១ មីនា កន្លងមកនេះនៅភាគឦសានប្រទេសជប៉ុន រហូតបង្កឱ្យមានរលកយក្សស៊ូណាមីដ៏កាចសាហាវ ក្រៅពីការបំផ្លាញដ៏មហាសាលជាប្រវត្តិសាស្ត្រ ក៏មានរបាយការណ៍ថ្មីៗពីមនុស្សស្លាប់ដែលអាចកើនដល់ជាង១ម៉ឺននាក់ និងអ្នកបាត់ខ្លួនប្រមាណជាង១ម៉ឺននាក់ទៀត ដែលតួលេខនេះអាចនឹងមានការកើនឡើងទៀត ខណៈពេលការរុករកកំពុងត្រូវបានធ្វើនៅឡើយ។
ស្របពេលដែលមានគ្រោះមហន្តរាយដ៏ធំធេងនោះ កាលពីថ្ងៃទី១៣ មីនា នាយកដ្ឋានសារព័ត៌មាន និងឯកសារនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងមួយដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរដែលមានបងប្អូន ឬកូនចៅកំពុងស្ថិតនៅប្រទេសជប៉ុន ។
យោងតាមការប្រកាសនេះបានយោងទៅតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឱ្យដឹងថា មកទល់នឹងថ្ងៃនេះ (ទី១៣ មីនា) ពុំទាន់មានរបាយការណ៍ណាមួយថា មានគ្រោះថ្នាក់ដល់និស្សិត ឬប្រជាពលរដ្ឋកម្ពុជាណាម្នាក់នៅឡើយទេ ។ ទោះបីជាបែបណា សេចក្តីប្រកាសបានអំពាវនាវថា ក្នុងករណីជនរួមជាតិកម្ពុជា ណាមានបាត់ដំណឹងពីសាច់ញាតិ បងប្អូនដែលកំពុងស្នាក់នៅរៀនសូត្រនៅប្រទេសជប៉ុន ក្នុងតំបន់កើតហេតុ សូមទាក់ទងទៅមន្ត្រីស្ថានទូតនៅទីក្រុងតូក្យូ ។ សម្រាប់អាសយដ្ឋានទំនាក់ទំនងនោះ សូមអានសេចក្តីជូនដំណឹងដែលកោះសន្តិភាពបានថតចម្លងចុះផ្សាយខាងក្រោមនេះ រួមជាមួយនូវសាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសាររំលែកទុក្ខរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជូនដល់នាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសជប៉ុន ។



ចែករំលែកព័តមាននេះ