ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​​យល់ព្រម​​ទទួលយក​​ការ​បញ្ជា​ប្រតិបត្តិការ​​សឹក​នៅ​លីប៊ី

15 ឆ្នាំ មុន

អង្គការអូតង់​​ពេលនេះបាន​យល់ព្រម​​ទទួល​យក​ការបញ្ជា​​ទាំងស្រុង​​លើ​​ប្រតិបត្តិ​ការ​សឹក​នៅ​ប្រទេស​លីប៊ី ពីប្រទេស​​សម្ព័ន្ធមិត្ត​​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​​បង្កើន​​ការ​វាយ​ប្រហារ​​ប្រឆាំង​​កងទ័ព​របស់លោក​កាដាហ្វី ប្រសិនបើ​​ពួកគេ​នៅ​​តែ​បន្ត​​គំរាម​​កំហែង​​ជនស៊ី​វិល​​​ទៀត ។ ​ត្រូវជំរុញ​​​ដោយ​បណ្តា​​ប្រទេស​មហា​អំណាច​​ពិភពលោក ពិសេស​សហ​រដ្ឋ​អាមេរិក​ និង​អ៊ីតាលី ដើម្បីបញ្ជា​​ប្រតិបត្តិ​ការ​​យោធា​នៅ​លីប៊ី ​ឯកអគ្គ​រដ្ឋទូត​​មកពី​​ក្រុមសម្ព័ន្ធ​មិត្ត​​ ដែល​មាន​​២៨​​ប្រទេស​ជា​សមាជិក​បាន​សម្រេច​​អនុម័ត​​ផ្ទេរ​​​ការ​បញ្ជា​ប្រតិបត្តិការ​​សឹក​នៅ​លីប៊ី ។​
អគ្គលេខាធិការ​អង្គការ​អូតង់​​លោក Anders Fogh Rasumussen ថ្លែង​ថា «បំណង​របស់​​យើង​គឺ​​​ដើម្បី​​ការពារ​ជន​​ស៊ីវិល ដែលកំពុង​​ស្ថិត​ក្រោម​​ការ​គំរាមកំហែង​​វាយប្រហារ​​​ដោយ​កង​ទ័ព​​របស់​លោក​កាដាហ្វី ​​​។ អង្គការ​​អូតង់​​នឹង​អនុវត្ត​​​ពេញ​លេញ​នូវ​​​ទស្សន​វិស័យ​ទាំង​អស់​នៃ​​ដំណោះស្រាយ​​របស់ក្រុមប្រឹក្សា​​​សន្តិសុខ ​អង្គ​ការ​​សហប្រជាជាតិ​» ។​ ប៉ុន្តែ​​ទោះបីជា​បែប​ណា មន្ត្រី​​អង្គការ​អូតង់​​និយាយ​ថា ការ​ផ្ទេ​រ​ការ​បញ្ជា​នេះ​នឹង​ត្រូវការ​ពេល​​ពី​​៤៨ម៉ោង​​ទៅ​​៧២​​ម៉ោង​មាន​​ន័យ​ថា ​កងទ័ព​ប្រទេស​សម្ព័ន្ធ​មិត្ត​​នឹង​នៅ​ចូលរួមក្នុងប្រតិបត្តិការ​​ជាមួយទាហាន​អង្គ​ការ​​អូតង់​​​​រយៈ​ពេល​​​២ ឬ​​​៣​ថ្ងៃ​ទៀត​​សិន ។​
អង្គការ​​អូតង់​​បានយល់ព្រម​​ទទួល​យកការ​បញ្ជា​​ទាំង​ស្រុង​នូវ​​ប្រតិបត្តិការ​​​សឹកនៅលីប៊ី ​ក្រោយ​ពី​​ទទួលយក​ការ​បញ្ជា​លើតំបន់​​​ហាម​ហោះហើរ​​នៅលីប៊ី ​កាលពីពេលថ្មីៗកន្លងមក ។​
ក្រោម​កិច្ច​​​​ព្រមព្រៀង​​​ដែល​សម្រេច​បាន​​កាល​ពី​​ថ្ងៃទី​​​២៧ មីនា កន្លង​មក ​តួនាទីរបស់​​អង្គ​ការ​អូតង់​​​នឹងធំទូលាយ​ជាង​មុន ដោយ​​​នឹង​បើក​ការ​វាយ​​ប្រហារ​​តាមផ្លូវ​​គោក ក្នុង​​ករណីដែល​​ជន​ស៊ីវិល​​ត្រូវ​គំរាមកំហែង ។​
ក្រោយ​ពី​អង្គការ​​អូតង់​យល់ព្រម​ទទួល​យក​​​ការ​​បញ្ជា​ទាំង​ស្រុងលើ​​​ប្រតិបត្តិការ​​​សឹក ​ប្រទេស​អង់គ្លេស​ នឹងបើក​​ធ្វើសន្និសីទ​​​ជាលក្ខណៈ​អន្តរ​ជាតិ ​មួយនៅ​ក្នុង​​ទីក្រុង​​ឡុងដ៍​ថ្ងៃទី​​២៩ មីនា ដើម្បី​​កំណត់​​គោល​​នយោ​បាយ​សម្រាប់​ប្រតិបត្តិ​ការ​​សឹកនៅលីប៊ី ​ប្រឆាំង​មេ​ដឹកនាំ​​​ផ្តាច់ការ​​​របស់​​ប្រទេស​​នេះ​លោក​មូអាម៉ា ​​កាដាហ្វី ៕