ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​ជិត​11​លាន​ដុល្លារ​រយៈពេល​11​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រៃសណីយ៍​កម្ពុជា ដែល​ជា​ស្ថាប័ន​ស្វយ័ត​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​នេះ ក្នុង​នោះ​គិត​ត្រឹម​រយៈពេល​១១​ខែ​ដើមឆ្នាំ​នេះ ទទួល​បាន​ចំណូល​ប្រមាណ​១០,៥​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​រំពឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រៃសណីយ៍​កម្ពុជា ដែល​ជា​ស្ថាប័ន​ស្វយ័ត​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​នេះ ក្នុង​នោះ​គិត​ត្រឹម​រយៈពេល​១១​ខែ​ដើមឆ្នាំ​នេះ ទទួល​បាន​ចំណូល​ប្រមាណ​១០,៥​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​រំពឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៨​នេះ នឹង​ទទួល​បាន​ប្រាក់​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា លោក អោ​ក បូ​រ៉ា បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សាខា​ប្រៃសណីយ៍​កម្ពុជា មា​នទី​តាំងនៅ​ផ្សារ​ទំនើប​អុ​ី​អន សែន​សុខ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ម្សិល​មិញ​ថា បន្ទាប់​ពី​ប្រៃសណីយ៍​កម្ពុជា​បាន​កែទម្រង់​ជា​ថ្មី​កាលពីដើម​ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ ប្រៃសណីយ៍​កម្ពុជា មាន​ប្រាក់​ចំណេញ​ជា​រៀង​រាល់​ឆ្នាំ និង​មាន​ប្រាក់​បន្ថែម​សម្រាប់​ផ្ដល់​ជូន​បុគ្គលិក​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

លោក​បន្ដ​ថា ៖« បុគ្គលិក​និយោជិត​របស់​យើង តែងតែ​ទទួល​បាន​នូវ​ប្រាក់ខែ​ទី​១៣ ឬ​ទី​១៤ ទៅ​តាម​ទំហំ​ទឹកប្រាក់​ដែល​ស្ថាប័ន​រកបាន​ចំណេញ​ក្នុង​មួយ​ឆ្នាំ​ៗ តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ អាច​ឈាន​ទៅ​ដល់​ការ​លើកទឹកចិត្ត​ប្រាក់ខែ​ទី​១៥ »​។

លោក​បន្ត​ថា សម្រាប់​ប្រាក់​ចំណូល​របស់​ប្រៃសណីយ៍​កម្ពុជា កាលពី​ឆ្នាំ​២០១០ មាន​ត្រឹមតែ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ តែ​បន្ទាប់​ពី​កែទម្រង់​រួច​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ ជាក់ស្ដែង​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៨​នេះ ប្រាក់​ចំណូល​ពី​សេវាកម្ម​របស់​ប្រៃសណីយ៍​កម្ពុជា មាន​ជាង​១០,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​រំពឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៨ នឹង​រក​ចំណូល​បាន​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ឆ្នាំ​២០១៧​កន្លង​ទៅ ចំណូល​ពី​សេវាកម្ម​ផ្សេង​ៗ​របស់​ប្រៃសណីយ៍​កម្ពុជា​បាន​តែ​៨,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា ៖« ប្រាក់​ចំណូល​របស់​ប្រៃសណីយ៍​កម្ពុជា កើនឡើង​ក្នុងឆ្នាំនេះ បាន​មក​ពី​កំណើន​នៃ​សេវាកម្ម​បញ្ញើ​តាម​រយៈ E-Commerce ។ មាន​ន័យ​ថា ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ធំ​បាន​បញ្ជា​ទិញ​ទំនិញ​តាម​អន​ឡាញ​ច្រើន ដូច្នេះ​ហើយ​ទើប​មានការ​ផ្ញើ​អីវ៉ាន់​ពី​ក្រៅប្រទេស មក​កាន់​កម្ពុជា​កាន់តែ​ច្រើន ធ្វើ​ឲ្យ​ចំណូល​ក៏​កាន់តែ​ច្រើន​ឡើង​ដែរ » ។

លោក​បាន​លើក​ឡើង​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​បាន​ងាក​មក​ប្រើ​សេវាកម្ម​សាធារណៈ​កាន់តែ​ច្រើន​ផង​នោះ បច្ចុប្បន្ន​នេះ ប្រៃសណីយ៍​កម្ពុជា​បាន​ពង្រីក​សាខា​នៅ​ទូ​ទាំង​ប្រទេស​រហូត​ដល់​៥៤​សាខា ក្នុង​នោះ​នៅ​ភ្នំពេញ មាន​ចំនួន​១១​សាខា និង​នៅ​តាម​បណ្ដា​ខេត្ត​៤៣​សាខា ។

លោក អោ​ក បូ​រ៉ា បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​គោលដៅ​ក្រៅប្រទេស​វិញ ប្រៃសណីយ៍​កម្ពុជា មាន​កិច្ច​សហប្រតិបត្តិការ​ចំនួន​១៩២​ប្រទេស​នៅ​លើ​ពិភពលោក ដែល​ធ្វើ​ឲ្យ​វិសាលភាព​សេវាកម្ម​របស់​ប្រៃស​ណីយ៍​កម្ពុជា កាន់តែ​មាន​ភាព​ទូលាយ​ជាង​មុន ។

លោក​បន្ថែម​ទៀត​ថា ក្រៅពី​សេវាកម្ម​ប្រៃសណីយ៍ ស្ថាប័ន​មួយ​នេះ​ក៏​មាន​សេវាកម្ម​ដឹក​អ្នកដំណើរ​ទៅ​កាន់​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​តាម​បណ្ដា​ខេត្ត និង​បង្កើត​ធនាគារ​មួយទៀត​សហការ​ជាមួយ​ធនាគារ កា​ណា​ឌី​យ៉ា និង​ក្រុមហ៊ុន​ហ្វ៊ូ​លើ​តុ​ន ផ្ដល់​សេវា​ធនាគារ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ ធនាគារ​ប្រៃសណីយ៍​កម្ពុជា មាន​ដើមទុន​សរុប​ប្រមាណ​៨៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​រក​ប្រាក់​ចំណេញ​បាន​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ និង​មាន​ផែនការ​រក​ចំណេញ​ឲ្យ​បាន​១៥០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ ។

លោក​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រៃសណីយ៍​កម្ពុជា​មាន​ដៃគូ​ប្រកួតប្រជែង​ច្រើន ។ ជាក់ស្ដែង​គ្រាន់តែ​ក្រុមហ៊ុន​រកស៊ី​ផ្ដល់​សេវាកម្ម​បញ្ញើ​ទូ​ទាំង​ប្រទេស​មាន​រហូត​ដល់​ជាង​៣០​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​សេវាកម្ម​របស់​ប្រៃសណីយ៍​កម្ពុជា​មាន​ភាព​ចង្អៀត ក៏​ប៉ុន្តែ​ប្រៃសណីយ៍​កម្ពុជា នឹង​ខិតខំ​កែប្រែ​ពី​ដៃគូ​ប្រកួតប្រជែង​ទៅ​ជា​ដៃគូ​សហការ និង​ចូលរួម​ធ្វើការ​សហការ​ជាមួយ​គ្នា ផ្ដល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​មាន​តម្លាភាព និង​ភាព​ជឿជាក់ ។ លោក​ថា ៖« ក្នុង​ន័យ​នេះ យើង​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ផ្ដល់​សេវា​ឲ្យ​កាន់តែ​លឿន និង​រហ័ស ហើយ​យើង​នឹង​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

មួយវិញទៀត ពេល​នេះ​ដែរ ប្រៃសណីយ៍​កម្ពុជា ក៏​បាន​បំពាក់​ប្រព័ន្ធ​តាមដាន​ទំនិញ​របស់​អតិថិជន ដើម្បី​ឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​តាមដាន​ទំនិញ​របស់​ខ្លួន ដែល​ផ្ញើ​ទៅ​កាន់​ដៃគូ​ម្ខាង​ទៀត ដែល​អាច​ឲ្យ​ដៃគូ​ម្ខាង​ទៀត​មក​ទទួល​ទំនិញ តាម​ពេលវេលា​ជាក់លាក់ ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ​នោះ​ឡើយ » ៕  ដោយ​​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ