ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ CIMB ៖ «​យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ កន្លង​ទៅ​នេះ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB)…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ កន្លង​ទៅ​នេះ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​បាទី ក្នុង​ខេត្តតាកែវ ដោយ​បាន​ប្រគល់​ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ជា​ច្រើន សម្រាប់​សម្រួល​ដល់​ការ​សម្រាល​ទារក​រួម​មាន​អេកូ​ស្ទង់​ចង្វាក់ បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ឧបករណ៍​វាស់​ចង្វាក់បេះដូង​ទារក និង​អ្នកជំងឺ គ្រែ​សម្រាប់​សម្រាលកូន គ្រែ​សម្រាក​សម្រាប់​អ្នកជំងឺ គ្រែ​សម្រាប់​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ កៅអី​រុញ និង​តុ​សម្រាប់​ដាក់​សម្ភារៈ​ពេទ្យ​ជាដើម ។

សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ CIMB លើក​នេះ គឺ​ផ្តោត​សំខាន់​លើ​ផ្នែក​សម្ភព​នៅ​តាម​ជនបទ ក្រោម​ពាក្យស្លោក «​ធនាគារ CIMB យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ​» ។


លោក​ប៊ុ​ន យី​ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​ថា «​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី​បាន​ប្រកាន់​លើ​គោលការណ៍​ឲ្យ​ត្រឡប់​ជូន​ទៅ​សហគមន៍​មួយ​ចំណែក​ពី​ប្រាក់​ចំណេញ​របស់​ធនាគារ​ពី​ការ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នោះ ។ ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ដែល​តែងតែបាន​រួមចំណែក​ជួយ​ត្រឡប់​ដល់​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ។

សម្រាប់​ឆ្នាំ​នេះ​ធនាគារ​បាន​ជ្រើស​យក​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​កុមារ គឺ​ដើម្បី​ចូលរួម​ចែករំលែក និង​លើក​ស្ទួយ​ដល់​សុខមាលភាព​របស់​ប្រជាជន និង​និរន្ត​ភាព​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​នូវ​ជំនួយ​ជា​ធនធាន សម្រាប់​ការ​ថែទាំ​សុខភាព ជា​ពិសេស​ការ​ថែទាំ​ស្ត្រី​ឆ្លងទន្លេ ទារក និង​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​ពេញលេញ​» ។


មិនតែប៉ុណ្ណោះ លោក​ប៊ុ​ន យី​ន បាន​បញ្ជាក់​ផង​ដែរ​ថា ការ​សម្រាល​ទារក​របស់​ម្តាយ ប្រកបដោយ​ភាព​ជោគជ័យ និង​មាន​សុវត្ថិភាព គឺជា​សុភមង្គល​ពិតប្រាកដ​របស់​គ្រួសារ​នីមួយ​ៗ ។ ហើយ​បើ​អ្នក​ម្តាយ​គ្រប់​រូប​ពុំ​ទទួល​បាន​សេវា​សុខភាព​ល្អ​គ្រប់គ្រាន់​ទេ​នោះ ទារក និង​កុមារ​ទាំងឡាយ​ក៏​នឹង​មាន​សុខភាព​ទន់ខ្សោយ ទៅ​តាម​នោះ​ដែរ​។ ហេតុ​ដូច្នេះ​ហើយ ធនាគារ CIMB ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ក្នុង​ការ​រួមចំណែក​យកចិត្តទុកដាក់ ដល់​សុវត្ថិភាព និង​សុខភាព​មាតា និង​ទារក នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​មន្ទីរពេទ្យ​បង្អែក​បាទី ខេត្តតាកែវ​នេះ​តែ​ម្តង​។ ហើយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ធនាគារ CIMB នឹង​មាន​ផែនការ​លើកកម្ពស់​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម នៅ​តាម​សហគមន៍​នានា ឲ្យ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​យូរអង្វែង ជា​បន្តបន្ទាប់​។


ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ធនាគារ CIMB លោក​វេជ្ជបណ្ឌិត សៅ ចាន់​ថា ប្រធាន​មន្ទីរពេទ្យ​បង្អែក​បាទី បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​អញ្ជើញ​មក និង​ឧបត្ថម្ភ​សម្ភារៈ​ពេទ្យ​ជា​ច្រើន ដល់​មន្ទីរពេទ្យ​យើងខ្ញុំ​។ គ្រឿង​បរិក្ខារ​ពេទ្យ​ទាំង​អស់នេះ គឺ​ពិតជា​ចាំបាច់​ណាស់ សម្រាប់​បង្កើន​ការ​ផ្តល់​សេវា​សុខាភិបាល និង​ជា​ពិសេស​ការ​សម្រាលកូន ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យើងខ្ញុំ​។

ជាក់ស្តែង​អេកូ​ស្ទង់​ចង្វាក់បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ដែល​មាន​ភាព​ទំនើប​នេះ គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំង​ណាស់ សម្រាប់​គ្រូពេទ្យ​របស់​យើងខ្ញុំ​ពិនិត្យ​អ្នកជំងឺ ហើយ​មន្ទីរពេទ្យ​យើងខ្ញុំ​ទើបតែ​មាន​ប្រើ​ជា​លើក​ទី​១​ផង​ដែរ​។ ជា​ចុង​ក្រោយ​នេះ ខ្ញុំ​សូម​កោតសរសើរ​ដល់​ធនាគារ CIMB សម្រាប់​ការ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​បង្អែក​បាទី និង​សហគមន៍​ដទៃ​ទៀត ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​មាន​ក្រុមហ៊ុន និង​ស្ថាប័នឯកជន​កាន់តែ​ច្រើន​ឡើង ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​សង្គម​ជាតិ​»​។

សូម​បញ្ជាក់​ថា ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅ​ក្នុង​ខេត្ត​រាជធានី​សំខាន់​ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។

ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់​ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ