រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីវិញស្រវឹងបានបើករថយន្តម៉ាកឡិចស៊ិស៤៧០ ជ្រុលទៅបុកផ្ទប់ រថយន្តស៊េរីទំនើបចំនួន២គ្រឿងផ្សេងទៀត ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលអោយរងការខូចខាត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ចំណុចផ្លូវ៣១០ កែងនិងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិជប៉ុនម្នាក់ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ស៊េរីទំនើប២គ្រឿង មួយគ្រឿង ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ២W-១១១៦ និងមួយគ្រឿងទៀតម៉ាកឡង់គ្រីស្ស័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ២R-៣១៣៤ បើកបរដោយបុរសជនជាតិជប៉ុនម្នាក់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តម៉ាកឡង់គ្រីស្ស័រទាំង២គ្រឿងបានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ពណ៌ទឹកប្រាក់ បើកនៅខាងមុខ លុះមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុប ក៏ស្រាប់តែបុរសម្នាក់ជាជនជាតិខ្មែរ មានវ័យជាង៣០ឆ្នាំ បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២E-៨៩៩៩ បើកបរក្នុងទិសដៅស្របគ្នាមកពីក្រោយក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះក៏ជ្រុលទៅបុករុញផ្ទប់រថយន្តឡង់គ្រីស្ស័រ ស៊េរីទំនើបទាំង២គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលអោយរថយន្តទាំង៣គ្រឿងរងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ ។
ភ្លាមៗនោះដែរ ភាគីរថយន្តទាំង៣គ្រឿងបានធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តម៉ាកឡង់គ្រីស្ស័រទាមទារសំណងចំនួន១ពាន់ដុល្លារ តែពេលនោះខាងរថយន្តបង្កថាថ្លៃពេក ក៏អោយសមត្ថកិច្ចជំនាញធ្វើការវាស់វែង ។
ក្រោយពេលកើតហេតុ ដោយសារការសម្របសម្រួលគ្នាមិនត្រូវរ៉ូវគ្នា រថយន្តទាំងបីគ្រឿងត្រូវបានសមត្ថ
កិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយជាបន្តទៀត ៕
ចែករំលែកព័តមាននេះ