យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មានផ្លូវការចិនស៊ីនហួ ថ្ងៃទី៨ មីនា បានដកស្រង់សម្តីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងនៅថ្ងៃទី៨ មីនា នេះថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានផ្លាស់ប្តូរវេនបានស្នើឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសកម្ពុជា-ថៃ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ មីនា ខាងមុខនេះ នៅក្នុងទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូនេស៊ី ។ លោកកុយ គួង ថ្លែងឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូេនស៊ី លោកម៉ាធី ណាតា ឡេហ្គាវ៉ា កាលពីថ្ងៃទី៧ មីនា កន្លងមក បានផ្ញើលិខិតមួយច្បាប់មកកម្ពុជាស្នើរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ទទួលបន្ទុកកំណត់ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅក្នុងទីក្រុងបូហ្គ័រ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានដកស្រង់សម្តីលោកកុយ គួង ដែលថ្លែងទៀតថា «កាលពីព្រឹកមិញនេះ (ថ្ងៃទី៨ មីនា) លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឆ្លើយតបរួចហើយចំពោះសំណើនេះគឺកម្ពុជាឯកភាពចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ។ លោកកុយ គួង ថ្លែងបន្តទៀតថា «នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកណាតាឡេហ្គាវ៉ា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានសរសេរថា កិច្ចប្រជុំនោះត្រូវតែរៀបចំឡើងដោយមានការចូលរួមពីប្រធានអាស៊ាន ឬតំណាងអាស៊ានយ៉ាងហោចណាស់ក៏បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំដែរ ។ រួចនៅពេលកិច្ចប្រជុំចប់ កម្ពុជា និងថៃត្រូវតែរាយការណ៍ពីលទ្ធផលនៃការប្រជុំជូនទៅប្រធានអាស៊ាន» ។ កម្ពុជាសង្ឃឹមថា ថៃនឹងឯកភាពចំពោះសំណើបើកកិច្ចប្រជុំនោះដែរ ។ ទោះបីជាបែបណា ខាងភាគីថៃមិនទាន់ឆ្លើយតបយ៉ាងណាចំពោះសំណើរបស់ប្រធានអាស៊ាននោះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ