ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី ជិន​ពីង ថ្លែង​ពី​កំណែទម្រង់​ប្រទេស​ចិន​រយៈពេល​40​ឆ្នាំ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​កិច្ចប្រជុំ​អបអរ​ខួប​ទី​៤០​នៃ​ការ​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​របស់​ប្រទេស​ចិន នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​អង្គារ​កន្លង​មក លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន…

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​កិច្ចប្រជុំ​អបអរ​ខួប​ទី​៤០​នៃ​ការ​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​របស់​ប្រទេស​ចិន នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​អង្គារ​កន្លង​មក លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បាន​លើក​ឡើង​ពី​ការ​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​គឺជា​បដិវត្តន៍​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន និង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ chinadaily.com.cn ។

លោក​ស៊ី ថ្លែង​ថា ៖« វា​គឺជា​បដិវត្តន៍​ដ៏​ល្អ​មួយ​ដែល​ជំរុញ​ដល់​ការ​លូតលាស់​សម្រាប់​របប​សង្គមនិយម​ដែល​មាន​បុគ្គលិកលក្ខណៈ​បែប​ប្រទេស​ចិន »​។

លោក​ប្រធានាធិបតី បាន​បន្ថែម​ថា ការ​ធ្វើ​កំណែទម្រង់ និង​ការ​បើក​ទូលាយ គឺជា​ការ​ដាស់​គណបក្ស​ក​ម្មុនី​ស្ត​ចិន​សា​ជា​ថ្មី​ផង​ដែរ ដែល​ជំរុញ​ដល់​ការ​បង្កើត​ថ្មី​ទាំង​ក្នុង​ផ្នែក​ទ្រឹស្តី និង​សកម្មភាព​សម្រាប់​គណបក្ស ។

លោក​ស៊ី បាន​បន្ត​ថា ៖« ប្រទេស​នេះ​បាន​រក្សា​ស្ថិរភាព​សង្គម​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សុវត្ថិភាព​ជាងគេ​លើ​ពិភពលោក »​។ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​បាន​លាចាក​ពី​បញ្ហា​ជា​ច្រើន​ដូច​ជា កង្វះ​អាហារ និង​ភាព​ក្រីក្រ​ជាដើម ។

លោក​ស៊ី​បាន​និយាយ​ដែរ​ថា ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ក្នុងអំឡុងពេល​៤០​ឆ្នាំ​មកនេះ​បាន​ចូលរួម​ដល់​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិភពលោក ។ លោក​ក៏​បាន​បញ្ជាក់​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​គណបក្ស​លើ​កិច្ចការ​ទាំងអស់ ខណៈ​ដែល​ស្នើ​ឲ្យ​មានការ​ពង្រឹង​វិធី​ដឹកនាំ​របស់​គណបក្ស​ផង​ដែរ ។

យ៉ាងណា​ក្តី លោក​បាន​អះអាង​ថា ភាព​ជោគជ័យ​ដែល​បាន​មក​ពី​ការ​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​នេះ មិនកើត​ឡើង​ដោយ​ងាយស្រួល​ទេ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ហានិភ័យ និង​ឧបសគ្គ​ខុស​ៗ​គ្នា មិន​អាច​ជៀស​បាន​ឡើយ ។

លោក​បាន​បន្ត​ទៀត​ថា ៖« ពួក​យើង​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព និង​ធ្វើ​ឲ្យ​ម៉ាក​និយម​មាន​ប្រជាប្រិយភាព​ឡើង​វិញ​ក្នុង​បរិបទ​ប្រទេស​ចិន​ក្នុង​សម័យ​ទំនើប និង​សម្រេច​បាន​គោលដៅ​ថ្មី​ៗ​ក្នុង​អភិវឌ្ឍន៍​ម៉ាក​និយម​ជាដើម»​។

លើស​ពី​នេះ​ទៀត លោក​បាន​និយាយ​ថា ប្រទេស​ចិន​គួរ​ខិតខំ​បន្ថែម​ក្នុង​ការ​ស្ថាបនា​ស្ថាប័ន​ដែល​យោង​ទៅ​តាម​វិធាន និង​អាច​ដំណើរការ​ទៅ​បាន​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​សង្គមនិយម​មួយ​ដែល​មាន​បុគ្គលិកលក្ខណៈ​ជា​ប្រទេស​ចិន ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ស៊ី​បាន​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ប្តេជ្ញា​បើក​ទូលាយ​បន្ថែម​ទៀត និង​លើកតម្កើង​ការ​ខិតខំ​រួម​ដើម្បី​ស្ថាបនា​សហគមន៍​ដែល​មាន​អនាគត​រួម​សម្រាប់​មនុស្សលោក​។

លោក​ស៊ី​បាន​បន្ថែម​ថា ការ​ត្រួតពិនិត្យ​មើល​អតីតកាល​បង្ហាញ​ថា ការ​ធ្វើ​កំណែទម្រង់​និង​បើក​ទូលាយ​បន្ត​ជា​ទំនៀមទម្លាប់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ។ ប្រ​វិ​ត្តិ​សាស្ត្រ​និង​វប្បធម៌​នេះ​បាន​ជំរុញ​មក​ថា ប្រទេស​ចិន​នឹង​បន្ត​ឱបក្រសោប​អនាគត​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ