ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​ហាក់​មិន​ចាប់អារម្មណ៍​សាងសង់​លំនៅ​ឋាន​តម្លៃ​សមរម្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្ដី ប៉ុន្ដែ​គិត​មក​ដល់​ដំណាច់ឆ្នាំ​នេះ មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​បោះទុន​វិនិយោគ​សាងសង់​លំនៅ​ឋាន​បែប​នេះ លក់​ជូន​ប្រជាពលរដ្ឋ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​នៅ​រារែក ហាក់​មិន​ទុកចិត្ត​លើ​ទីផ្សារ​លំនៅ​ឋាន​បែប​នេះ ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្ដី ប៉ុន្ដែ​គិត​មក​ដល់​ដំណាច់ឆ្នាំ​នេះ មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​បោះទុន​វិនិយោគ​សាងសង់​លំនៅ​ឋាន​បែប​នេះ លក់​ជូន​ប្រជាពលរដ្ឋ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​នៅ​រារែក ហាក់​មិន​ទុកចិត្ត​លើ​ទីផ្សារ​លំនៅ​ឋាន​បែប​នេះ ។

បើ​តាម​លោក ហ៊ី ចិន្តា អគ្គនាយករង​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ អត់​ទាន់​មាន​ក្រុមហ៊ុន​ថ្មី​ណា​ផ្សេង​មក​ចុះ​អនុស្សរណៈ​ប្រកាស​សាង​សង់​លំនៅ​ឋាន​តម្លៃ​សមរម្យ ក្រៅពី​ក្រុមហ៊ុន​ចំនួន​៣​ដែល​បាន​ធ្វើ​ជាមួយ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន​របស់​ក្រសួង​ឡើយ ។ ទោះបី​យ៉ាងណា កន្លង​មក​ក៏​មាន​ក្រុមហ៊ុន​ថ្មី​ៗ​មួយ​ចំនួន​បាន​មក​ពិភាក្សា​ដែរ តែ​ហាក់​ពុំ​ទាន់​សម្រេចចិត្ត​វិនិយោគ​លើ​គម្រោង​បែប​នេះ​នៅឡើយ​។ ការ​រារែក​នេះ លោក​យល់​ថា អាច​មក​ពី​កត្តា​មិន​ទទួល​បាន​ប្រាក់​ចំណេញ គួប​ផ្សំ​នឹង​ដី​ឡើងថ្លៃ ។

លោក ហ៊ី ចិន្តា បន្ដ​ថា ៖« ជា​ធម្មតា ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​គេ​តែងតែ​សិក្សា​លម្អិត និង​វាយតម្លៃ​ជា​មុន បើ​រក​ឃើញ​ថា​ទទួល​បាន​ផល​ចំណេញ ទើប​គេ​ធ្វើ ពួក​គេ​មិន​គិត​ដូច​យើង​ច្បោល​ៗ​នោះ​ទេ »​។ លោក​ថា ៖« ក្រុមហ៊ុន​ធំ​ៗ គេ​គិត​ខ្លាំង​ណាស់​ពេល​ដាក់​ទុន​វិនិយោគ​ទៅ វា​ផ្តល់​ផល​ប៉ះពាល់​អ្វី​ទៅ​ដល់​ចំណូល​របស់​ក្រុមហ៊ុន ។ ម្យ៉ាងទៀត នៅ​ប្រទេស​យើង តម្លៃ​ដី​ឡើងថ្លៃ​ដែល​ធ្វើ​ឱ្យ​គាត់​មានការ​ពិបាក​ក្នុង​ការ​ទិញ​ដី​សម្រាប់​សាងសង់ »​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​រូប​នេះ កន្លង​មក​ក្រុមហ៊ុន​លី ហួរ និង​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី មាន​គម្រោង​មក​ពិភាក្សា ធ្វើ​ផ្ទះ​តម្លៃ​ថោក​សមរម្យ​លក់​ជូន​ប្រជាពលរដ្ឋ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ ក៏​ស្ងាត់​ទៅ​វិញ ។

លោក​អគ្គនាយករង​លំនៅ​ឋាន យល់​ថា ការ​កើនឡើង​នៃ​តម្លៃ​ដីធ្លី​ក៏​ជា​ការ​រាំងស្ទះ​ដល់​ផែនការ​របស់​ក្រុមហ៊ុន​ដែរ បើ​ទោះបីជា​ពួក​គាត់​មាន​បំណង​ចង់​ជួយ​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ​ក៏​ដោយ ។ ម្យ៉ាងវិញទៀត សព្វថ្ងៃ​មាន​ក្រុមហ៊ុន​វិនិយោគ​ខ្លះ បើ​ទោះបីជា​ពួក​គេ​មិន​ប្រកាស​ពី​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្ដី ប៉ុន្ដែ​ពួក​គេ​កំពុង​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​មួយ​អាច​ឲ្យ​ពលរដ្ឋ​ទទួលយក​បាន និង​មាន​លក្ខខណ្ឌ​បង់​រំលស់​ផ្ទះ​ងាយស្រួល​ទៀត ។

នាយក​ក្រុមហ៊ុន Century 21 Fortuna Investment និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​ដែល​ទទួល​ស្គាល់​លំដាប់​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា លោក វ៉ា វី​រៈ យល់​ឃើញ​ថា ចំណុច​ប្រឈម​ដែល​ក្រុម​ហ៊ុន​ថ្មី​មិន​ទាន់​ចង់​ចូលរួម​ប្រកាស​សាងសង់​លំនៅ​ឋាន​តម្លៃ​សមរម្យ​បន្ថែម អាច​ទាក់ទង​លើ​ប្រាក់​ចំណេញ ។

លោក​បន្ដ​ថា ជា​ធម្មតា ការ​វិនិយោគ គេ​គិត​លើ​ប្រាក់​ចំណេញ ហើយ​ការ​វិនិយោគ​លើ​លំនៅ​ឋាន​បែប​នេះ មិនសូវ​ទទួល​បាន​ប្រាក់​ចំណេញ​ប៉ុន្មាន​ទេ តែ​ពួក​គាត់​ចង់​ចូលរួម​ជួយ​ដល់​អភិវឌ្ឍន៍​សង្គម ព្រោះ​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម​កំពុង​កើនឡើង និង​កំពុង​មាន​តម្រូវការ​លំនៅ​ឋាន ប៉ុន្ដែ​បើ​វិនិយោគ​ទៅ​មានការ​ខាតបង់ គេ​មិន​ធ្វើ​ទេ ។

លោក វ៉ា វី​រៈ បាន​បញ្ជាក់​ថា ៖« បើ​ប្រាក់​ចំណេញ​ទទួល​បាន​ច្រើន អ្នក​ណា​ៗ​ក៏​សម្រុក​វិនិយោគ​ដែរ តែបើ​មិន​ចំណេញ គេ​នឹង​ងា​គ​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេង »​។ ​« ក្រៅពី​នេះ នៅ​មាន​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ត្រូវការ​រាជរដ្ឋាភិបាល​ជួយ​គាំទ្រ ដូច​ជា​ការ​សម្រួល​ដល់​ការ​បង់ពន្ធ​, ការ​អភិវឌ្ឍ​ទៅ​ក្នុង​តំបន់​, ការ​ធ្វើ​កម្មសិទ្ធិ ដើម្បី​ឱ្យ​លំនៅ​ឋាន​នោះ​មាន​តម្លៃ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ទទួលយក​បាន ពិសេស​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​និង​ក្រោម​មធ្យម អាច​មាន​លទ្ធភាព​ទិញ​បាន​ច្រើន »​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក វ៉ា វី​រៈ ។

យ៉ាងណា​ក៏​ដោយ លោក​យល់​ថា គម្រោង​បែប​នេះ នឹង​មាន​ក្រុមហ៊ុន​ចូលរួម​អភិវឌ្ឍន៍ បន្ថែម​ទៀត នៅ​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ខាង​មុខ ព្រោះ​ផ្ទះ​ដែល​មាន​តម្លៃ​មធ្យម ឬ​ក្រោម​មធ្យម​នេះ វា​ជា​តម្រូវការ​ទីផ្សារ​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ