ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ឆ្នាំ​២០១៨​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​បាន​ថយ​ចុះ​១​ករណី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកស្រី រស់ សុ​ផា​នី អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​លោក សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ លោកស្រី រស់ សុ​ផា​នី អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​លោក សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​អង្គ​សិក្ខាសាលា ស្តី​ពី​ការ​អនុម័ត​ផែនការ​សកម្មភាព​មីន​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៨ សម្រាប់​ផែនការ​បោសសម្អាត​មីន​ឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្តបន្ទាយមានជ័យ និង​គាំទ្រ​ថវិកា​ដោយ​អាជ្ញាធរ​មីន​កម្ពុជា ដែល​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។

យោង​តាម​ទិន្នន័យ​ជន​រង​គ្រោះ​របស់​អង្គភាព CMVIS ក្នុង​ខេត្តបន្ទាយមានជ័យ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៧​កន្លង​មក ខេត្តបន្ទាយមានជ័យ​មាន​គ្រោះថ្នាក់​កើតឡើង​៥​ករណី ក្នុង​នោះ​មាន​៣​ករណី ដែល​បង្ក​ឱ្យ​មាន​ជន​រង​គ្រោះ​របួសធ្ងន់​ស្រាល​៣​នាក់ និង​២​ករណី​ទៀត បណ្ដាល​ឲ្យ​ស្លាប់​សត្វ​គោ​១​ក្បាល និង​ខូចខាត​អា​ប៊ុល​ឈូស​ដី​១​គ្រឿង ។

ដោយ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​នេះ គិត​ពី​ដើមឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ខេត្តបន្ទាយមានជ័យ​មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន​៤​ករណី ក្នុង​នោះ​មាន​២​ករណី ដែល​បង្ក​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ ដោយឡែក​២​ករណី​ទៀត​បណ្ដាល​អោយ​សត្វ​គោ​ងាប់​មួយ​ក្បាល និង​ខូច​គ្រឿងចក្រ​កម្ទេច​មីន​ចំនួន​មួយ​គ្រឿង ។

បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ឃើញ​ថា​មានការ​ថយ​ចុះ​ចំនួន​១​ករណី ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​នា​ពេល​នេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​សហការ​គ្នា​ដ៏​ល្អ ក្នុង​ការ​រៀបចំ​ផែនការ​បោសសំអាត​មីន​ចំ​គោលដៅ និង​តំបន់​ដែល​ប្រឈម​ខ្លាំង ។ ចំពោះ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើ គឺ​កើត​ចេញពី​ការ​ប្រថុយប្រថាន រុករាន​ដី​ថ្មី​ដែល មិន​ទាន់​បាន​បោសសម្អាត​មីន ការ​ចូល​រុករក​អនុ​ផល​ព្រៃឈើ និង​ដាក់​អន្ទាក់​សត្វ​ក្នុង​តំបន់​សង្ស័យ​ថា​មាន​មីន​ជាដើម ។

មាន​ប្រសាសន៍​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោកស្រី រស់ សុ​ផា​នី បាន​សំដែង​នូវ​ការ​កោតសរសើរ​ខ្ពស់​ចំពោះ​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត ប្រតិបត្តិ​ករ អាជ្ញាធរ​មូលដ្ឋាន ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ខ្នះខ្នែង ក្នុង​ការ​បោសសម្អាត​មីន​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ពិសេស​ខេត្តបន្ទាយមានជ័យ​ដែល​មាន​ផ្ទៃដី​ចំការ​មីន​សរុប​៣,៩២២​ផ្ទៃដី ស្មើរ​នឹង​២៥,២៤២​ហិ​កតា ។ ចម្ការ​មីន​បោសសម្អាត​រួច​២,៣៣៥​ផ្ទៃដី ស្មើនឹង​១១,៦៧៨​ហក​តា ។ និង​ផ្ទៃ​នៅ​សល់​មិន​ទាន់​បោសសម្អាត​១,៥៨៧​ផ្ទៃដី ស្មើនឹង​១៣,៥៦៤​ហិ​កតា ។

លោកស្រី​អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា តាម​រយ​:​ការ​បង្កើត​អង្គ​សិក្ខាសាលា​នេះ​គឺ ១-​ដើម្បី​បង្ហាញ​ពី​លទ្ធផល នៃ​ការ​អនុវត្ត​ផែនការ​រយ​:​ពេល​កន្លង​មក ធៀប​នឹង​ផែនការ​ដែល​បាន​ទទួលយក​របស់​ប្រតិបត្តិ​ករ​នីមួយ​ៗ​នៅ​ក្នុង​ខេត្ត ។

២-​ដើម្បី​ឲ្យ​ប្រតិបត្តិ​ករ អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​ម្ចាស់​សំណើរ ព្រមទាំង​ម៉ា​ពូ បាន​ពិភាក្សា​គ្នា​និង​ជ្រើសរើស​ចម្កា​មីន​ដែល​ជា​អាទិភាព សម្រាប់​ដាក់​ចូល​ក្នុង​ផែនការ​សកម្មភាព​មីន​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ ។

៣-​ទទួល​នូវ​ផែនការ​សកម្មភាព​មីន​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​នីមួយ​ៗ ដែល​បាន​ឆ្លងកាត់​ការ​ពិភាក្សា វែកញែក​រកហេតុ​ផល​ច្បាស់លាស់​ក្នុង​ការ​ជ្រើសរើស​ចម្ការ​មីន និង​មានការ​ឯកភាព​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ។

និង​ទី​៤-​ផ្តល់​ឱកាស​ឲ្យ​ម៉ា​ពូ ប្រតិបត្តិ​ករ និង​ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន​ទាំងអស់​បាន​លើក​ឡើង​នូវ​បញ្ហា​ដែល​បាន​ជួប​ប្រទះ​កន្លង​មក ក្នុង​ការ​អនុវត្ត​ផែនការ ដើម្បី​ស្វែងរក​ដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ