ខេត្តឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានពីច្រកទ្វារអន្តរជាតិជាំ-សាង៉ាំ ក្នុងខេត្តឧត្តរមានជ័យបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ មីនា សមត្ថកិច្ចគយសៀមបានធ្វើការបិទមិនឱ្យមានការនាំកសិផលរបស់ខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនចូលទៅក្នុងទឹកដីរបស់ខ្លួនទេ ។ មិនមានព័ត៌មានផ្លូវការឱ្យដឹងពីមូលហេតុនៃការហាមឃាត់នេះទេ តែបើតាមប្រភពខ្លះបានឱ្យដឹងថា ខាងសៀមចោទថា កសិផលខ្មែរមានមេរោគ ។
ជាការឆ្លើយតបវិញ មន្ត្រីច្រកទ្វារព្រំដែនជាំខាងកម្ពុជា ក៏បានបិទមិនឱ្យមានការនាំទំនិញសៀមចូលមកកម្ពុជាដូចគ្នាដែរ ។ ការហាមទំនិញសៀមនាំចូលនេះ គឺជាការអនុវត្តឱ្យមានតុល្យភាពគ្នាប៉ុណ្ណោះ ព្រោះថា ខាងកម្ពុជាមិនអាចទទួលយកបានទេ ។ ការបិទមិនឱ្យទំនិញឆ្លងកាត់នេះបានធ្វើនៅតែច្រកទ្វារអន្តរជាតិជាំ-សាង៉ាំប៉ុណ្ណោះ ។ មិនទាន់ដឹងថា វិធានការហាមឃាត់ដូចគ្នានេះមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា កន្លងមកនេះមានបាតុភាពមួយកើតឡើងនៅខេត្តប៉ៃលិន ដោយគយថៃបិទច្រកមិនឱ្យប្រជាជនកម្ពុជានាំទំនិញចូលទៅក្នុងប្រទេសថៃ។ ចំពោះបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា គប្បីមានការប្រុងប្រយ័ត្ន ព្រោះថា មិនអាចឱ្យទំនិញតែប្រទេសមួយចូលមក ហើយមិនឱ្យទំនិញពីប្រទេសមួយចេញទៅបានទេ គឺការធ្វើពាណិជ្ជកម្មទ្វេភាគីគ្មានតុល្យភាព។ ក្នុងករណីនេះសម្តេចបញ្ជាក់ថា ប្រជាជននៅខេត្តប៉ៃលិនបានធ្វើសំណើថា បើមានបាតុភាពនេះកើតឡើងទៀត ប្រជាជនកម្ពុជានៅខេត្តប៉ៃលិនស្នើសុំដល់សម្តេចនាយករដ្ឋមន្ត្រីដើម្បីបិទមិនឱ្យទំនិញថៃចូលមកកម្ពុជារយៈពេល៧ខែ។ នេះគ្រាន់តែជាសំណើរបស់ប្រជាជនកម្ពុជា៕
ចែករំលែកព័តមាននេះ