ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា​ធ្លាប់​គំរាម​បា.ញ់បោះ​ប្រជាពលរដ្ឋ​ទៀត​…​ជិត​បាត់បង់​ហើយ​អាជីព​ស្មូនឆ្នាំងនេះ !

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន កោះសន្តិភាព បាន​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ប្រឈម​នឹង​ការ​បាត់បង់​អាជីព​ស្មូនឆ្នាំង​ព្រោះតែ​ទីតាំង​ដែល​ពួក​គាត់​យក​ដី​មក​ផលិត​ត្រូវ​ក្រុមហ៊ុន​ចិន​ទិញ​យក​អស់ និង​គម្រាមកំហែង​ប្រជាពលរដ្ឋ​មិន​អោយ​ចូល​ជីក​យក​ដី​ផង​នោះ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន កោះសន្តិភាព បាន​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ប្រឈម​នឹង​ការ​បាត់បង់​អាជីព​ស្មូនឆ្នាំង​ព្រោះតែ​ទីតាំង​ដែល​ពួក​គាត់​យក​ដី​មក​ផលិត​ត្រូវ​ក្រុមហ៊ុន​ចិន​ទិញ​យក​អស់ និង​គម្រាមកំហែង​ប្រជាពលរដ្ឋ​មិន​អោយ​ចូល​ជីក​យក​ដី​ផង​នោះ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មកនេះ​នៅ​សាលាឃុំ​ជ្រៃ​បាក់ មានការ​ប្រជុំ​ដោះស្រាយ​បន្ទាន់​មួយ​ដែល​មាន​មន្ត្រី​សុរិយោដី ស្រុក​រលាប្អៀរ ជា​អ្នក​មក​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត ។

ជាដំបូង​លោក លឹ​ម បុប្ផា ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​រលាប្អៀរ​បាន​សួរ​ទៅ​កាន់​ប្រជាពលរដ្ឋ ថា តើ​បងប្អូន​មាន​ឯកសារ​អ្វីខ្លះ​ពាក់ព័ន្ធ​ទៅ​នឹង​ដី​របស់​បងប្អូន អាស្រ័យ​ផល​គឺ​ទៅ​យក​ដី​មក​ផលិត​ក្អមឆ្នាំង? ព្រោះថា ភាគី​អ្នកទិញ​គេ​មាន​ឯកសារ​ទិញ​លក់​ដី​ត្រឹមត្រូវ​ពី​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួ​សារបាន​លក់​ដី​ទំហំ​៥៩​ហិ​កតា​ទៅ​អោយ​គេ និង​បាន​លក់​ជា​បន្តបន្ទាប់​ចុង​ក្រោយ​បាន​ធ្លាក់​ដល់​ដៃ​អ្នកស្រី​ឈ្មោះ អ៊ិ​ត ដា​នី ហើយ​បាន​លក់​បន្ត​ទៅ​អោយឈ្មោះ តាំង ឆេ​ង​អ័​រ ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មេ​ភូមិ​ជា​ច្រើន​នាក់​ក្នុង​ឃុំ​ជ្រៃ​បាក់​បាន​ឆ្លើយ​ប្រាប់​ថា ចំពោះ​ដី​នៅ​តំបន់​នោះ​ប្រជាពលរដ្ឋ​គ្មាន​ឯកសារ​អ្វី​ជា​ភ​ស្ថុ​តាង​នៅទេ គ្រាន់តែ​ដឹង​ថា ជា​ដី​សមូហភាព​ពី​ដូនតា​មក​កាល​ពី​ជំនាន់​ដើម​ប្រជាពលរដ្ឋ​ក៏​ទៅ​ជីក​យក​ដី​នោះ​សម្រាប់​ធ្វើ​ក្អមឆ្នាំង​លុះ​ចេញពី​សម័យ ប៉ុ​ល ពត ក៏​ទៅ​យក​ដី​នោះ​មក​ផលិត​ក្អមឆ្នាំង​រហូត​មក​គឺ​រស់​អាស្រ័យ​ផល​តែ​លើ​ការ​យក​ដី​មក​ផលិត​ក្អមឆ្នាំង ។ ចំណែក​ដី​តំបន់​មិនមែន​តែ​អ្នក​ឃុំ​ជ្រៃ​បាក់​ទេ​ដែល​ទៅ​យក​ដី​មក​ផលិត​ក្អមឆ្នាំង សូ​ម្បី​តែ​អ្នក​ឃុំ​ស្រែ​ថ្មី​ក៏​ទៅ​យក​ដី​នោះ​ដែរ ។

លោក សោម ហឿ​ន ប្រជាពលរដ្ឋ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់​បាន​និយាយ​ថា រឿង​លក់​ទិញ​ពី​មុន​មក ប្រជាពលរដ្ឋ​មិន​ដេញដោល​ទេ តែ​សុំ​អោយ​ខាង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​មេត្តា​ជួយ​កាត់​ឈ្វៀល​យក​ដី​ពី​អ្នកទិញ​ដី​នៅ​តំបន់​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ចំនួន​១៥​ហិ​កតា​ទុក​អោយ​ប្រជាពលរដ្ឋ​មានមុខ​របរ​បន្ត​ដើម្បី​ចិញ្ចឹមជីវិត​ផង ។

ចំណែក​លោក ជឹ​ម សា​រុំ មេ​ភូមិ​អូរ​រោង ក៏​បាន​និយាយ​ដែរ​ថា តាម​សំណូមពរ​លោក​មេឃុំ​ជ្រៃ​បាក់​ថា សុំ​តែ​៧​ហិ​កតា​ទេ តែ​តាម​លោក​វិញ​ថា បើ​បាន​ច្រើន​ជាង​នេះ​រឹតតែ​ល្អ​ព្រោះ​ដី​៧​ហិ​កតា​យក​តែ​ប៉ុន្មាន​ឆ្នាំ​នឹង​អស់​ដី​ទៅ​ហើយ ។

ដោយឡែក​លោក តាំង ប៊ុ​ន​ទត មេឃុំ​ជ្រៃ​បាក់​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ថា ការ​ប្រជុំ​គ្នា​នៅ​ថ្ងៃនេះ​គ្រាន់តែ​ជា​ជំហាន​ទី​១​ប៉ុណ្ណោះ​ដើម្បី​អោយ​មន្ត្រី​ជំនាញ​បានដឹង និង​ដើម្បី​ពាំនាំ​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទៅ​ជូន​ថ្នាក់លើ​ដើម្បី​ជ្រាប​ពី​សំណូមព​របស់​ប្រជាពលរដ្ឋ​ហើយ​ជំហាន​ទី​២​នឹង​អោយ​ប្រជាពលរដ្ឋ​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​របស់​លោក តាំង ឆេ​ង​អ័​រ ដើម្បី​ពិភាក្សា​គ្នា​ថា តើ​ខាង​ក្រុមហ៊ុន​គួរ​សម្បទាន​ដី​អោយ​ប្រជាពលរដ្ឋ​កម្រិត​ណា?

សម្រាប់​រូប​លោក​បើ​ភាគី​ក្រុមហ៊ុន​មិន​ដោះស្រាយ​ឬ​ដោះស្រាយ​អោយ​ដី​តិច​ពេក​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ទទួលយក​បាន​លោក​មាន​ជំហរ​មួយ​គឺ​មិន​ចុះហត្ថលេខា​លើ​ការ​ស្នើ​សុំ​ប័​ណ្ឌ​កាន់កាប់​ជា​កម្មសិទ្ធិ របស់​ក្រុមហ៊ុន តាំង ឆេ​ង​អ័​រ នោះ​ឡើយ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​កំពុង​រត់ការ​ដាក់​ពាក្យ​ស្នើ​សុំ​កាន់កាប់​លើ​ដី​ខាងលើ​នេះ ។

សូម​រំ​ឮ​កថា បន្ទាប់​ពី​ក្រុមហ៊ុន​របស់​លោក តាំង ឆេ​ង​អ័​រ បាន​ទិញ​ដី​នៅ​តំបន់​ភ្នំ​ភ្លង​ស្ថិត​ក្នុង​ឃុំ​ជ្រៃ​បាក់​រួច​មក​បាន​ជីក​ប្រឡាយ​ក្រ​វ៉ា​ត់​ព្រុំ​ដី និង​បាន​ហាម​ប្រជាពលរដ្ឋ​មិន​អោយ​ចូល​យក​ដី​នៅ​តំបន់​នោះ​ទៀត​ឡើយ រហូត​គម្រាម​បាញ់បោះ​ទៀត​ផង ហើយ​ព័ត៌មាន​នេះ​ត្រូវ​បាន កោះសន្តិភាព បាន​ផ្សាយ​រួច​មក​ហើយពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ពឹង​លើ​មុខរបរ​ស្មូន​ដី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ