ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​ថា រឿង​នេះ​ទៅ​ជា​យ៉ាងណា បើ​ពលរដ្ឋ​ថា​ផ្សេង​មេ​ភូមិថា​ផ្សឹ​ង​នោះ !

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ចំនួន​៣០​គ្រួសារ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​លើ​ដី​ទំនាស់​របស់​ពួក​គាត់ ចំនួន​៣​ហិ​កតា​ដែល​ពួក​គាត់​លក់​តែ​អាចម៍ដី​ទៅ​អោយ​ក្រុមហ៊ុន​ម៉ូ​ហិ​បា​កាយ​យក​ដី​គ្រួ​ស​បាយក្រៀម ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​៥…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ចំនួន​៣០​គ្រួសារ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​លើ​ដី​ទំនាស់​របស់​ពួក​គាត់ ចំនួន​៣​ហិ​កតា​ដែល​ពួក​គាត់​លក់​តែ​អាចម៍ដី​ទៅ​អោយ​ក្រុមហ៊ុន​ម៉ូ​ហិ​បា​កាយ​យក​ដី​គ្រួ​ស​បាយក្រៀម ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​៥ ។

ប៉ុន្តែ​ក្រោយ​ពេល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​រួច ក្រុមហ៊ុន​បាន​ប្រគល់​ដី​អោយ​ពួក​គាត់​វិញ តែ​បែរជា​លោក​មេ​ភូមិ​ដំបូក​កោះ និង​លោក​មេឃុំ​ស្វាយ​ជ្រុំ មិន​ព្រម​ប្រគល់​អោយ​ពួក​គាត់​វិញ​ទេ និង​បាន​យក​ដី​នោះ​មួយ​ចំនួន​ទៅ​លក់​អោយ​អ្នក​ដ៏​ទៃ​ទៀត​ផង ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ចំនួន​៣០​គ្រួ​សារបាន​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​១៩៨០ រហូត​ដល់​ឆ្នាំ​២០០៣ ពួក​គាត់​បាន​លក់​អាចម៍ដី (​មិនមែន​លក់​ដី​ទេ​) ទៅ​ឱ្យ​ក្រុមហ៊ុន​ខាងលើ ដែល​បាន​សុំ​ទិញ​យក​អាចម៍ដី​គ្រួ​ស​បាយក្រៀម​យក​ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​៥ ។ ក្រោយមក​នៅ​ឆ្នាំ ២០០៨ ពេល​ធ្វើ​ផ្លូវ​ហើយ​ក្រុមហ៊ុន​បាន​ប្រគល់​ដី​ទាំងនោះ​ឲ្យ​ពួក​គាត់​កាប់​កាប់​វិញ ។

រឿង​ដី​នេះ​មុន​ពេល​បោះ​ឆ្នោត​មេឃុំ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​តវ៉ា​សុំ​យក​ដី​ខាងលើ​នេះ​វិញ​ពេល​នោះ ដើម្បី​សន្លឹក​ឆ្នោត លោក ហ៊ុន ច​ន្ថា មេ​ភូមិ​ដំបូក​កោះ និង​លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រុំ​បាន​ប្រាប់​ថា នឹង​អោយ​ប្រជាពលរដ្ឋ​កាន់កាប់​ដី​ខាងលើ​នេះ​វិញ​ចុះ ។ ប៉ុន្តែ​នៅ​ពេល​បោះ​ឆ្នោត​រួច លោក​មេ​ភូមិ និង​លោក​មេឃុំ​បែរជា​ប្រាប់​ថា អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​ដកហូត​ដី​ទាំងអស់​ខាងលើ​នេះ​មក​ទុកជា​ទ្រព្យសម្បត្តិ​រួម​របស់​ភូមិ​ឃុំ​វិញ​មិន​ប្រគល់​អោយ​ពួក​គាត់​វិញ​ឡើយ ។

មិនតែប៉ុណ្ណោះ​លោក​មេ​ភូមិ និង​លោក​មេឃុំ​បាន​លក់​ដី​នោះ​មួយ​ចំនួន​ទៅ​អោយ​ក្រុមហ៊ុន​ផ្សេង​ដែល​សព្វ​ថ្ងៃនេះ គេ​កំពុង​តែ​ជីក​កកាយ​ដឹក​ដី​គ្រួ​ស​នោះ​លក់​អោយ​គេ​រាល់ថ្ងៃ​ទៀត​ផង​។ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ​លោក ហ៊ុន ច​ន្ថា មេ​ភូមិ​ដំបូក​កកោះ​នៅ​រសៀល​ថ្ងៃ​ទី ២០ ខែធ្នូ​នេះ​បាន​បញ្ជាក់​អោយ​ដឹង​ថា ដី​៣​ហិ​កតា​នេះ គឺ​ប្រជាពលរដ្ឋ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ម៉ូ​ហិ​បា​ពិតប្រាកដ​មែន នៅ​ក្នុង​ឆ្នាំ​២០០៣ គឺ​លក់​ដី​ទាំងអស់​មិនមែន​លក់​តែ​អាចម៍ដី​នោះ​ទេ ដោយ​ក្រុមហ៊ុន​គេ​បាន​ធ្វើ​លិខិត​លក់​ទិញ​ត្រឹមត្រូវ​តម្កល់​ទុក​ឯកសា​រគុប​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ឯកសារ​ហ្សី​ន​ទុក​នៅ​ក្រុមហ៊ុន​របស់​គេ ។ ហេតុនេះ​ហើយ​ទើប​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ភូមិ​-​ឃុំ មិន​ហ៊ាន​ប្រគល់​ដី​នោះ​ទៅ​អោយ​ឱ្យ​ប្រជាពលរដ្ឋ​វិញ​ឡើយ ។ ព្រោះថា ប្រសិនបើ​ក្រុមហ៊ុន​គេ​ទារ​យក​ដី​ទាំង​អស់នោះ​វិញ តើ​អាជ្ញាធរ​ភូមិ​ឃុំ​មាន​ដី​ឯណា​អោយ​គេ​។

ទាក់ទង​នឹង​ការ​បញ្ជាក់​របស់​លោក​មេ​ភូមិ​ដំបូក​កកោះ​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា បើ​ក្រុមហ៊ុន​ម៉ូ​ហិ​បា​គេ​យក​ដី​នេះ​វិញ​ពួក​គាត់​ក៏​មិន​តវ៉ា​ទេ ប៉ុន្តែ​បើ​លោក​មេ​ភូមិ មេឃុំ​លក់​ដី​នេះ​ទៅ​អោយ​អ្នក​ផ្សេង ពួក​គាត់​ប្រឆាំង​ដាច់ខាត ហើយដោយ​សុំ​អោយ​លោក​អភិបាលស្រុក និង​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​យក​ដី​ទាំង​៣​ហិ​កតា​មក​អោយ​ពួក​គាត់​កាប់​កាប់​វិញ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​នៅ​លើ​ដី​ទំនាស់​រួច​មក​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ទៅ​កាន់​សាលាឃុំ​ស្វាយ​ជ្រុំ ដើម្បី​សុំ​អោយ​លោក​មេឃុំ​ជួយ​ដោះស្រាយ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលាឃុំ លោក​មេឃុំ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​មិន​មក​ធ្វើការ​ទេ ដោយ​បាន​ទូរ​សព្ទ័​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ខាង​មុខ​នេះ​លោក​នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​៣០​គ្រួសារ ដើម្បី​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ