រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញសាធារណការបានអះអាងថា ក្រុមការងារកំពុងសំរុកស្ថាបនាប្រព័ន្ធលូរំដោះទឹកភ្លៀង តាមបណ្តោយមហាវិថីព្រះនរោត្តមឲ្យរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ទៀតនេះ ហើយបន្ទាប់ពីស្ថាបនារួចកំណាត់មហាវិថីព្រះនរោត្តមអស់កង្វល់អំពីបញ្ហាលិចសង់ដោយជំនន់ទឹកភ្លៀងឡើយ ។
លោក ដួង ចាន់សារ៉ាត់ បានឱ្យដឹងបន្ថែមទៀតថា ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹកភ្លៀងនៅលើផ្លូវព្រះនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមការងារ កាលពីខែកក្កដា ២០១៨ គ្រោងបញ្ចប់នៅថ្ងៃទី២៥ ធ្នូ ២០១៨ អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានប្រវែង១៦១០ម៉ែត្រ ទំហំ៦តឹក ដោយចាប់ផ្តើមពីមុខមន្ទីរពេទ្យព្រះអង្គឌួង (ផ្លូវ១១០ ) ដល់សហគមន៍អឺរុបជាប់វិមានឯករាជ្យ ។
លោកបន្តថា កំណាត់ផ្លូវព្រះនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញនេះពីដើមមកមិនធ្លាប់មានលូក្នុងការរំដោះទឹកនោះទេ ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រុញអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តលើការងារនេះភ្លាម ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ក្រោយការស្ថាបនាប្រព័ន្ធលូរំដោះទឹកភ្លៀងនៅផ្លូវព្រះនរោត្តមនេះរួចកំណាត់ផ្លូវនេះនឹងលែងមានការលិចលង់ដោយទឹកភ្លៀងទៀតហើយ ៕
ចែករំលែកព័តមាននេះ