ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​ និង​សប្បុរស​​ជន​នាំ​យក​ស្បៀង​​អាហារ​ និង​ថវិកា​ជូន​កង​ទ័ព​ជួរ​​មុខ

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ អាជ្ញា​ធរ​ខេត្ត​ រួម​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​​ក្នុង​ក្រុង​បាត់​ដំបង ជា​ពិសេស​ចៅសង្កាត់ ក្រុម​ប្រឹក្សា​​សង្កាត់ ​​បណ្តា​ក្រុម​ហ៊ុន​នានា និង​​សប្បុរស​ជន​ ព្រម​ទាំង​និស្សិត​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់​ដំបង បាន​នាំ​យក​ស្បៀង​​អាហារ​​ជា​គ្រឿង​ឧប​ភោគ​បរិ​ភោគ ភេសជ្ជៈ និង​ថវិកា​មួយ​ចំនួន​ ​ប្រគល់​ជូន​ដល់​កង​​ទ័ព​ដែល​កំពុង​តែ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា-សៀម ​ស្ថិត​នៅ​​ភូមិ​សាស្ត្រ​មួយចំនួន

ខេត្ត​បាត់​ដំបង ៖ អាជ្ញា​ធរ​ខេត្ត​ រួម​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​​ក្នុង​ក្រុង​បាត់​ដំបង ជា​ពិសេស​ចៅសង្កាត់ ក្រុម​ប្រឹក្សា​​សង្កាត់ ​​បណ្តា​ក្រុម​ហ៊ុន​នានា និង​​សប្បុរស​ជន​ ព្រម​ទាំង​និស្សិត​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់​ដំបង បាន​នាំ​យក​ស្បៀង​​អាហារ​​ជា​គ្រឿង​ឧប​ភោគ​បរិ​ភោគ ភេសជ្ជៈ និង​ថវិកា​មួយ​ចំនួន​ ​ប្រគល់​ជូន​ដល់​កង​​ទ័ព​ដែល​កំពុង​តែ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា-សៀម ​ស្ថិត​នៅ​​ភូមិ​សាស្ត្រ​មួយចំនួន​ក្នុង​​ស្រុក​សំពៅ​លូន ស្រុក​ភ្នំ​ព្រឹក និង​ស្រុក​កំរៀង​របស់​ខេត្ត​បាត់​ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ កុម្ភៈ ​កន្លង​​ទៅ​ថ្មីៗ​នេះ ។

​ដំណើរ​ចុះ​សាក​សួរ​សុខ​​ទុក្ខ​​ដល់​វីរៈ​កង​ទ័ព​​ដែល​​កំពុង​តែ​ឈរ​ជើង​នៅតាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​​ខេត្ត​បាត់​ដំបង ​នេះ​គឺ​ដឹក​នាំ​ដោយ​លោក​ប្រាជ្ញ ច័ន្ទ អភិ​បាល​ខេត្ត​បាត់ដំបង និង​លោក​ជំទាវ ​ដោយ​មាន​វត្ត​មាន​​ចូល​រួម​ពី​​លោក លោក​ស្រី ដែល​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិ​បាល​​រង​ខេត្ត ប្រធាន​ អនុ​ប្រធាន​​មន្ទីរ​​ជុំ​វិញ​ខេត្ត ស្នង​ការ​ ស្នង​ការ​រង​នគរ​បាល​ខេត្ត ព្រម​ទាំង​អាជ្ញា​ធរ​រដ្ឋ​បាល​ស្រុក​ទាំង​៣ ​គឺ​​ស្រុក​សំពៅ​លូន ​ស្រុក​ភ្នំ​​ព្រឹក និង​ស្រុក​កំរៀង​ផង​ដែរ។

អំណោយ​​នា​ពេល​នោះ​រួម​មាន​ថវិកា​សរុប​ចំនួន​២៩.​​៣០០.០០​០​រៀល អង្ករ​​៨​តោន ​មី​​១៣៧​កេស ត្រីខ​​១៧​កេស​ធំ និង​២៥៨​កំប៉ុង ទឹក​ស៊ី​អ៊ីវ​​​៩០​យួរ ទឹក​ត្រី​៩០​យួរ ទឹក​​បរិ​សុទ្ធ​​​១៦០​យួរ  ភេសជ្ជៈ​​​៥០​យួរ និង​ទឹក​ផ្លែ​ឈើ​​​១៥​កេស ​ត្រូវ​បាន​ចែក​ជូន​​ដល់​កង​កម្លាំង​វរៈ​ការ​ពារ​ព្រំ​ដែន​គោក​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន ​​​ស្ថិត​​ក្នុងភូមិ​សាស្ត្រ​​ទិស​ស្រុក​សំពៅ​លូន ​​ស្រុក​ភ្នំ​ព្រឹក និង​ស្រុក​កំរៀង​​ដែល​មាន​ចំនួន​៨​អង្គ​ភាព​ ក្នុ​ង​នោះ​​អង្គ​ភាព​វរៈ​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៥០៦ ផ្នែក​សឹក​រង​របស់​​ស្រុក​សំពៅ​លូន ​ស្រុក​ភ្នំ​ព្រឹក ​ស្រុក​កំរៀង និង​អង្គ​ភាព​​វរៈ​នគរ​បាល​ការ​​ពារ​ព្រំ​ដែន​​​លេខ​៨១៧ លេខ​៨១៩ និង​កង​ល្បាត​ការ​ពារ​ព្រំដែន​ចំនួន​២​អង្គ​ភាព ។ ជា​មួយ​​គ្នា​នោះ ក្នុង​មួយ​អង្គ​ភាពៗ​​ទទួល​បា​ន​​ថវិកា​​២​លាន​រៀល រីឯ​កង​កម្លាំង​ទាំង​អស់​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​​​ក្នុង​ម្នាក់ៗ​ចំនួន​១០.០០០​រៀល​ផង​ដែរ ។

​លោក​ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​បាត់​ដំបង ​បាន​មាន​ប្រសាសន៍​ថា អំណោយ​ទាំង​នេះ គឺបាន​មក​ពី​ការ​ចូល​រួម​ឧបត្ថម្ភ​របស់ស្ថាប័ន​មន្ទីរ​អង្គ​ភាព ពី​បណ្តា​ក្រុម​ហ៊ុន​មួយ​​ចំនួន​ជុំ​វិញខេត្ត ពី​ប្រជា​ពល​​រដ្ឋ​ និង​សប្បុរស​ជន​នានា ជា​ពិសេស​ក្មួយៗ​ជានិស្សិត​នៅតាម​បណ្តា​​គ្រឹះ​ស្ថាន​សិក្សានៃ​សាកល​វិទ្យា​ល័យ​​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់​ដំបង ។ លោក​អភិ​បាល​ខេត្ត​​បាន​ផ្តាំ​​ផ្ញើ​ដល់​កង​កម្លាំង​ប្រដាប់អាវុធ​ទាំង​​អស់​ដែល​កំពុង​​បំពេញ​​​ភារ​កិច្ច​ការ​ពារ​ទឹក​ដី​តាម​បន្ទាត់​ព្រំ​ដែន ​​ត្រូវ​បំពេញ​​តួនាទី​​ និ​ងភារ​កិច្ច​ឱ្យ​បាន​ល្អ និង​អនុ​វត្ត​​​បទ​បញ្ជា​​ថ្នាក់​លើ​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ក្នុ​ងភាព​ម្ចាស់​ការ​ ដើម្បី​ការពារ​​​បូរណ​ភាព​ទឹក​ដី ។ ​ជាង​នេះ​​ទៀត​ ត្រូវ​តាំង​ចិត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់​​ជា​មួយ​​សត្រូវ​ឈ្លាន​ពាន​ដោយ​មិន​ត្រូវ​​ទុក​ឱកាស​ឱ្យ​​ពួក​វា​​ចូល​លុក​លុយ​ឈ្លាន​ពាន​ក្នុង​ដែន​អធិប​តេយ្យ​​បូរណ ភាព​ទឹក​ដី​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ យើង​​នោះ​ឡើយ ។ ​ក្នុង​នាម​អាជ្ញា​ធរ​ខេត្ត និង​ជា​​​តំណាង​​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្ត​ទាំង​មូល ​លោក​ប្រាជ្ញ ច័ន្ទ អភិ​បាល​ខេត្ត​បាត់​ដំបង បាន​ប្តេជ្ញា​​​ត្រៀម​លក្ខណៈ​​​ធ្វើ​​កិច្ច​សហ​​ប្រតិ​បត្តិ​​ការ​ល្អ​រវាង​សមរ​ភូមិ​ក្រោយ និង​​សមរ​​ភូមិ​​មុខ​ឱ្យ​​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ៕