ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣គ្រឿង​បុកបន្តកន្ទុយ​គ្នា​យ៉ាង​ស្រៀវលើផ្លូវ​​៣០ម៉ែត្រ​ជិតវត្តកំពែង​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​យ៉ាង​ហោចណាស់​​បុរស​ម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែក​មនុស្ស​​៣នាក់​ផ្សេង​ទៀតបាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូសណ្តោងរ៉ឺម៉កបុកគ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ជា​ប្រភេទ​ដឹកកម្មករ ហើយ​រថយន្ត​នោះបាន​បន្តទៅបុកជាមួយ​ម៉ូតូមួយគ្រឿងផ្សេង​ទៀត​ ។ គ្រោះថ្នាក់​ចរាចរដ៏រន្ធត់​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​៣០​ម៉ែត្រ​ជិត​វត្ត​កំពែង…

រាជធានី​ភ្នំពេញ ៖ ​យ៉ាង​ហោចណាស់​​បុរស​ម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែក​មនុស្ស​​៣នាក់​ផ្សេង​ទៀតបាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូសណ្តោងរ៉ឺម៉កបុកគ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ជា​ប្រភេទ​ដឹកកម្មករ ហើយ​រថយន្ត​នោះបាន​បន្តទៅបុកជាមួយ​ម៉ូតូមួយគ្រឿងផ្សេង​ទៀត​ ។

គ្រោះថ្នាក់​ចរាចរដ៏រន្ធត់​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​៣០​ម៉ែត្រ​ជិត​វត្ត​កំពែង ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​​រងគ្រោះដែលស្លាប់​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​​រ៉ឺ​ម៉ក​ដឹក​ដែក​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ កណ្តាល ១C-៦២៧៣​ ។​ ​ចំណែក​​ភាគី​ខាងរថយន្ត​​មួយ​​គ្រឿង​​ជា​ប្រភេទ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ ម៉ាក​សាំ​យ៉ុ​ង​ ព​ណ៌​ខៀវ  ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៧៩៨៣ បើកបរ​ដោយ​ឈ្មោះ ង៉ែត ម៉ឺន ភេទប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​។

តាម​ប្រ​ភ​ពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​បុរសម្នាក់បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ដែកបើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជែង​យានយន្ត​ផ្សេងៗទៀត​ដែល​កំពុង​បើក​ស្របទិស​គ្នា ​លុះ​ពេល​​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​ម៉ូតូសណ្តោង​រ៉ឺ​ម៉ក​បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​ម៉ាកសាំយ៉ុង​ ដែលបើកបរក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ពេញទំហឹង បណ្តាលឱ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ដែក​​រយះ​ពោះ​ធ្លាយ​ពោះវៀន​ និង​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ​​។

ប្រភពដដែល​បាន​បន្ត​ថា ​បន្ទាប់​ពី​​បុកគ្នា​​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រួច រថយន្ត​ម៉ាក​សាំយ៉ុង​​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​​មួយ​​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៤ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ១A-៦០៦៩ ដែល​ជិះ​គ្នា​៣​នាក់ (ក្នុងនោះមាន​ប្តី​ ប្រពន្ធ​និង​កូន) បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​៣​នាក់​ថែម​ទៀត​ផង​។

ពេលកើតហេតុភ្លាមៗ ​អ្នក​បើ​កបររថ​យន្ត​ម៉ាកសាំយ៉ុង​ខាងលើ​បម្រុង​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ប្រចាំការ​នៅ​គោលដៅ​ជិត​នោះ​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ​​។

ក្រោយ​ពេល​កើតហេតុ​ ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់​ទាំង​៣​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ​ចំណែក​សព​អ្នក​បើកបរម៉ូតូសណ្តោង​​រ៉ឺ​ម៉ក​ដឹក​ដែកត្រូវបាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ទៅ​ទ​ទួ​ល​យក​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

​សមត្ថកិច្ច​បាន​នាំ​យក​​អ្នកបើកបរ​រថយន្ត​ខាងលើ​ រួមទាំង​រថយន្ត​ម៉ាកសាំយ៉ុង ព្រមទាំង​ម៉ូតូ​ និង​ម៉ូតូសណ្ដោង​​រ៉ឺ​ម៉ក​ដឹក​ដែក​ ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ