ខេត្តពោធិ៍សាត់ ៖ ភ្ញៀវដែលទៅចូលរួមក្នុងពិធីជប់លៀងមង្គលការកូនអ្នកស្រុកមួយកន្លែង បានរត់ចែកផ្លូវគ្នាទាំងព្រលឹងចុងសក់ ព្រោះតែខ្លាចត្រូវនឹងកៅអី ដំបង និងដុំថ្ម ដែលភាគីកូនកំលោះនិងភាគីកូនក្រមុំបើកឆាកប្រយុទ្ធគ្នាយ៉ាងក្រពុលមុខ ខណៈភ្ញៀវកំពុងទទួលទានអាហារផឹកស្រាសប្បាយ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង២និង៣០នាទីរសៀល នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ។
សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ មានពិធីការកូនអ្នកស្រុកមួយនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ។ ពិធីជប់លៀងបានដំណើរការតាំងពីម៉ោង១១ព្រឹក ដោយមានភ្ញៀវចូលរួមរាប់រយនាក់ និងមានតន្ត្រីរាំកម្សាន្តផងដែរ។ លុះនៅវេលាម៉ោង២និង៣០នាទីរសៀល ខណៈភ្ញៀវមួយចំនួនបានចេញជាបណ្ដើរៗ និងមួយចំនួនទៀតនៅបន្តសប្បាយនៅឡើយនោះ ភាគីកូនកំលោះអស់ស្រាផឹកក៏ហៅយកថែម តែភាគីខាងកូនក្រមុំមិនបានយកមកឲ្យភ្លាមទេ ។
ដោយដាច់ស្តុកយូរពេក ធ្វើឲ្យភាគីខាងកូនកំលោះអន្ទះអន្ទែងបម្រុងដកលុយពីក្នុងហោប៉ៅឲ្យគេទៅទិញស្រាពីក្រៅមកផឹក ប៉ុន្តែភាគីខាងកូនក្រមុំមកទាន់ក៏ឃាត់មិនឲ្យទិញព្រោះស្រាមិនទាន់អស់នៅឡើយ គ្រាន់តែអ្នកបម្រើមានការឆកល្វែងប៉ុណ្ណោះ ។
ខណៈនោះ ភាគីខាងកូនកំលោះម្នាក់បានពោលពាក្យថា អាពួកស្រុកស្រែបានតែវាយសម្លាប់ចោល ។ ដោយសារសម្តីចោលដឹងទាំងដងនេះ ក៏ផ្ទុះជម្លោះរវាងភាគីកូនកំលោះនិងភាគីកូនក្រមុំ រហូតផ្ទុះហិង្សាដេញវាយគ្នាផ្អើលពេញរោងការតែម្ដង បណ្ដាលឲ្យភ្ញៀវដែលកំពុងផឹកស៊ីសប្បាយភ័យរត់ជាន់ជើងគ្នា ។
សមត្ថកិច្ចឲ្យដឹងថា ភាគីកូនកំលោះមានគ្នា៧នាក់ ឯភាគីកូនក្រមុំមានគ្នា៦នាក់ ហើយជាលទ្ធផលនៃអំពើហិង្សានេះ បណ្ដាលឲ្យភាគីកូនកំលោះ២នាក់រងរបួស គឺឈ្មោះ ម៉ន ម៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន(របួសភ្នែកខាងស្ដាំ) និងឈ្មោះ ម៉នធីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្នស់តាចាប ឃុំស្នាមព្រះ ស្រុកបាកាន (របួសមុខខាងស្ដាំ) ។
បច្ចុប្បន្ន អ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយភាគីទាំងសងខាងបានព្យាយាមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ។ ករណីបែបនេះ អាចទើបតែកើតមានជាលើកទីមួយនៅខេត្តពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ