ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​៖​ត្រី​ប្រហុក​ផ្អក​ឆ្នាំ​នេះ​សម្បូរ​ជាង​ឆ្នាំ​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋបាល​ជលផល​បាន​អះអាង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ឆ្នាំ​នេះ​សម្បូរ​ជាង​ឆ្នាំ​មុន ហើយ​ប៉ុន្មាន​ថ្ងៃនេះ ត្រី​កំពុង​ត្រូវ​ខ្លាំង ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ អាច​មក​ធ្វើ​ប្រហុក​ផ្អក​តាម​តម្រូវការ​បាន ។ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ត្រី​ទឹកសាប​នៅ​គន្លង​ដៃ​នេសាទ​ជួរ​លេខ​១៣…

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋបាល​ជលផល​បាន​អះអាង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ឆ្នាំ​នេះ​សម្បូរ​ជាង​ឆ្នាំ​មុន ហើយ​ប៉ុន្មាន​ថ្ងៃនេះ ត្រី​កំពុង​ត្រូវ​ខ្លាំង ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ អាច​មក​ធ្វើ​ប្រហុក​ផ្អក​តាម​តម្រូវការ​បាន ។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ត្រី​ទឹកសាប​នៅ​គន្លង​ដៃ​នេសាទ​ជួរ​លេខ​១៣ ១៤ និង​លេខ​១៥ ស្ថិត​ក្នុង​ឃុំ​កោះ​ចិន និង​ពាម​ជី​និ​ត ស្រុក​ពញាឮ ខេត្តកណ្តាល លោក អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា ត្រី​បាន​ត្រូវ​ខ្លាំង​ក្នុង​រយៈពេល​២-៣​ថ្ងៃនេះ បើ​ទោះបី​អាកាសធាតុ​មិន​អំណោយផល ភ្លៀង​និង​ព្យុះ​កើតឡើង​នៅ​តំបន់​បឹង​ទន្លេសាប​ក្តី​។
លោក​បញ្ជាក់​ថា ៖« នៅ​តាម​គន្លង​ជួរ​នេសាទ​នីមួយ​ៗ​ក្នុង​១​ម៉ោង​ឬ​កន្លះ​ម៉ោង អាច​លើក​បាន​ត្រី​ចន្លោះ​ពី​៥០០​គីឡូក្រាម ទៅ​១​តោន ភាគច្រើន​ជា​ត្រី​ធ្វើ​ប្រហុក​ផ្អក »​។

លោក អេ​ង ជា​សាន បាន​បញ្ជាក់​បន្ថែម​ថា ៖« ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក តម្លៃ​សមរម្យ​ចាប់ពី​ពី​៨០០​ទៅ​ជាង​១​ពាន់ ឬ​២​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ទៅ​តាម​ទំហំ​និង​ប្រភេទ​ត្រី »​។ លោក​បន្ថែម​ថា ៖« ត្រី​ឆ្នាំ​នេះ​សម្បូរ​ជាង​ឆ្នាំទៅ ដោយសារ​ទឹក​ឡើង​ធំ​តាំងពី​ដើមឆ្នាំ លិច​បឹងបួរ ធ្វើ​ឲ្យ​ត្រី​ចរាចរណ៍​ស្វែងរក​ចំណី​បាន​យ៉ាង​ងាយស្រួល គួប​ផ្សំ​នឹង​ការ​លែង​ត្រី​មេ​ពូជ​ក្នុង​ដែន​ជំរក​ធម្មជាតិ និង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម ធ្វើ​ឲ្យ​ផល​ត្រី​កាន់តែ​សម្បូរ »​។

ប្រធាន​រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក​ផ្អក​ឬ​ត្រីឆ្អើរ ត្រូវ​រួសរាន់​ទៅ​ធ្វើ​បន្ត​ទៀត​រហូត​ដល់​ពាក់កណ្តាល​ស​ប្តា​ហ៍​នេះ ដោយ​ត្រី​មិន​ខ្វះ​ឡើយ ហើយ​មាន​តម្លៃ​សមរម្យ​ក្រោម​១.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ។

អ្នកស្រី សាយ ហិន មក​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​តែងតែ​មក​ធ្វើ​ប្រហុក​ផ្អក​នៅ​ទី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ចែកចាយ​ដល់​កូនចៅ​ក្នុង​ក្រុម​គ្រួសារ​ទុកជា​ស្បៀង​បំរុង​ទុក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។
យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​រដូវ​ធ្វើ​ប្រហុក ផ្អក របស់​រដ្ឋបាល​ជលផល កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​កម្ពស់​ទឹកទន្លេ​សាប​ស្រក​ចុះ​លឿន​ជាង​ឆ្នាំ​កន្លង​មក ជា​ហេតុ​ធ្វើ​ឲ្យ​ដាយ​នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​អាច​នេសាទ​ត្រី​បាន​ក្នុង​ខែ​មិគសិរ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០​ខែធ្នូ ។

ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ផល​ត្រី​នៅ​រដូវ​នេសាទ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ កន្លង​មក លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​នៅ​ទី​ជិត​ឆ្ងាយ​អញ្ជើញ​មក​ធ្វើ​ប្រហុក ផ្អក​ទុក​បរិភោគ​ក្នុង​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ