ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ភ័យ​ខ្លាច​…​ពេល​ដឹង​ថា​ខ្លា​ចេញពី​ព្រៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គោមួយ​ក្បាល​បាន​ងាប់​ដោយ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ដែល​គេ​សង្ស័យ​ថា​គោ​នោះ​អាច​ងាប់​ដោយសារ​ខ្លា​ដ៏​ធំ​មួយ​ក្បាល​ចូល​មក​ខាំ​បម្រុង​ស៊ី នា​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែធ្នូ នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ។…

ខេត្តបាត់ដំបង ៖ គោមួយ​ក្បាល​បាន​ងាប់​ដោយ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ដែល​គេ​សង្ស័យ​ថា​គោ​នោះ​អាច​ងាប់​ដោយសារ​ខ្លា​ដ៏​ធំ​មួយ​ក្បាល​ចូល​មក​ខាំ​បម្រុង​ស៊ី នា​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែធ្នូ នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា គោ​ដែល​ងាប់​នោះ​មានស្នាម​របួស​ត្រង់​ក​ផ្នែក​ខាងលើ និង​បូក មិន​តែប៉ុណ្ណោះ​ថែម​ទាំង​បាក់​ក​ទន់រ​ងាក​ទៀត​ផង ។ បើ​តាម​ម្ចាស់​គោ​ឈ្មោះ ស៊ុន ភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​បានដឹង​នៅ​ពេល​ព្រឹក​ឡើង ខណៈ​ឃើញ​គោ​ងាប់​ទៅ​ហើយដោយ​មាន​ស្នាម​របួស​និង​ឈាម​នៅ​ក ។ ពេល​នោះ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ទាំង​អ្នក​ភូមិ​និង​រូប​គាត់​បាន​ដាក់​ការ​សង្ស័យ​ថា គោ​របស់​គាត់​អាច​ងាប់​ដោយសារ​ខ្លា​ចូល​មក​ខាំ ព្រោះ​មាន​ស្នាម​ចង្កូម​ជា​ច្រើន​កន្លែងទំហំ​ប៉ុន​ៗ​ម្រាមដៃ​និង​ជម្រៅ​លេច​មួយ​ចង្អុលដៃ មាន​ស្នាម​ក្រចក​ពេញ​លើ​ខ្នង ហើយ​ថែម​ទាំង​បាក់​ក​ទន់រ​ងាក​ទៀត​ផង ។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា ខ្លា​នោះ​បាន​ខាំ​គោ​ងាប់​ហើយ​បម្រុង​ហែក​ស៊ី​តែ​ម្តង តែ​វា​ត្រូវ​រំខាន​ពេល​កំពុង​ខាំ​ស៊ី​គោ ដោយសារ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ដើរ​តាម​ថ្នល់ ដែល​ពួក​គេ​ទើប​ចេញពី​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ភូមិ ហើយ​វា​ក៏​ផ្អើល​រត់​ចូល​ព្រៃ​វិញ​បាត់​ទៅ ។ អ្នក​ភូមិ​បាន​បញ្ជាក់​ដែរ​ថា ខ្លា​ដ៏​ធំ​នោះ​ជា​ប្រភេទ​ខ្លាដំបង មាន​​ប្រភព​មក​ពី​ជួរ​ភ្នំក្រវាញ ។ អ្នក​ភូមិ​តែង​ប្រទះ​ឃើញ​ដាន​ខ្លា​កំណាច​នេះ​ជា​រឿយ​ៗ នៅ​តាម​ចម្ការពោត ឬ​នៅ​ក្បែរ​ៗ​ភូមិ​នៅ​តំបន់​នោះ​។

ប្រភព​ដដែល​និយាយ​ទៀត​ថា កាលពី​ឆ្នាំ​មុន​ខ្លា​ដ៏​ធំ​នេះ​ក៏​ធ្លាប់​លបចូល​ភូមិ​នៅ​តំបន់​នោះ​ដែរ ក្នុង​គោល​បំណ​ង​ស្វែងរក​ចំណី​ដែល​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ដាន ។ ដោយសារ​តែ​ខ្លា​ចេះ​តែ​បង្ហាញខ្លួន​ចូល​ភូមិ​ទាំង​យប់​​អធ្រាត្រ​បែប​នេះ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ថ្ងៃ​ណាមួយ​ខ្លា​នេះ​ចូល​ភូមិ​​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ៕​​

អត្ថបទសរសេរ ដោយ