ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មួយ​រៀបចំ​ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ មាន​ទីធ្លា​ធំ​ត្រូវ​បាន​រៀបចំ​បែប​ពុទ្ធ​មណ្ឌល ។ ការ​រៀបចំ​នៅ​ក្នុង​វត្តមាន​សម្រស់​ដូច​រមណីយដ្ឋាន​ទាក់ទាញ​មហាជន​ឲ្យ​ចង់ទៅ​កម្សាន្ត និង​ធ្វើបុណ្យ​ទាន ។ យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក និង​ការ​បញ្ជាក់​របស់​ព្រះ​តេជគុណ​ធ​ម្មា​លង្កា​រោ ចាន់…

រាជធានី​ភ្នំពេញ​៖ វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ មាន​ទីធ្លា​ធំ​ត្រូវ​បាន​រៀបចំ​បែប​ពុទ្ធ​មណ្ឌល ។ ការ​រៀបចំ​នៅ​ក្នុង​វត្តមាន​សម្រស់​ដូច​រមណីយដ្ឋាន​ទាក់ទាញ​មហាជន​ឲ្យ​ចង់ទៅ​កម្សាន្ត និង​ធ្វើបុណ្យ​ទាន ។

យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក និង​ការ​បញ្ជាក់​របស់​ព្រះ​តេជគុណ​ធ​ម្មា​លង្កា​រោ ចាន់ សុជន ព្រះ​ចៅអធិការ​វត្ត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ទី​វត្ត​ដែល​ព្រះ​អង្គ​រមែង​បង្ហោះ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព ស្អាត​ៗ និង​សមិទ្ធផល ល្អ​ៗ​បម្រើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​នេះ គឺជា​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ស្ថិត​នៅ​ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៦​ចូល​តាម​ផ្លូវ​ក្រួស​ចម្ងាយ​ប្រមាណ​ជា​៧​គីឡូម៉ែត្រ ។ ទី​អា​រ៉ា​ម​នេះ​មាន​ផ្ទៃដី​សរុប​ជាង​៧​ហិ​កតា ដោយ​ក្នុង​ផ្ទៃ​ទាំងមូល​ត្រូវ​បាន​រៀបចំ​កសាង​ជា​សមិទ្ធផល​បម្រើ​ឲ្យ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​នឹង​ពុទ្ធ​មណ្ឌល ធំ​ៗ​ផង​ដែរ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ល្អ​ជាង ឲ្យ​ស្អាត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពុទ្ធបរិស័ទ​នៅ​ទូ​ទាំង​ប្រទេស និង​អ្នកទេសចរ ។

ព្រះ​តេជគុណ​បញ្ជាក់​ថា សមិទ្ធផល​នៅ​ក្នុង​ទី​អារាម​សុទ្ធតែ​បាន​ជំនួយ​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ស្រុក​គ្រប់​ទិស​ទី ដោយ​ក្នុង​នោះ​នៅ​លើ​ផ្ទៃដី​ទាំង​៧៥០០០​ម៉ែត្រការ៉េ​របស់​វត្ត​នឹង​ស្ថាបនា​ជា​ទម្រង់​ប្រវត្តិ​ព្រះពុទ្ធ និង​ជា​សមិទ្ធផល សំខាន់​ៗ ផ្សេង​ៗ ដើម្បី​ឲ្យ​ទី​អារាម​មួយ​នេះ​ក្លាយជា​សារមន្ទីរ​បង្ហាញ​ទម្រង់​ក្នុង​ជំនឿ​ព្រះពុទ្ធ​ធំ​មួយ និង​ដើម្បី​ឲ្យ​អ្នក​ចង់​បួស​រៀន និង​ចង់បាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ផ្លួ​វ​ចិត្ត មាន​កន្លែង​មក​តាំងសមាធិ និង​សន្សំ​សុខ​ផ្លូវចិត្ត​ផង ។

ព្រះ​ចៅអធិការ​កំពុង​ដឹកនាំ​កសាង​សមិទ្ធផល ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​វត្ត ដោយ​ក្នុង​ពេល​នេះ​ព្រះ​អង្គ​ត្រៀម​នឹង​កសាង​ពុទ្ធបដិមា​មួយ​អង្គ​កម្ពស់​៨០​ម៉ែត្រ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ព្រះពុទ្ធ​បដិមា​ធំ និង​ខ្ពស់​ជាង​មួយ​អង្គ​ទុកជា​និមិត្តរូប​នៃ​ព្រះពុទ្ធ​សាសនា ។

វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​១៩៣៨ តែ​ត្រូវ​បំផ្លាញ​ក្នុង​សម័យ​ប៉ុ​ល ពត ។ បាន​រៀបចំ​ជា​វត្ត​ពេញលេញ​ឡើង​វិញ​ចាប់ពី​ឆ្នាំ​២០១០ និង​ចាប់ផ្ដើម​កសាង​ជា​រមណីយដ្ឋាន​បម្រើ​ឲ្យ​ព្រះពុទ្ធ​សាសនា​អំឡុង​ឆ្នាំ​២០១៣ ។ វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់​មាន​ព្រះសង្ឃ​គង់នៅ​សរុប​ចំនួន​១៧៣​អង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ