ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ស្វាយ​មិនសូវ​បាន​ផល​នោះ​ទេ ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ការ​នាំ​ចេញ​ស្វាយកែវ​រមៀត​ទៅ​ប្រទេស​វៀតណាម​ឆ្នាំ​នេះ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​តម្រូវការ​លើ​ទីផ្សារ​កើនឡើង​ខ្ពស់ ។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​កសិករ​ផលិត​ស្វាយ​មិន​បាន ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ជ្រុះ​ផ្កាស្វាយ នាំ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ។…

ខេត្តកំពង់ស្ពឺ ៖ ការ​នាំ​ចេញ​ស្វាយកែវ​រមៀត​ទៅ​ប្រទេស​វៀតណាម​ឆ្នាំ​នេះ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​តម្រូវការ​លើ​ទីផ្សារ​កើនឡើង​ខ្ពស់ ។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​កសិករ​ផលិត​ស្វាយ​មិន​បាន ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ជ្រុះ​ផ្កាស្វាយ នាំ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ ។

លោក អុ​ិ​ន ឆៃ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​ប្រមូល​ផល​ស្វាយ គឺ​ចាប់ពី​ដើមខែ​តុលា​រហូត​ដល់​ខែឧសភា ទាំង​ស្វាយ​ត្រូវ​រដូវ​និង​ខុសរដូវ ។​លោក​បន្ដ​ថា នៅ​ឆ្នាំ​នេះ កសិករ​ដាំ​ស្វាយ​មិនសូវ​បាន​ផល​នោះ​ទេ ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ចំ​ពេល​ដែល​ស្វាយ​កំពុង​ចេញ​ផ្កា​បណ្ដាល​ឲ្យ​ខូច និង​ជ្រុះ​អស់​មួយ​ចំនួន​ធំ ។ ទោះជា​យ៉ាងនេះ​ក្ដី តម្លៃ​ហាក់​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្ដិច និង​មាន​តម្រូវការ​ច្រើន ។​
​លោក​បញ្ជាក់​ថា ៖« កាលពី​ឆ្នាំ​២០១៧ ក្នុង​ខែវិច្ឆិកា​នេះ ស្វាយ​សម្បូរ​ច្រើន ។ ចំណែក​តម្លៃ​លក់​បាន​តែ​៧០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ប៉ុន្ដែ​ឆ្នាំ​នេះ​តម្លៃ​កើនឡើង​ពី​៩០០​ទៅ​១.០០០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ក្នុង​១​ថ្ងៃ យើង​អាច​ផ្គត់ផ្គង់​ដល់​ដៃគូ​បញ្ជា​ទិញ​បាន​ពី​៣០​ទៅ​៤០​តោន បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន មាន​ចំនួន​ចាប់ពី​៥០​ទៅ​៧០​តោន ។ ដូច្នេះ​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ​ច្រើន »​។

លោក អុ​ិ​ន ឆៃ​វ៉ា​ន បាន​បន្ដ​ថា ក្នុង​រយៈពេល​២​ខែ ចាប់ពី​ខែតុលា ដល់​ខែវិច្ឆិកា​នេះ យើង​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​វៀតណាម​ប្រមាណ​ជិត​១.០០០​តោន​ហើយ »​។ លោក​បាន​បន្ថែម​ថា ៖« បើ​និយាយ​ពី​តម្រូវការ​ទីផ្សារ​វិញ សព្វ​ថ្ងៃនេះ​គេ​ត្រូវការ​ស្វាយ​ច្រើន​ណាស់ តែ​យើង​អត់​មាន​លទ្ធភាព​ក្នុង​ការ​ផលិត​ឱ្យ​គេ ព្រោះ​ការ​ផលិត​របស់​យើង​ប្រឈម​នឹង​កត្តា​អាកាសធាតុ ហើយ​បើសិន​យើង​មាន​ឱ្យ​កាស​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ​ប្រទេស​ចិន ឬ​បណ្តា​ប្រទេស​ដទៃ​ទៀត​នោះ ខ្ញុំ​គិត​ថា ទីផ្សារ​ស្វាយ​យើង​កាន់តែ​មានឱកាស​ច្រើន​ថែម​ទៀត ដូច្នេះ​កសិករ​គួរ​រក​បច្ចេកទេស​ដាំ​ដុះ​ឲ្យ​បាន​ល្អ » ។

បើ​តាម​លោក សួន ម៉ា​រ៉ា ជា​ឈ្មួញ​នាំ​ចេញ​ផ្លែស្វាយ​ពី​ខេត្តកំពង់ស្ពឺ ទៅ​លក់​ឲ្យ​វៀតណាម​តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ផ្លែស្វាយ​នៅ​ប្រទេស​វៀតណាម​សព្វថ្ងៃ គឺ​ស្វាយ​លេខ​១ លក់​បាន​តម្លៃ​១.១០០​ទៅ​១.២០០​រៀល​, លេខ​២​លក់​បាន​តម្លៃ​៩០០​ទៅ​១.០០០​រៀល និង​លេខ​៣ តម្លៃ​៧០០​រៀល​ក្នុង​១​គីឡូក្រាម តែ​ពេល​ខ្លះ​ស្វាយ​លេខ​១ ក៏​ត្រូវ​វៀតណាម​ទម្លាក់​ថ្លៃ​ដល់​៩០០​រៀល​ក្នុង​១​គីឡូក្រាម​ក៏​មាន​ដែរ ។ យោង​តាម​របាយការណ៍​ពី​មន្ត្រី​កសិកម្ម​ឱ្យ​ដឹង​ថា ស្វាយកែវ​រមៀត​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម​ពី​១០​ទៅ​២០​តោន​ក្នុង​១​ហិ​កតា ដោយ​ប្រមូល​ផល​២​ដង​ក្នុង​១​ឆ្នាំ និង​ក្នុង​១​ដង​អាច​លក់​បាន​ពី​១០​ទៅ​២០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ