ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ឃើញ​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​គ្រោងទុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្ដងទៀត មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៩ ។ ការ​អះអាង​បែប​នេះ ដោយ​ផ្អែក​ទៅ​លើ​ផែនការ​កម្មវិធី​ដែល​ក្រុមហ៊ុន​វិនិយោគ​កំពុង​ដំណើរ​សកម្មភាព​សព្វថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្ដងទៀត មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៩ ។ ការ​អះអាង​បែប​នេះ ដោយ​ផ្អែក​ទៅ​លើ​ផែនការ​កម្មវិធី​ដែល​ក្រុមហ៊ុន​វិនិយោគ​កំពុង​ដំណើរ​សកម្មភាព​សព្វថ្ងៃ ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​ស្តី​ពី​ការ​រំពឹង​ទុក​ចំពោះ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩​តាម​ផែនការ​គ្រោងទុក ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​កំពុង​ធ្វើ​លទ្ធកម្ម​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សាងសង់​ក្បាល​អណ្តូង និង​ជ្រើសរើស​ក្រុមហ៊ុន​ខួងអណ្តូង ។ លោក​បញ្ជាក់​ថា ៖« ឥឡូវនេះ ក្រុមហ៊ុន​កំពុងធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​នាវា​ធ្វើ​លទ្ធកម្ម ហើយ​គាត់​កំពុង​ជួសជុល​កប៉ាល់ ដើម្បី​ត្រៀម​មក​ធ្វើការ​នៅ​ក្នុង​តំបន់​ប្លុក​A​នេះ »​។ លោក​ថា ៖« ការងារ​ទាំងអស់​ដែល​យើង​បាន​ឯកភាព គឺ​ក្រុមហ៊ុន​កំពុង​តែ​អនុវត្ត ហើយ​យើង​មានការ​ប្រជុំ​បូក​សរុប​ជាមួយ​ក្រុមហ៊ុន​រយៈពេល​៦​ខែ​ម្តង ។ អីចឹង បានជា​យើង​អះអាង​ថា ផែនការ​នេះ​គឺ​នៅ​ចុងឆ្នាំ​២០១៩ យើង​នឹង​ទទួល​បាន​ដំណក់​ប្រេង »​។

លោក​លើក​ឡើង​ថា ប្រេង​ដែល​បាន​រក​ឃើញ ទើបតែ​មាននៅ​ក្នុង​ប្លុក​A ក្នុង​តំបន់​អប្សរា​ទេ ហើយ​កម្រិត​អាច​ធ្វើ​អាជីវកម្ម​បាន ក្នុង​នោះ មាន​ប្លុក​A​និង​B ដែល​អាច​វាយតម្លៃ​ដំបូង​មាន​ប្រមាណ​៣០​លាន​បារ៉ែល​ក្នុង​រយៈពេល​ផលិត​៩​ឆ្នាំ ។ លោក​អគ្គនាយក​បន្ដ​ថា ៖« ទន្ទឹម​នឹង​កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​នេះ យើង​ក៏​កំពុង​រៀបចំ​ច្បាប់ ស្តី​ពី ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដែល​ជិត​បញ្ជូន​ទៅ​ដល់​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​សម្រេច ហើយ​បន្ដ​ដាក់​ឆ្លង​អង្គ​សភា និង​ព្រឹទ្ធសភា ។ លោក​បញ្ជាក់​ថា ៖« ច្បាប់​យើង​នេះ​ជិត​ចេញ ហើយ​។ ទន្ទឹម​នេះ យើង​រៀបចំ​យន្តការ​គ្រប់គ្រង ការ​ពង្រឹង​អភិបាលកិច្ច ពង្រឹង​ជំនាញ​ដល់​មន្ត្រី ពង្រឹង​បទដ្ឋាន​គតិ​យុ​ត្ត ដូច​ជា អនុក្រឹត្យ ដើម្បី​អនុវត្ត​ច្បាប់​ប្រេងកាត »​។

បើ​តាម​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​នាំ​ចូល​ប្រេង​គ្រប់​ប្រភេទ​មក​ពី​បរទេស​មាន​ប្រមាណ​២​លាន​តោន ក្នុង​១​ឆ្នាំ​ៗ ។ កម្ពុជា​មាន​ធនធាន​ប្រេងកាត​នៅ​ដែន​គោក​ប្រមាណ​១៩​ប្លុក​, ដែនសមុទ្រ​៦​ប្លុក​(A-F) និង​តំបន់​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ៤​តំបន់ ។ នៅ​ពេល​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​នោះ កម្ពុជា​រំពឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​តាម​រយៈ​ចំណូល​សារពើពន្ធ​, មាន​សន្ដិសុខ​ថាមពល​, កំណើន​ឧស្សាហកម្ម​ពាក់ព័ន្ធ​,​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​នោះ នឹង​ទាក់ទាញ​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក​, បង្កើន​ផលិតផល​ក្នុងស្រុក​សរុប ,​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​ចំណេះដឹង និង​បង្កើន​ចំណូល​ប្រជាពលរដ្ឋ ផង​ដែរ ។

ក្រៅពី​ប្លុក​A ធនធាន​ប្រេង​ក្នុង​ដែនសមុទ្រ​របស់​កម្ពុជា នៅ​មាន​ប្លុក​ដទៃ​ទៀត​ដែល​សុទ្ធតែ​មាន​សក្ដានុពល​ក្នុង​ការ​វិនិយោគ ហើយ​ក៏​មាន​វិនិយោគិន​កំពុង​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ និង​ការ​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ត្រូវ​គ្នា ទើប​វិនិយោគិន​ទាំងនោះ​មិន​ទាន់​មាន​សកម្មភាព ។ ទោះជា​យ៉ាងណា បន្ទាប់​ពី​ដំណើរការ​បូម​ប្រេង​ចេញពី​អណ្តូង​អប្សរា​នេះ​ទៅ ប្លុក​ប្រេង​ទាំងនោះ​នឹង​ត្រូវ​បាន​វិនិយោគ​ជា​បន្ដបន្ទាប់​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុ ន​KRISENGERGY បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រុមហ៊ុន SJ Production Barge Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន បាន​ផ្តល់​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​Keppel Shipyard Ltd ដើម្បី​ធ្វើការ​កែ​លម្អ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​នាវា​ផលិតកម្ម​របស់​ខ្លួន ដែល​មាន​តម្លៃ​២២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រុមហ៊ុន KRISENERGY បាន​និង​កំពុង​រុករក​ប្រេង​ពី​តំបន់​ប្លុក​A ដែល​មាន​ទំហំ​៣​ពាន់​គីឡូ​ម៉ែត្រការ៉េ ដែល​ជា​តំបន់​មាន​ជម្រៅ​ទឹក​ចន្លោះ​ពី​៥០​ទៅ​៨០​ម៉ែត្រ មាន​ចម្ងាយ​ប្រមាណ​១៧០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ។ក្រុមហ៊ុន​បាន​ប្រកាស​ថា ៖« ខ្លួន​នឹង​អាច​ទាញ​យក​ដំណក់​ប្រេង​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ​នេះ​នៅ​ដែនសមុទ្រ​របស់​កម្ពុជា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ